ជាតិ
សង្គមជាតិ
ករណីសង្ស័យពុលស្រាស្លាប់នៅកំពត៖ អាជ្ញាធរឃាត់ខ្លួនអ្នកបិតស្រា២នាក់ និងដកហូតស្រា៦៥លីត្រ
25, May 2021 , 2:09 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រោយពីមានករណីសង្ស័យពុលស្រានៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលបណ្តាលឲ្យមនុស្សចំនួន១០នាក់ស្លាប់នោះ អាជ្ញាធរបានឃាត់ និងសាកសួរទៅអ្នកផលិតស្រាស និងស្រាថ្នាំចំនួន២នាក់ និងកំពុងស្រាវជ្រាវរកប្រភពផលិតសារធាតុមេតាណុល។ នេះបើតាមលោក អូន ខន អភិបាលស្រុកកំពង់ត្រាច ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។
 
 
លោក អូន ខន បានបញ្ជាក់ថា ករណីសង្ស័យពុលស្រានេះបានកើតឡើងតាំងពីថ្ងៃទី២១ ខែឧសភា ក្នុងពិធីជួបជុំបុណ្យសពបុរសម្នាក់។ ប៉ុន្តែក្នុងហេតុការណ៍នោះ គឺមានតែមនុស្សម្នាក់ទេដែលបានស្លាប់។ 
 
បើតាមលោកអភិបាលស្រុកកំពង់ត្រាច បន្ទាប់មកក៏មានអ្នកស្លាប់ជាបន្តបន្ទាប់ទៀត ពោលដោយសារតែមានពលរដ្ឋមួយចំនួនបានទិញស្រាសម្រាប់ទុកពិសានៅគេហដ្ឋានរបស់ខ្លួន។ 
 
«បងប្អូនដែលស្លាប់នោះ គឺគាត់ទិញស្រានោះមកហូប ពេលមេឃភ្លៀង ពេលគាត់ធ្វើពលកម្ម នឿយហត់អីតិចទៅ ដាក់ស្រាតិចទៅ ដេកបាន។ ពួកគាត់តែងតែហូបស្រាទាំងនោះជាប្រចាំមិនដែរមានរឿងអ្វីទេ»។ នេះជាការលើកឡើងរបស់អភិបាលស្រុកកំពង់ត្រាច។ 
 
លោកអភិបាលស្រុកកំពង់ត្រាចបានអះអាងថា ក្រោយពីមានហេតុការណ៍នេះអាជ្ញាធរបានដកហូតស្រាពីអ្នកទិញ អ្នកលក់ និងអ្នកផលិត ចំនួន៦៥លីត្រ។ ទន្ទឹមនេះអាជ្ញាធរក៏បានឃាត់ សាកសួរ ទៅអ្នកផលិតស្រា និងបិតស្រាចំនួន២នាក់ ព្រមទាំងបិទកន្លែងលក់ស្រាចំនួន៧កន្លែង។ មិនតែប៉ុណ្ណោះអាជ្ញាធរក៏កំពុងតែយកស្រាទាំងនោះទៅពិសោធន៍រកមូលហេតុពិតប្រាកដ។ 
 
ក្រោយពីរកមូលហេតុច្បាស់លាស់ហើយ ថាពិតជាស្រាទាំងនោះមានសារធាតុមេតាណុលខ្ពស់ពិតប្រាកដមែន អាជ្ញាធរនឹងបញ្ជូនមនុស្ស២នាក់ និងអ្នកលក់មួយចំនួនទៀតទៅដោះស្រាយតាមនីតិវិធីច្បាប់ហើយ។ នេះជាការបញ្ជាក់របស់លោក អូន ខន អភិបាលស្រុកកំពង់ត្រាច។ 
 
បើតាមលោកអភិបាលស្រុកកំពង់ត្រាច គិតត្រឹមថ្ងៃទី២៥ ខែឧសភា មានអ្នកស្លាប់ដោយសារសង្ស័យពុលស្រាចំនួន១០នាក់ ក្នុងនោះស្រី៣នាក់ និងមនុស្សចំនួន៤៤នាក់ ត្រូវបានសង្ស័យពុលស្រាដែរនោះត្រូវបានអាជ្ញាធរបញ្ជូនមកព្យាបាលនៅមន្ទីរបង្អែកខេត្តកំពត ដោយក្នុងនោះគឺមានមនុស្សចំនួន១៩នាក់បានជាសះស្បើយ និងបានត្រឡប់ទៅគេហដ្ឋានវិញ។ 
 
លោក អូន ខន បានបញ្ជាក់ថា ដើម្បីកុំឲ្យមានករណីនេះកើតឡើងទៀត អភិបាលខេត្តកំពតបានអំពាវនាវដល់ពលរដ្ឋកុំពិសាស្រាដែលមិនបានផលិតតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងហាមឲ្យអ្នកផលិតស្រាបញ្ឈប់ការផលិតស្រាដោយប្រើសារធាតុមេតាណុលខ្ពស់។
 
គិតត្រឹមខែឧសភា ឆ្នាំ២០២១ នេះករណីពុលស្រាក៏បានកើតឡើងនៅស្រុកល្វាឯម ខេត្តកណ្តាល ដែលបណ្តាលឲ្យមនុស្សចំនួន១២នាក់បានស្លាប់ផងដែរ៕ 
 
 
 
 
 
 
 
 

Tag:
 ស្រា
© រក្សាសិទ្ធិដោយ thmeythmey.com