COVID-19
ជាតិ
របាយការណ៍ប្រចាំថ្ងៃ៖ កំពង់ស្ពឺ បន្ទាយមានជ័យ និងកំពង់ចាម មាន​ច្រើនករណី
28, May 2021 , 5:30 pm        
រូបភាព
បណ្តាខេត្តជាង ១០ បានចេញផ្សាយករណីវិជ្ជមានកូវីដ-១៩ ប្រចាំថ្ងៃទី២៧ ខែឧសភា។ ក្នុងចំណោមនោះ មានខេត្តកំពង់ស្ពឺ ​មាន៦៤ករណីឆ្លងថ្មី ដែលជាចំនួនច្រើនជាងគេ។ បណ្តាខេត្តផ្សេងទៀត ក៏មានអ្នកឆ្លងច្រើនដែរ មានខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ ​កំពង់ធំ ព្រៃវែង និងបាត់ដំបងជាដើម។ ភាគច្រើននៃឆ្លងថ្មី គឺជាកម្មកររោងចក្រ។​ ​ពលរដ្ឋខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ ហើយមានវិជ្ជមានកូវីដ-១៩ ក៏ត្រូវបានរកឃើញជាបន្តបន្ទាប់ដែរ។
 
បន្ទាយមានជ័យ​៖ ឆ្លង​ថ្មី​៣៦​ករណី និង​ជាសះស្បើយ​ពី​កូ​វីដ​-១៩ មាន​៨១​ករណី​
 
​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ លើ​មនុស្ស​៣៦​នាក់​ទៀត នា​ថ្ងៃទី​២៧​ឧសភា ក្នុងនោះ​៨​នាក់​នាំចូល​ពី​ប្រទេស​ថៃ​។ ក្នុងចំណោម​វិជ្ជមាន​កូ​វីដ​-១៩​ទាំង​៣៦​នាក់​នេះ គឺមាន​២៨​នាក់ ជា​បុគ្គលិក​សហគ្រាស Golden Planet, ជា​អាជីវករ​, សិស្ស និង​ស្ត្រី​មេផ្ទះ ដែលមាន​អាសយដ្ឋាន​រស់នៅ​ក្រុង​ប៉ោយប៉ែត​។ ដោយឡែក​អ្នកជំងឺ​កូ​វីដ​-១៩ ឯទៀត​គឺ​សុទ្ធសឹង​ជា​ពលករ​ត្រលប់​មកពី​ប្រទេស​ថៃ ដោយមាន​២​នាក់​នៅ​ស្រុក​ថ្មពួក​, ២​នាក់​នៅ​ស្រុក​ភ្នំស្រុក​, ២​នាក់​នៅ​ស្រុក​អូរជ្រៅ​, ម្នាក់​នៅ​ស្រុក​ព្រះនេត្រព្រះ និង​ម្នាក់ទៀត​នៅ​ស្រុក​ស្វាយចេក​។ នៅ​ថ្ងៃទី​២៧​ឧសភា​ដដែល​នេះ ក្រៅ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ក៏​បញ្ជាក់ថា​មាន​មនុស្ស​៨១​នាក់​ទៀត បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​នេះដែរ​។ 
 
​កំពង់ចាម​៖ ឆ្លង​ថ្មី​២៣​នាក់ ដែល​សុទ្ធសឹង​ជា​អ្នក​ប៉ះពាល់​ជាមួយ​កម្មការិនី​រោងចក្រ​មាន​វិជ្ជមាន​កូ​វីដ​-១៩
 
