ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន! កត្តាអ្វីខ្លះអាចជះឥទ្ធិពលដល់ “ភាពមានកូនបានរបស់ស្ត្រី”?
24, May 2021 , 11:29 pm        
រូបភាព
ទម្លាប់មួយចំនួនអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភលើភាពមានកូនបានរបស់ស្ត្រី។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលស្ត្រីគួរចៀសវាងប្រសិនបើចង់ឆាប់មានផ្ទៃពោះ ៖
 
១. អតុល្យភាពនៃអ័រម៉ូន
 
អ័រម៉ូន Estrogen និង អ័រម៉ូន progesterone គឺចាំបាច់ណាស់សម្រាប់ការមានផ្ទៃពោះដោយវាអាចមានឥទ្ធិពលលើពងអូវុលនិងភាពកូនបានរបស់ស្ត្រី។ អ័រម៉ូនទាំងពីរនេះផ្លាស់ប្ដូរវដ្ដនៃការបញ្ចេញពងអូវុលរបស់ស្ត្រី ដូច្នេះអតុល្យភាពនៃអ័រម៉ូនអាចជាកត្តាហានិភ័យចម្បងមួយសម្រាប់ភាពមានកូនបាន។ ចំពោះបុរសវិញអ័រម៉ូនដូចជា prolactin និង estrogen មានឥទ្ធិពលលើការផលិតអ័រម៉ូនមួយប្រភេទទៀតហៅថា testosterone ខណៈដែលវាក៏ជះឥទ្ធិពលដល់ការផលិតមេជីវិតឈ្មោលផងដែរ។
 
២. ការជក់បារី
 
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា ការជក់បារីអាចបង្កគ្រោះថ្នាក់ចំពោះសុខភាព។ ទោះជាយ៉ាងណាតើអ្នកធ្លាប់ដឹងទេថាទម្លាប់នេះក៏អាចជះផលប៉ះពាល់ខ្លាំងដល់ឱកាសនៃការមានផ្ទៃពោះរបស់អ្នកដែរ? នេះក៏ព្រោះតែការជក់បារីអាចបង្កការខូចខាតដល់សុខភាពប្រព័ន្ធបន្តពូជក្នុងរបៀបជាច្រើនរាប់ចាប់ពីការបំផ្លាញស៊ុតដែលកកើតក្នុងអូវែដល់ហានិភ័យនៃបញ្ហារលូតកូន។ ប្រសិនបើអ្នកចង់មានផ្ទៃពោះ និងអាចរក្សាបាននូវសុខភាពល្អកំឡុងពេលពពោះ ចូរបញ្ឈប់ការជក់បារីឱ្យបានឆាប់បំផុត។
 
៣. ការទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិត
 
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ស្ត្រីដែលទទួលទានគ្រឿងស្រវឹង ៣ដង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ គឺពិបាកនឹងមានផ្ទៃពោះជាងស្ត្រីដែលទទួលទានភេសជ្ជៈនេះក្នុងកម្រិតមធ្យម។
 
៤. គេងមិនបានគ្រប់គ្រាន់
 
ការគេងមិនបានស្កប់និងគ្រប់គ្រាន់ក៏ជះឥទ្ធិពលលើភាពមានកូនបានផងដែរ។ មានមូលហេតុច្រើនណាស់ដែលធ្វើឱ្យអ្នកពិបាកមានផ្ទៃពោះដោយសារការគេងមិនបានគ្រប់គ្រាន់។ មូលហេតុទី១នោះ គឺការគេងមិនគ្រប់អាចបង្កឱ្យរដូវមកមិនទៀងដែលជារោគសញ្ញាមួយជំងឺពិបាកមានកូន។ មូលហេតុទី២ គឺការគេងមិនគ្រប់អាចបង្កបញ្ហាអតុល្យភាពនៃអ័រម៉ូន។ ហើយមូលហេតុទី៣នោះ គឺការគេងមិនគ្រប់អាចនាំឱ្យធាត់ជ្រុលដែលជាបញ្ហាមួយជះផលប៉ះពាល់ដល់លទ្ធភាពនៃការមានកូនបានរបស់ស្ត្រី។
 
៥. ការធ្វើលំហាត់ប្រាណច្រើនពេក
 
ការធ្វើលំហាត់ប្រាណ គឺចាំបាច់ណាស់សម្រាប់ពង្រឹងនិងរក្សាសុខភាពរាងកាយ។ ប៉ុន្តែការធ្វើលំហាត់ប្រាណច្រើនពេកអាចជះផលប៉ះពាល់គួរឱ្យបារម្ភចំពោះឱកាសនៃការមានផ្ទៃពោះរបស់អ្នក។ ដូច្នេះប្រសិនបើអ្នកចង់ឆាប់មានផ្ទៃពោះ ចូរកុំដាក់សម្ពាធខ្លាំងពេកចំពោះរាងកាយ។
 
៦. របបអាហារគ្មានសុខភាពល្អ
 
គួបផ្សំនឹងការធ្វើលំហាត់ប្រាណទៀងទាត់ ការជ្រើសរើសអាហារឱ្យបានត្រឹមត្រូវដើម្បីទទួលទាន គឺចាំបាច់ណាស់សម្រាប់សុខភាពនិងសម្រស់របស់អ្នក។ ហើយរបបអាហាររឹតតែសំខាន់ថែមទៀតនៅពេលអ្នកព្យាយាមមានផ្ទៃពោះ។ អ្នកជំនាញជាច្រើនបានឱ្យដឹងថា ទម្លាប់នៃការទទួលទានអាហារមិនល្អអាចនាំឱ្យធាត់ជ្រុល និងពេលខ្លះអាចមានទម្ងន់មិនគ្រប់ដែលកត្តាទាំងពីរនេះអាចបង្កគ្រោះថ្នាក់ដល់ឱកាសនៃការមានកូនបានរបស់ស្ត្រី។
 
៧. ទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនពេក
 
ខណៈដែលកាហ្វេ ឬតែមួយពែង គឺប្រហែលជាមិនបង្កគ្រោះថ្នាក់អ្វីដល់ភាពមានកូនបានរបស់អ្នក ប៉ុន្តែច្រើនពែងក្នុងមួយថ្ងៃពិតជាអាច។ ដូច្នេះដើម្បីជាការប្រសើរអ្នកមិនគួរទទួលទានកាហ្វេអ៊ីនលើសពី ៣០០មីលីក្រាមក្នុងមួយថ្ងៃឡើយ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com