ជាតិ
វត្តមានកូនផ្សោតទី៤នៅអន្លង់សត្វផ្សោតកាំពី ខេត្តក្រចេះ
25, May 2021 , 8:59 am        
រូបភាព
រូបភាពផ្ដល់ដោយ WWF-Cambodia
រូបភាពផ្ដល់ដោយ WWF-Cambodia
ដោយ៖ ប៉ូ សុភា


វត្តមានកូនផ្សោតទន្លេមេគង្គថ្មីមួយក្បាល អាយុ២ថ្ងៃ ត្រូវបានក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ប្រទះឃើញ នៅក្នុងតំបន់អន្លង់សត្វផ្សោតកាំពីខេត្តក្រចេះ កាលពីថ្ងៃទី២១ ខែឧសភា។ នេះជាកូនផ្សោតទី៤ បន្ទាប់ពីការប្រទះឃើញវត្តមានកូនផ្សោតទី៣ កាលពីថ្ងៃទី១៦ ខែឧសភា។



កូនសត្វផ្សោតទី៤ នៅក្នុងទន្លេមេគង្គ ត្រូវបានប្រទះឃើញហែលជាមួយហ្វូងផ្សោតពេញវ័យចំនួន ១០ក្បាលទៀត នៅក្នុងតំបន់អន្លង់សត្វផ្សោតកាំពី នៃខេត្តក្រចេះ នៅថ្ងៃទី ២១ ខែឧសភា។ បើតាមអង្គការWWF កូនសត្វផ្សោតទន្លេមេគង្គទើបនឹងកើតថ្មីមួយក្បាលនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រ អបអរសាទរ និងកត់ត្រាទុក បន្ទាប់ពីវត្តមានកូនផ្សោតទី៣ ដែលត្រូវបានប្រទះឃើញនៅថ្ងៃទី១៦ ឧសភា ។
 
ទន្ទឹមនឹងការសាទរចំពោះវត្តមានថ្មីក្នុងឆ្នាំ២០២១ របស់កូនផ្សោតចំនួន៤ក្បាល ដែលបានរកឃើញនោះ ក៏មានការសោកស្តាយចំពោះការបាត់ជីវិតរបស់ផ្សោតចំនួន៤ក្បាលផងដែរ ដោយសារតែមានវ័យចាស់ និង ជាប់នឹងមងនេសាទ។ នេះបើយោងតាមរបាយការណ៍របស់អង្គការWWF។


រូបភាពផ្ដល់ដោយ WWF-Cambodia

ផ្អែកលើអត្រានៃការស្លាប់ក្នុងចំនួនដូចគ្នា ដែលបានកត់ត្រាទុកនៅចន្លោះខែមករា និងឧសភាឆ្នាំ ២០២០ អ្នកវិទ្យាសាស្ត្ររបស់អង្គការ WWF ថា អត្រាស្លាប់នេះ ជានិន្នាការមួយដ៏គួរឱ្យបារម្ភ យ៉ាងខ្លាំងបំផុត។ WWF អំពាវនាវយ៉ាងទទូចអំពីភាពចាំបាច់ក្នុងការរួមសហការគ្នាឱ្យកាន់តែខ្លាំងឡើង ដើម្បីរៀបចំវិធានការអភិរក្សឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ ជិតផុតពូជបំផុត។ លទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ ដោយរដ្ឋបាលជលផល និង អង្គការ WWF បានបង្ហាញថា មានសត្វផ្សោតចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុង ទន្លេមេគង្គកម្ពុជា៕
 
 
 
 

Tag:
 ផ្សោត
  ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com