​មនុស្ស​ចំនួន​២៣​នាក់​ទៀត ដែល​រដ្ឋបាល​ខេត្តកំពង់ចាម រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​-១៩​នៅ​ថ្ងៃទី​២៧​ឧសភា​នោះ គឺមាន​វ័យ​ពី​២​ឆ្នាំទៅ​៧៤​ឆ្នាំ​។ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​២៣​នាក់​នេះ មាននៅ​ស្រុក​ជើងព្រៃ​១១​នាក់​, ស្រុក​បាធាយ​៧​នាក់​, ស្រុក​ព្រៃឈរ​៣​នាក់​, ស្រុក​ចំការលើ​មា្ន​ក់ និង​ម្នាក់ទៀត​មាន​អាសយដ្ឋាន​នៅ​ក្រុង​កំពង់ចាម​។ ក្នុង​ថ្ងៃ​ជាមួយគ្នានេះ ខេត្តកំពង់ចាម ក៏មាន​មនុស្ស​៨​នាក់​ទៀត បានជា​សះស្បើយ​ពី​កូ​វីដ​-១៩ ផងដែរ​។ ចំនួន​នេះ​បានធ្វើឱ្យ​ខេត្តកំពង់ចាម មាន​អ្នកជា​សះស្បើយ​ពី​កូ​វីដ​-១៩ សរុប ១៥៩​នាក់ ខណៈ​៦១៦​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​
 
​រតនគិរី​៖ ១​ករណី ជា​អ្នកដំណើរ​ពី​ភ្នំពេញ​
 
​ករណី​វិជ្ជមាន​១​នាក់ ដែល​ត្រូវបាន​រកឃើញ​នៅ​ខេត្តរតនគិរី គឺជា​បុរស​វ័យ ១៩​ឆ្នាំ ដែលជា​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ​។ តាម​រដ្ឋបាល​ខេត្តរតនគិរី បុរស​រូបនេះ គឺជា​កម្មករសំណង់ ដែល​ធ្លាប់ធ្វើ​ការងារ​នៅ​ម្តុំ​ផ្សារ​ដើមថ្កូវ និង​មាន​ទីលំនៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​បច្ចុប្បន្ន​ខេត្តរតនគិរី មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩ សរុប ១០​នាក់​ហើយ បន្ទាប់ពី​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​ដំបូងបង្អស់​ចំនួន ២​ករណី កាលពី​ថ្ងៃទី​១០ ឧសភា​កន្លងទៅ​។ រតនគិរី ជា​ខេត្ត​ចុងក្រោយ​គេ​នៅ​កម្ពុជា ដែល​បានប្រកាស​រកឃើញ​ករ​ណី​វិជ្ជមាន​កូ​វីដ​-១៩ ចាប់តាំងពី​ជំងឺ​រាតត្បាត​សកល​នេះ មាន​វត្ត​មាននៅ​កម្ពុជា តាំងពី​ដើមឆ្នាំ​២០២០​មក​។​
 
​កំពង់ស្ពឺ៖ មានអ្នកឆ្លងថ្មី៦៤នាក់ ដោយភាគច្រើនជាអ្នកស្រុកសំរោងទង 

រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តរកឃើញមនុស្ស៦៤នាក់ទៀត ឆ្លងកូវីដ-១៩ ដោយអ្នកជំងឺទាំងនោះ មានវ័យពី១៩ឆ្នាំដល់៨៣ឆ្នាំ។ ក្នុងចំណោមករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅខេត្តកំពង់ស្ពឺប្រចាំថ្ងៃទី២៧ឧសភា មាននៅស្រុកសំរោងទងរហូតដល់៣៨នាក់, ស្រុកឧដុង្គ៨នាក់, ស្រុកភ្នំស្រួច មាន៦នាក់, ក្រុងច្បារមន មាន៥នាក់ ស្រុកថ្ពងមាន៣នាក់, ស្រុកគងពិសី មាន២នាក់ ខណៈអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត ជាអ្នកអង្គស្នួល ខេត្តកណ្តាល។ ក្នុងថ្ងៃជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏ប្រកាសនូវដំណឹងល្អដែលមានមនុស្ស២៣នាក់ទៀត បានជាសះស្បើយពីជំងឺកូវីដ-១៩ ផងដែរ។ ចំនួននេះ បានធ្វើឱ្យខេត្តកំពង់ស្ពឺ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ សរុប១៧៦នាក់។ គិតត្រឹមថ្ងទី២៧ឧសភា ខេត្តកំពង់ស្ពឺ មានអ្នកជំងឺកូវីដ-១៩ សរុប ៦០០នាក់។ ក្នុងនោះមាន១៧៦នាក់ បានជាសះស្បើយពីជំងឺនេះ និង៤០៧នាក់ទៀត កំពុងសម្រាកព្យាបាល ខណៈមាន១១នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩។ ដោយឡែក អ្នកជំងឺកូវីដ-១៩ ចំនួន៧នាក់ទៀត បានផ្ទេរពីមន្ទីរខេត្តកំពង់ស្ពឺ មករាជធានីភ្នំពេញ។
 
