ជាតិ
សង្គមជាតិ
ឧកញ៉ា ម៉ុង ឫទ្ធី ប្រកាសគាំទ្រអភិបាលខេត្តកំពង់ស្ពឺ ដែលលុបបំបាត់ផ្ទាំងពាណិជ្ជកម្មស្រាបៀទាំងអស់
23, May 2021 , 4:40 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់លោក ម៉ុង ឫទ្ធី
រូបពីទំព័រហ្វេសប៊ុករបស់លោក ម៉ុង ឫទ្ធី
បញ្ជារបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឲ្យរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដែលមាននៅតាមដងផ្លូវនិងតាមទីតាំងនានា ក្នុងខេតក្តកំពង់ស្ពឺ មិនត្រឹមតែទទួលបានការពេញចិត្តពីសាធារជននោះទេ តែក៏ស្របនឹងបំណងរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ដែរ។


តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោក ម៉ុង ឫទ្ធី សេដ្ឋីកសិកម្ម និងជាសមាជិកព្រឹទ្ធសភា ប្រកាសដូច្នេះថា៖«រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ​ខ្ញុំ ឃើញនៅតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ចុះផ្សាយ​ព្រោងព្រាត ​ដោយ​គាំទ្រ​ចំណាត់ការ​ឯកឧត្ដម​អភិបាល​ គណៈអភិបាល​ខេត្ត​កំពង់​ស្ពឺ​ ដាក់​បញ្ជាឲ្យ​រុះរើ​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក់​គ្រឿងស្រវឹង​ រូបខ្ញុំ​ផ្ទាល់ ​ក៏គាំទ្រ​ចំណាត់ការ​នេះ ​ដូច​ប្រិយមិត្តយើងដែរ»។



ដោយសារសង្កេតឃើញ​នៅតាមដងផ្លូវ​ជាច្រើន មានដាក់​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹងយ៉ាង​ស្អេកស្កះ លោកឧកញ៉ារូបនេះ ធ្លាប់សំណូមពរឲ្យប្រជាពលរដ្ឋ រុះរើប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងនោះចេញវិញ។ លោក រម្លឹកថា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូមួយខ្សែងប្រវែងជិត៦គីឡូម៉ែត្រ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីដើមខែមករា ឆ្នាំ២០២១ លោក បានសំណូមពរឲ្យប្រជាពលរដ្ឋ ដកប៉ាណូផ្សព្វផ្សាយពាណិជ្ជគ្រឿងស្រវឹងចេញពីមុខផ្ទះរបស់ពួកគាត់ជាមុនសិន ទើបលោក យល់ព្រមសាងសង់ផ្លូវនេះឲ្យ។ 

លោកបណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍សង្គមនិងនយោបាយ បានចែករំលែកសំណេររបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ហើយបានបញ្ចេញយោបល់ថា៖«ខ្ញុំ គិតថា យើងពិតជាអាចបាន នៅពេលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ចាប់ផ្តើមធ្វើរឿងនេះទាំងអស់គ្នា្នដូចខាងលើ»។

លោក មាស នី បន្តទៀតថា ជំងឺកូវីដ-១៩ សម្លាប់មនុស្ស២ឬ៣នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ តែគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការទទួលទានគ្រឿងស្រវឹង កំពុងសម្លាប់មនុស្សលើសពីជំងឺកូវីដ-១៩ ពី២ដងទៅ៣ដងឯណោះ ដោយមិនទាន់រាប់បញ្ចូលនូវអំពើហិង្សានិងការកើតជំងឺផ្សេងៗនោះទេ។

សង្គមស៊ីវិល បញ្ញវន្ត និង ប្រជាពលរដ្ឋទូទៅ បានគាំទ្រខ្លាំងចំពោះលោក វ៉ី សំណាង ដែលចេញបញ្ជានៅចុងខែឧសភា ឆ្នាំ២០២១នេះ ឲ្យរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ។ លោក វ៉ី សំណាង មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២១ ខែឧសភា ថា ខេត្តកំពង់ស្ពឺ ជាស្រុកកំណើតរបស់អ្នកប្រាជ្ញខ្មែរ មានសម្តេចព្រះសង្ឃរាជ ជួន ណាត ជាដើម ដូច្នេះ មិនត្រូវឲ្យមានផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងឡើយ។

មានប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មមួយចំនួនហើយ ក្នុងខេត្តកំពង់ស្ពឺ ដែលបង្ហាញការគាំទ្រលើចំណាត់ការបស់លោកអភិបាលខេត្ត ហើយបានស្ម័គ្រចិត្តរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងចេញដោយខ្លួនឯង ដោយមិនចាំបាច់ឲ្យអាជ្ញាធរចុះទៅរុះរើឡើយ។ ចាប់តាំងពីអភិបាលខេត្តកំពង់ស្ពឺ ដាក់ចេញបញ្ជានេះមក ចលនាលើបណ្តាញសង្គម ដែលជំរុញឲ្យបណ្តាខេត្តដទៃ លុបបំបាត់ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងនេះ គឺកាន់តែផុសផុល៕

អត្ថបទទាក់ទង

Tag:
 ម៉ុង ឫទ្ធី
  គ្រឿងស្រវឹង
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com