ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អភិបាលខេត្តកំពង់ស្ពឺ ទុកពេលមួយសប្ដាហ៍ ឲ្យម្ចាស់អាជីវកម្មរុះរើផ្ទាំងផ្សព្វផ្សាយស្រាបៀចេញទាំងអស់
24, May 2021 , 3:48 pm        
រូបភាព
ពលរដ្ឋចូលរួមរុះរើស្លាកគ្រឿងស្រវឹងតាមការណែនាំរបស់អភិបាលខេត្តកំពង់ស្ពឺ។ (រូបពី រដ្ឋបាលស្រុក គងពិសី ខេត្តកំពង់ស្ពឺ)
ពលរដ្ឋចូលរួមរុះរើស្លាកគ្រឿងស្រវឹងតាមការណែនាំរបស់អភិបាលខេត្តកំពង់ស្ពឺ។ (រូបពី រដ្ឋបាលស្រុក គងពិសី ខេត្តកំពង់ស្ពឺ)
ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ទុកពេល១សប្ដាហ៍ឱ្យម្ចាស់អាជីវកម្ម និងក្រុមហ៊ុនគ្រឿងស្រវឹង រុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួនចេញ។ អភិបាលខេត្តរូបនេះ ធ្លាប់បានបញ្ជាក់ថាខេត្តកំពង់ស្ពឺជាស្រុកកំណើតរបស់អ្នកប្រាជ្ញ ដែលមិនត្រូវមានការផ្សព្វផ្សាយគ្រឿងស្រវឹងឡើយ។

 
លោក វ៉ី សំណាង បានបញ្ជាក់ថា ការដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន នៅតាមបណ្ដោយចិញ្ចើមផ្លូវសាធារណៈ បានធ្វើឲ្យបាត់បង់សោភ័ណភាព សេចក្ដីថ្លែថ្នូរ របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តកំពង់ស្ពឺ។ 
 
តាមរយៈសេចក្ដីជូនដំណឹងចុះថ្ងៃទី២៤ឧសភានេះ អភិបាលខេត្តកំពង់ស្ពឺ តម្រូវឲ្យម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហាដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ក្នុងខេត្ត ដែលបានដាក់តាំងផ្សព្វផ្សាពាណិជ្ជកម្មស្រាបៀនៅខាងមុខហាង និងចិញ្ចើមផ្លូវ ត្រូវរុះរើចេញជាបន្ទាន់។  ក្នុងករណីមិនរុះរើក្នុងកាលបរិវច្ឆេទកំណត់នេះនោះទេ អាជ្ញាធរនឹងចុះរើដោយខ្លួនឯង ហើយម្ចាស់អាជីវកម្មនោះ ជាអ្នកទទួលខុសត្រូវចំណាយ និងការខូចខាតនានា។
 
«ក្នុងករណីផុតការបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្ត នឹងចាត់នីតិវិធីរដ្ឋបាលរុះរើ ដោយបន្ទុកចំណាយនិងរាលការខូចខាត គ្រប់ម្ចាស់អាជីវកម្មទាំងអស់ ជាអ្នកទទួលខុសត្រូវ»។ នេះបើតាមការបញ្ជាក់បន្ថែម របស់លោក វ៉ី សំណាង។ 
 
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលនិងបញ្ញវន្ត ចំនួន៣៨ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជា លុបបំបាត់ការផ្សាយគ្រឿងស្រវឹងទាំងស្រុងជារៀងរហូតតែម្តង មិនមែនគ្រាន់តែផ្អាកក្នុងអំឡុងការផ្ទុះជំងឺកូវីដ-១៩នោះទេ។ អ្វី ដែលសង្គមស៊ីវិលរំពឹងចង់បាននោះ គឺកម្ពុជា អាចកាត់បន្ថយឲ្យបានច្រើនតាមតែអាចធ្វើទៅបាន នូវការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹង។ អង្គការសង្គមស៊ីវិល៣៨ បានបង្ហាញការគាំទ្រលើរដ្ឋាភិបាលកម្ពុជា ដែលបានចេញបញ្ជាឲ្យផ្អាកការផ្សាយ ការលក់ និង ការទទួលទានគ្រឿងស្រវឹងនៅទូទាំងប្រទេស ក្នុងអំឡុងប្រទេស កំពុងមានការរាលដាលខ្លាំងនៃជំងឺកូវីដ-១៩៕ 
 
អត្ថបទទាក់ទង
៖ 
 
 
 

Tag:
 ការផ្សព្វផ្សាយស្រាបៀ
 គ្រឿងស្រវឹង
 វ៉ី សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com