កំពង់ឆ្នាំង៖ មានករណីឆ្លងថ្មី ១៩នាក់ ដោយភាគច្រើនជាកម្មកររោងចក្រ 
 
មនុស្សចំនួន១៩នាក់ទៀត ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញវិជ្ជមានកូវីដ-១៩ ប្រចាំថ្ងៃទី២៧ឧសភានោះ គឺមាន១០នាក់ជាកម្មកររោងចក្រដែលមានអាសយដ្ឋាននៅស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស។ ដោយឡែក អ្នកជំងឺកូវីដ-១៩ចំនួន៨នាក់ គឺជាសិស្ស និងអ្នកផលិតផល នៅក្នុងស្រុករលាប្អៀរ ខណៈអ្នកជំងឺកូវីដ-១៩ម្នាក់ មានអាសយដ្ឋាននៅក្រុងកំពង់ឆ្នាំង។ ខេត្តកំពង់ឆ្នាំង មកទល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩សរុប២១៦នាក់ ដោយក្នុងនោះមាន៣២នាក់បានជាសះស្បើយ, ស្លាប់៣នាក់ និងមាន១៨១នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺ។ 
 
កំពង់ធំ៖ ឆ្លងថ្មីមាន១៧ករណី ដោយភាគច្រើនជាអ្នកស្រុកតាំងគោក 
រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន១៧នាក់ទៀត ដែលអាយុពី៤ឆ្នាំទៅដល់៧២ឆ្នាំ។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង១៧នាក់នេះ គឺមានរហូតទៅដល់១៥នាក់ ជាពលរដ្ឋរស់នៅក្នុងស្រុកតាំងគោក ដែលបានប៉ះពាល់ផ្ទាល់ជាមួយកម្មកររោងចក្រដែលវិជ្ជមានកូវីដ-១៩។ ដោយអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត គឺមានម្នាក់នៅស្រុកស្ទោង ដែលជាពលករត្រលប់មកពីប្រទេសថៃ និងម្នាក់ទៀតនៅស្រុកបារាយណ៍។ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ឧសភា ខេត្តកំពង់ធំ មានអ្នកជំងឺកូវីដ-១៩ សរុប ២២៧នាក់។ ក្នុងមាន៨២នាក់ បានជាសះស្បើយពីកូវីដ-១៩ និង១៤៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ 
 
កោះកុង៖ មាន៤ករណី ក្នុងនោះមានទារកម្នាក់
មនុស្ស៤នាក់ទៀត មានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស នៅក្នុងភូមិសាស្ត្រខេត្ត​កោះកុង។ ក្នុងចំណោម៤ករណី ដែលបានរកឃើញ មានទារកអាយុជាង១ឆ្នាំម្នាក់ ដែលមានទីលំនៅក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល។ ម្នាក់ទៀតជាបុរសវ័យ២០ឆ្នាំ រស់នៅភូមិចំការក្រោម ឃុំដងព្រែក​ ស្រុកស្រែអំបិល ខណៈ២នាក់ទៀត ជាអ្នករស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ពោធិ៍សាត់៖ មាន៥នាក់​ ដោយ៣នាក់មកពីភ្នំពេញ ម្នាក់មកពីថៃ និងម្នាក់ទៀតពីកំពង់ស្ពឺ

