ជាតិ
អភិបាលស្រុកកំពង់ត្រាច សង្ស័យការស្លាប់ជាបន្តបន្ទាប់៨នាក់ ជាករណីពុលស្រា
24, May 2021 , 8:18 pm        
រូបភាព
ភ្នំពេញ៖ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច ខេត្តកំពត អះអាងថា មនុស្សដែលស្លាប់ជាបន្តបន្ទាប់គ្នា៨នាក អាចជាប់ពាក់ព័ន្ធនឹងករណីពុលស្រា។ ចំណែក ៣៤នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
 
នៅល្ងាចថ្ងៃទី២៤ឧសភានេះ លោក អូន ខន បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្នុងស្រុករបស់ខ្លួនមានអ្នកស្លាប់ជាបន្តបន្ទាប់ពីថ្ងៃទី២១ដល់ថ្ងៃ២៤ឧសភា។ លោកកត់សម្គាល់ឃើញថា អ្នកស្លាប់ទាំងនោះភាគច្រើន គឺបានផឹកស្រាប្រភេទតែមួយ ហើយក៏បានចូលរួមកំដរបុណ្យសពបុរសម្នាក់កាលពីថ្ងៃទី២១ផងដែរ។ 
អភិបាលស្រុករូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «មានអ្នក៩នាក់ ក្នុងនោះ៨នាក់បានផឹកស្រាស ទើបសង្ស័យថាពុលស្រា ហើយម្នាក់ទៀតគាត់ស្លាប់នៅថ្ងៃទី២១ មិនចូលក្នុងករណីសង្ស័យពុលស្រាឡើយព្រោះគាត់មានជំងឺរ៉ាំរ៉ៃផង»។ 
 
ពលរដ្ឋ៣៤ផ្សេងទៀត ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល ដោយសង្ស័យថាពុលស្រាផងដែរ។ ក្នុងចំណោម អ្នកទាំង៣៤នាក់ មានស្រ្តី៣នាក់កំពុងសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ 
ជាមួយគ្នាដែរ អាជ្ញាធរបានដកហូតស្រាសប្រមាណ៣៥លីតនិងសាកសួរអ្នកផលិតស្រាបន្ថែមជុំនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ បច្ចុបប្បន្ន អាជ្ញាធរនិងក្រុមជំនាញសុខាភិបាលកំពុងស្រាវជ្រាវនិងពិនិត្យបន្ថែមដើម្បីរកឲ្យឃើញពីមូលហេតុស្លាប់និងពុល។ 
 
ករណីពុលស្រានៅពាក់កណ្ដាលខែឧសភាថ្មីៗនេះ ក៏បានកើតមាននៅស្រុកល្វាឯម ខេត្តកណ្ដាលដែរ គឺបណ្ដាលឲ្យមានអ្នកស្លាប់ជាបន្តបន្ទាប់រហូតជាង១០នាក់៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com