ជាតិ
ពីនេះ ពីនោះ
«តំណក់ និងដំណក់, តក់ និងបន្តក់»មានន័យខុសគ្នាដូចម្តេច?
23, Jul 2023 , 7:29 am        
រូបភាព
«តំណក់ និងដំណក់» ជាពាក្យដែលមានសូរសៀងស្រដៀងគ្នា និងងាយឲ្យពលរដ្ឋប្រើប្រាស់ និងនិយាយច្រឡំអត្ថន័យគ្នា។ ចំពោះពាក្យ«តក់ និងបន្តក់»ក៏ជាពាក្យដែលពលរដ្ឋប្រើប្រាស់ងាយនឹងប្រើច្រឡំគ្នាដែរ។
 
«តំណក់ និងដំណក់»មានថ្នាក់ពាក្យជា នាមសព្ទដូចគ្នា។  «តំណក់»មានន័យថា សភាវៈរាវដែលមានចំនួនតិចល្មមតែស្រក់ចុះតក់ៗ។ ឧទាហរណ៍៖ ទឹកមួយតំណក់, តំណក់ភ្លៀង។ ចំពោះពាក្យ«ដំណក់»មានន័យថា ការដក់, ដំណើរដែលដក់នៅ។ ឧទាហរណ៍៖ ដំណក់ទឹក។ 
 
«តក់ និងបន្តក់»មានថ្នាក់ពាក្យខុសគ្នា។ «តក់»មានថ្នាក់ពាក្យជាគុណសព្ទ, នាមសព្ទ, ពាក្យទំនឹមបុរាណ និងឧទានសព្ទ។ 
 
«តក់»ជាគុណសព្ទ មានន័យថា ដែលមិនសូវរាបសា, ខ្ចក, ខ្ចោះ, ទាស់, ឆ្គង; ច្រើនភ្លាត់, ច្រើនខុស។ ពាក្យតក់, អក្សរតក់, សាស្ត្រាតក់ ។ ក្ដៀប : ដូងតក់។ ជានាមសព្ទ
រលាដូងតក់ គឺរលាដូងក្ដៀបដែលគេយកមកប្រើធ្វើជានាឡិតូចសម្រាប់វាល់អង្ករជាដើម បន្ថែមលើនាឡិធំឲ្យមានកំណត់ : អង្ករ ២ នាឡិ ១ តក់។ ជាពាក្យទំនឹមបុរាណ មានន័យថា រកស៊ីតក់ៗទៅ, ឬថា តក់ៗពេញបំពង់។ ជាឧទានសព្ទ មានន័យថា សូរឮដោយតំណក់ទឹកស្រក់។
 
ដោយឡែកពាក្យ«បន្តក់»មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា សម្រក់ឲ្យធ្លាក់ចុះ១តំណក់ម្ដង។ ឧទាហរណ៍៖ បន្តក់ថ្នាំទឹក។ ផ្លោងឲ្យធ្លាក់ត្រង់, ឲ្យធ្លាក់ចំ។ ឧទាហរណ៍៖ បន្តក់ឲ្យចំ៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com