៥ករណីបន្ថែមទៀតដែលត្រូវបានរកឃើញនៅខេត្តពោធិ៍សាត់នេះ មាន៤នាក់ជាស្ត្រី។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មាន៣នាក់ ជាអ្នកដំណើរពីរាជធានីភ្នំពេញ, ១នាក់មកពីខេត្តកំពង់ស្ពឺ និង១នាក់ទៀតជាពលរដ្ឋខ្មែរទើបត្រឡប់មកពីប្រទេសថៃ។ គិតត្រឹមថ្ងៃទី២៧ ខែឧសភា ខេត្តពោធិ៍សាត់ មានអ្នកឆ្លងកូវីដ-១៩ ​ចំនួន១០២នាក់ ​ ក្នុងនោះជាសះស្បើយ ចំនួន១៧នាក់  ស្លាប់១នាក់ និង៨៤នាក់ទៀត​កំពុងបន្ត​ព្យាបាល។
 
បាត់ដំបង៖ ឆ្លងថ្មី១០នាក់ និងជាសះស្បើយ២នាក់ 
សម្រាប់ខេត្តបាត់ដំបងនៅថ្ងៃទី២៧ឧសភា ដែលមានមនុស្ស១០នាក់ទៀត ឆ្លងកូវីដ-១៩ ដែរនោះ មានភាគច្រើនជាកម្មករសំណង់។ ក្នុងចំណោម១០នាក់ ដែលឆ្លងកូវីដ-១៩ មាន២នាក់ ជាពលរដ្ឋនៅស្រុករុក្ខគិរី, ២នាក់នៅស្រុកមោងឫស្សី, ២នាក់នៅស្រុកគាស់ក្រឡ, មា្នក់នៅស្រុកកំរៀង, ម្នាក់នៅស្រុកភ្នំព្រឹក, ម្នាក់នៅស្រុកថ្មគោល, និងជំងឺកូវីដ-១៩ម្នាក់ទៀត នៅស្រុកឯកភ្នំ។ ក្នុងថ្ងៃជាមួយគ្នានេះ រដ្ឋបាលខេត្តបាត់ដំបង ក៏ប្រកាសថាមានមនុស្ស២នាក់ទៀត បានជាសះស្បើយពីកូវីដ-១៩ ផងដែរ។ គឺស្ត្រីវ័យ៣៣មា្នក់ ដែលរស់នៅក្នុងស្រុកគាស់ក្រឡ និងបុរសវ័យ២៦ឆ្នាំ រស់នៅក្នុងស្រុកថ្មគោល។ មកទល់ពេលនេះខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ-១៩ សរុប១៨៨នាក់ ដោយក្នុងនោះ មាន៧០នាក់ បានជាសះស្បើយ និង១១៤នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺ ខណៈមាន២នាក់ បានបាត់បង់ជីវិត ដោយសារកូវីដ-១៩នេះ។
 
​ឧត្តរមានជ័យ៖ រកឃើញថ្មី២នាក់ និងសះស្បើយ២នាក់

រដ្ឋបាលខេត្តឧត្តរមានជ័យ បានរកឃើញពលរដ្ឋខ្មែរ២នាក់ទៀតវិជ្ជមានកូវីដ-១៩  ដែលជាអ្នកទើបត្រឡប់ពីប្រទេសថៃ។ តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ​ក្នុងចំណោមអ្នកទាំង២នេះ មានទាំរកវ័យ១ឆ្នាំម្នាក់ មានអាសយដ្ឋាននៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ម្នាក់ទៀតជាស្ត្រីវ័យ ៤០ឆ្នាំ រស់នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង​។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏ប្រកាសថា មានអ្នកជំងឺចំនួន២នាក់ បានជាសះស្បើយផងដែរ។
 
បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៨ករណី ក្នុងនោះ៣៦ករណី បាន​នាំចូលពីក្រៅប្រទេស។ អ្នកសះស្បើយមាន ៩នាក់ ខណៈ២៩នាក់ទៀតកំពុងសម្រាកព្យាបាល។
សៀមរាប៖ ៤ករណីថ្មី ដោយម្នាក់ទើបត្រឡប់ពីប្រទេសថៃ

​រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ បន្ថែម៤នាក់​ទៀត ដែល​មាន៣នាក់ ជាប់ពាក់ព័ន្ធនឹងអាជីវករ​នៅផ្សារសាមគ្គី និងម្នាក់ទៀតទើបត្រឡប់ពីប្រទេសថៃ​។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ​ ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង៤នាក់នោះ មាន១នាក់ រស់នៅភូមិស្ពានក្អែក ឃុំកណ្ដែក សុ្រកប្រាសាទបាគង។ ១នាក់ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ១នាក់ រស់នៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ១នាក់ទៀត ជាស្ត្រីវ័យ ៣០ឆ្នាំ ដែលទើបត្រឡប់ពីប្រទេសថៃ។ ស្ត្រីរូបនេះ រស់នៅភូមិព្រលឹត ឃុំរើល ស្រុកពួក ខេត្តសៀមរាប។  
 
នៅថ្ងៃទី២៧ ឧសភា ខេត្តសៀមរាបក៏មានអ្នកជំងឺម្នាក់បានជាសះស្បើយដែរ លើស្ត្រីវ័យ ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង។ ​គិតត្រឹមថ្ងៃទី២៧ ឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប១០៧នាក់ ក្នុងនោះ៥៧នាក់ បានជាសះស្បើយ​,២នាក់ស្លាប់ និង៤៨នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​។
ព្រៃវែង ៖ Rapid Test រកឃើញ១០នាក់បន្ថែម

មនុស្សចំនួន១០នាក់ទៀត មានវិជ្ជមានកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង ក្នុងនោះ ៤នាក់ជាអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ។ តាមប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ព្រៃវែង ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង១០នាក់ មាន ៣នាក់ មានអាសយដ្ឋាននៅស្រុកព្រះស្តេច ,៣នាក់នៅស្រុកកំពង់ត្របែក, ២នាក់នៅស្រុកបាភ្នំ ខណៈស្រុកពារាំង និងស្រុកកំចាយមារ មាន១នាក់រៀងខ្លួន។ ខេត្តព្រៃវែង បានរកឃើញករណីវិជ្ជមានកូវីដ-១៩ សរុប ៣៤០នាក់ ក្នុងនោះ១៥២នាក់បានជាសះស្បើយ, ៤នាក់ស្លាប់ និង១៨៤នាក់ទៀត កំពុងបន្តសម្រាកព្យាបាល។ 
 
ស្ទឹងត្រែង៖ រកឃើញ២នាក់ ជាឪពុកកូននឹងគ្នា
ស្ទឹងត្រែង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បាន​រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ ដែលជាឪពុក និងកូននឹងគ្នា ដែលឪពុកអាយុ ៣៦ឆ្នាំ និងកូនស្រីអាយុ ១៥ឆ្នាំ។  បើតាមសេចក្តីសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តស្ទឹងត្រែង អ្នកទាំង២នេះ គឺឆ្លងពីប្រពន្ធ និងម្តាយ របស់គេដែលមានតេស្តវិជ្ជមានកូវីដ-១៩ តាំងពីថ្ងៃទី២០ ឧសភាមកម្ល៉េះ។  បច្ចុប្បន្នខេត្តស្ទឹងត្រែង មានឆ្លងកូវីដ-១៩ សរុប ៩នាក់ ក្នុងនោះ១នាក់បានជាសះស្បើយ ហើយ៨នាក់ទៀត កំពុងបន្តព្យាបាល។
 
ករណីប្រចាំថ្ងៃទូទាំងប្រទេស៖

មនុស្ស​៥៩៩នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ នៅ​កម្ពុជា ខណៈ​អ្នក​សះស្បើយ​បន្ថែម​មាន​៥០២​នាក់ និង​ស្លាប់​២​នាក់​ទៀត​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​បញ្ជាក់ថា ក្នុងចំណោម៥៩៩ករណី​ថ្មី មាន២៥​ករណី​នាំចូល​ពី​បរទេស​។​ គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​ករណី​សរុប​ចំនួន​២៨២៣៧នាក់ សះស្បើយ​សរុប ២០៩០០​នាក់ និង​ស្លាប់​១៩៦​នាក់​៕
 

Tag:
 កំពង់ស្ពឺ
 កំពង់ឆ្នាំង
 កំពង់ធំ
 ព្រៃវែង
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com