ជាតិ
សុខភាព
កម្មកររោងចក្រ១០២នាក់ទៀត នៅស្វាយរៀង ឆ្លងកូវីដ-១៩
23, May 2021 , 8:39 pm        
រូបភាព
រោងចក្រយូលី ដែលមានកម្មករឆ្លងកូវីដ-១៩។ រូបថតពីរដ្ឋបាលខេត្តស្វាយរៀង
រោងចក្រយូលី ដែលមានកម្មករឆ្លងកូវីដ-១៩។ រូបថតពីរដ្ឋបាលខេត្តស្វាយរៀង
រដ្ឋបាលខេត្តស្វាយរៀង ប្រកាសរកឃើញកម្មករ-កម្មការិនី១០១នាក់ទៀត នៅរោងចក្រយូលី ក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង សាន់សែល និងកម្មការិនីម្នាក់ នៅរោងចក្រម៉ូរ៉ូប៉ូជី បានឆ្លងជំងឺកូវីដ-១៩។ កម្មករោងចក្រទាំង១០២នាក់នោះ មានអាយុពី១៨ដល់ ៣៨ឆ្នាំ។ នៅមានបុរសវ័យ៧១ឆ្នាំម្នាក់ទៀត ជាពលរដ្ឋរស់នៅក្នុងភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយវៀង ក៏បានឆ្លងជំងឺនេះដែរ។
 
របាយការណ៍ពីរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញថា ក្នុងចំណោមកម្មកររោងចក្រយូលី ចំនួន១០១នាក់ ដែលបានតេស្តវិជ្ជមានកូវីដ-១៩នៅថ្ងៃទី២២ឧសភា គឺមាន៥០នាក់ រស់នៅក្នុងស្រុកកំពង់រោទិ៍,  មាន២០នាក់ រស់នៅស្រុកស្វាយទាប, ១៥នាក់នៅស្រុកស្វាយជ្រុំ , ៨នាក់នៅស្រុករំដួល, ៣នាក់នៅស្រុកស្វាយរៀង, ៣នាក់នៅក្រុងបាវិត និង ម្នាក់ នៅស្រុករមាសហែក។ 
 
ដើម្បីទប់ស្កាក់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ រដ្ឋបាលខេត្តស្វាយរៀងបន្តអំពាវនាវដល់ពលរដ្ឋទាំងអស់ដែលបានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ រួសរាន់ទៅយកសំណាកធ្វើរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃផងដែរ។ 
 
គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុប ដល់ទៅ២៥២០៥នាក់ តែបានជាសះស្បើយវិញ ១៧៧០១នាក់ហើយ ដោយនៅសល់៧៥០៤នាក់ ដែលកំពុងសម្រាកព្យាបាល។ ចំណែកអ្នកស្លាប់ ដោយសារជំងឺនេះ កើនដល់១៧៦នាក់៕ 
 

Tag:
 កម្មកររោងចក្រ
  COVID-19
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com