ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សន្សំលុយបានច្រើន! ចង់ឱ្យធ្មេញសបែបធម្មជាតិ កុំរំលង “ម្សៅ baking soda”
27, May 2021 , 6:59 am        
រូបភាព
ចង់ឱ្យធ្មេញសជាងមុនបែបធម្មជាតិមិនពិបាកឡើយ!  គួរធ្វើបែបណាទៅ? កុំបារម្ភ! អ្នកអាចរកទិញម្សៅ Baking Soda បានយ៉ាងងាយនៅតាមបណ្ដាផ្សារទំនើបនានា ហើយថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ម្សៅ Baking Soda ធ្វើឱ្យធ្មេញសជាងមុន ៖
 
១. រូបមន្តម្សៅ Baking soda និងទឹកធម្មតា
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់លាយម្សៅ Baking soda ១ស្លាបព្រាកាហ្វេជាមួយទឹកធម្មតាប្រមាណពី ១ ទៅ ២ស្លាបព្រាកាហ្វេឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកសឹមដាក់ល្បាយនេះលើច្រាស់ដុសធ្មេញ រួចចាប់ផ្ដើមដុសសម្អាតធ្មេញដូចពេលធម្មតា។ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ១នាទីសិន សឹមខ្ជាក់ចេញ និងខ្ពុរសម្អាតក្នុងមាត់ជាមួយទឹកធម្មតា។ អនុវត្តជាប្រចាំសម្រាប់រយៈយ៉ាងហោចណាស់ ១សប្តាហ៍។
 
២. រូបមន្តប្រេងដូងនិងម្សៅ Baking soda
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ ស្លាបព្រាបាយជាមួយប្រេងដូង ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមប្រើប្រាស់ល្បាយនេះដុសសម្អាតធ្មេញថ្នមៗសម្រាប់រយៈពេលយ៉ាងហោចណាស់ ២នាទី។ អនុវត្តឱ្យបាន ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
 
៣. រូបមន្តម្សៅ baking soda និងអំបិល
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាកាហ្វេកន្លះ ជាមួយអំបិលកន្លះស្លាបព្រាកាហ្វេ។ បន្ទាប់មកដាក់ល្បាយនេះបន្តិចលើម្រាមដៃនិងដុសពេញលើធ្មេញ។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទីសិន សឹមខ្ពុរសម្អាតក្នុងមាត់ចេញជាមួយទឺកធម្មតា។ បន្តអនុវត្តជាប្រចាំឱ្យបានយ៉ាងហោចណាស់សម្រាប់រយៈពេល ១សប្តាហ៍។
 
៤. រូបមន្តម្សៅ Baking soda ជាមួយថ្នាំដុសធ្មេញ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda កន្លះស្លាបព្រាកាហ្វេជាមួយថ្នាំដុសធ្មេញមានផ្ទុកសារធាតុហ្ល្វ័រអររ៉ាយ (Fluoride) ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកប្រើប្រាស់ល្បាយនេះដុសថ្នមៗលើធ្មេញសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតក្នុងមាត់ជាមួយទឹកធម្មតា។ អនុវត្ត ២ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេលយ៉ាងហោចណាស់ ១ខែ។
 
៥. រូបមន្តម្សៅ Baking soda និងក្រូចឆ្មារ
 
ដាក់ម្សៅ Baking soda ១ចិបលើច្រាស់ដុសធ្មេញ និងបន្ថែមទឹកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ដំណក់ បន្ទាប់មកប្រើប្រាស់ល្បាយនេះលើធ្មេញ។ ខ្ពុរសម្អាតក្នុងមាត់ជាមួយទឹកធម្មតាក្រោយរយៈពេល ១នាទី ហើយអ្នកមិនគួរអនុវត្តរូបមន្តនេះច្រើនជាងម្ដងក្នុងមួយសប្តាហ៍ឡើយ។
 
៦. រូបមន្តម្សៅ Baking soda អំបិល ថ្នាំដុសធ្មេញ និងទឹកក្រូចឆ្មារស្រស់
 
លាយថ្នាំដុសធ្មេញ ១ស្លាបព្រាបាយជាមួយអំបិល ១ចិប ម្សៅ baking soda បន្តិច និងទឹកក្រូចឆ្មារស្រស់ពី ៤ ទៅ ៥ដំណក់ក្នុងចានគោមមួយ។ ដុសសម្អាតធ្មេញជាមួយល្បាយនេះសម្រាប់រយៈពេលពី ៤ ទៅ ៥នាទី សឹមខ្ពុរសម្អាតក្នុងមាត់ជាមួយទឹកធម្មតា។ អនុវត្តម្ដងរៀងរាល់ ២ខែ។
 
ចំណុចត្រូវកត់សម្គាល់ ៖
១. កំឡុងពេលអនុវត្តរូបមន្តនេះ ចូរកុំដុសឱ្យត្រូវអញ្ចាញធ្មេញ ខណៈដែលម្សៅ Baking soda អាចបង្កការរលាកនិងហូរឈាមអញ្ចាញ។
 
២. ប្រសិនបើអ្នកមានជំងឺរលាកអញ្ចាញធ្មេញ ចាំបាច់ត្រូវធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិតសិន មុននឹងប្រើប្រាស់ម្សៅ Baking soda ធ្វើឱ្យធ្មេញស។
 
៣. នៅរាល់ពេលប្រើប្រាស់ម្សៅ Baking soda ចូរធ្វើការលាយវាជាមួយទឹកធម្មតាជាមុនសិន។
 
៤. កុំប្រើប្រាស់រូបមន្តម្សៅ baking soda ប្រសិនបើអ្នកកំពុងពាក់ retainer។
 
៥. កុំបន្តប្រើប្រាស់ម្សៅ Baking soda សម្រាប់រយៈពេលយូរអង្វែងទៅមុខ ខណៈដែលវាអាចបង្កការបំផ្លាញលើកាចាធ្មេញ និងធ្វើឱ្យធ្មេញប្រែជាស្រៀវខ្លាំង។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com