ជាតិ
ផ្ទះសសរ១០០នៅក្រចេះ នឹងក្លាយជាសារមន្ទីរតាំងសម្ភារប្រើប្រាស់បុរាណៗ
23, May 2021 , 7:39 pm        
រូបភាព
ដោយ៖ប៉ូ សុភា

ផ្ទះសសរ១០០ អាយុប្រមាណមួយសតវត្សរ៍ នៅក្នុងក្រុងក្រចេះ នឹងក្លាយជាសារមន្ទីរសម្រាប់លម្អសម្ភារចាស់ៗដែលបង្ហាញពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។ផ្ទះ៧ជំនាន់នេះ មានសសរសល់ត្រឹមតែ ៤០ប៉ុណ្ណោះ បន្ទាប់ពីមន្ទីរវប្បធម៌ខេត្តក្រចេះ បានបញ្ចប់ការដំឡើងជាថ្មីកាលពីដើមខែមីនា ឆ្នាំ២០២១។ មន្ទីរវប្បធម៌ គ្រោងធ្វើបុណ្យផ្កា ដើម្បីរៃអង្គាសថវិការទៅពង្រីកទំហំផ្ទះ ឱ្យគ្រប់១០០សសរ។
 
ផ្ទះសសរ១០០នេះ ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ បានទិញពីគ្រួសារមួយនៅក្នុងភូមិកោះកណ្តុរ ស្រុកឆ្លូង នៅឆ្នាំ២០២០។ មន្ទីរវប្បធម៌ខេត្តក្រចេះ បានយកមកជួសជុលក្នុងទីតាំងព្រះវិហាររការកណ្ដាលសង្កាត់រការកណ្ដាល ក្រុងក្រចេះ។ ផ្នែកខ្លះនៃផ្ទះនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងត្រូវបានម្ចាស់ផ្ទះកែលម្អរហូតមក ដែលជាហេតុធ្វើផ្ទៃផ្ទះទាំងមូលរួមតូច។


 រូបផ្តល់ដោយ លោក  ទេព វាសនា 
 
«ផ្ទះសសរ១០០ នេះបានបន្ត៧ជំនាន់មកហើយ។ ពីជំនាន់ទៅមួយជំនាន់ផ្ទះនេះ ពុកផុយបន្តិចម្តងៗ។ ម្ចាស់ផ្ទះ បានកែលម្អជាបន្តបន្ទាប់។ រហូតមកដល់ជំនាន់ទី៧ផ្ទះនេះនៅសល់ត្រឹមតែ៤៨សសរ»។ នេះជាការបញ្ជាក់របស់លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ខេត្តក្រចេះ។
 
មន្ត្រីជំនាញ សង្កេតឃើញថា សសរចំនួន៨ បានទ្រុឌទ្រោមខ្លាំង។ ក្រុមការងារជួសជុល សម្រេចដកសសរនោះចេញ និងដំឡើងផ្ទះដែលមានចំនួនត្រឹមតែ៤០សសរ ដែលជួសជុលជាង ៩ខែ តាមផ្ទះតាមទម្រង និងរចនាបទដើម។ ផ្ទះនេះ ខ្វះសសរចំនួន៦០ទៀត ដើម្បីបញ្ចប់ការជួសជុលទាំងស្រុង។
 
ផ្ទះដែលបានជួសជុលត្រឹមសសរ៤០នេះ មានទទឹង ១៣ម៉ែត្រ និង បណ្ដោយ ២១ម៉ែត្រ។ លោក ឈឹម សុថា ប្រធានការិយាល័យបេតិកភ័ណ្ឌខេត្តក្រចេះ បានឱ្យថា៖ «មន្ត្រីជំនាញ មិនទាន់អាចកំណត់អំពីទំហំ ដែលត្រូវបន្ថែមសម្រាប់សសរចំនួន ៦០ទៀតនៅឡើយទេ។ ប៉ុន្តែយើងអាចប៉ាន់ស្មានបានថា ប្រហែលជាត្រូវការ ពង្រីកចេញផ្នែកខាងមុខ ៨ម៉ែត្រ និងផ្នែកខាងក្រោយ ៣០ម៉ែត្របន្ថែម»។
 


 រូបផ្តល់ដោយ លោក  ទេព វាសនា  
 
បន្ទាប់ពីបានបញ្ចប់សកម្មភាព ជួសជុលរួចរាល់នៅដើមខែមីនា ឆ្នាំ២០២១ ផ្ទះសសរ១០០នេះ បានបើកឱ្យទេសចរ ចូលទស្សនាដោយសេរី និងមិនគិតថ្លៃ ។ ផ្នែកខាងក្នុងផ្ទះ និងផ្នែកខាងក្រៅ មិនបានរៀបចំតាំងលម្អ សម្ភារ និងវត្ថុបុរាណនៅឡើយទេ ដ្បិតតែមិនទាន់មានជាងមកជួសជុល។ 
 
ជាមួយគ្នានេះ មន្ទីរវប្បធម៌ គ្រោងបុណ្យផ្កា ដើម្បីរៃអង្គាសថវិការ ទៅពង្រីកទំហំផ្ទះ ឱ្យគ្រប់១០០សសរ ក្រោយពេលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានបញ្ចប់។ លោក វាសនា បានសំណូមពរដល់ប្រជាជនគ្រប់រូប ដែលមានសម្ភារប្រើប្រាស់ក្នុងផ្ទះចាស់ៗ រួមទាំងឧបករណ៍កសិកម្ម ឬឧបករណ៍នេសាទ ចាស់ៗជាដើម ជួយបរិច្ចាគដល់មន្ទីរវប្បធម៌ ដើម្បីដាក់តាំងនៅក្នុងផ្ទះសសរ១០០៕  
 
 


 រូបផ្តល់ដោយ លោក  ទេព វាសនា 

 រូបផ្តល់ដោយ លោក  ទេព វាសនា 

Tag:
 ផ្ទះសសរ១០០
  ខេត្តក្រចេះ
  រួចរាល
  បុណ្យផ្កា
© រក្សាសិទ្ធិដោយ thmeythmey.com