ជាតិ
ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀនៅក្នុងខេត្តកំពង់ស្ពឺ មិនទាន់រុះរើចេញអស់ តាមគម្រោងឡើយ
31, May 2021 , 2:32 pm        
រូបភាព
ពលរដ្ឋចូលរួមរុះរើស្លាកគ្រឿងស្រវឹងតាមការណែនាំរបស់អភិបាលខេត្តកំពង់ស្ពឺ។ (រូបពី រដ្ឋបាលស្រុក គងពិសី ខេត្តកំពង់ស្ពឺ)
ពលរដ្ឋចូលរួមរុះរើស្លាកគ្រឿងស្រវឹងតាមការណែនាំរបស់អភិបាលខេត្តកំពង់ស្ពឺ។ (រូបពី រដ្ឋបាលស្រុក គងពិសី ខេត្តកំពង់ស្ពឺ)
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានទុកពេលមួយសប្ដាហ៍ ឱ្យភាគីក្រុមហ៊ុន និងម្ចាស់អាជីវកម្ម រុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មសា្របៀនៅតាមកន្លែងលក់ដូរ និងចិញ្ចើមផ្លូវ ក្នុងភូមិសាស្រ្តខេត្ត។ ប៉ុន្តែមកដល់ពេលនេះ មិនទាន់អនុវត្តបាន ១០០ភាគរយឡើយ។

 
អ្នកស្រី ឡុង បូណារេត ជាអភិបាលរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា អាជីវករ និងក្រុមហ៊ុន បានរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានមួយផ្នែកធំហើយ ។ ប៉ុន្ដែក៏នៅមានខាងតំណាងក្រុមហ៊ុនស្រាបៀខ្លះ ដែលមានផ្ទាំងផ្សព្វផ្សាយច្រើននោះ បានសុំឲ្យអាជ្ញាធរពន្យារពេលបន្ថែមទៀត ដោយសារតែរុះរើមិនទាន់ការកំណត់ ។
 
« បើតាមពិតទៅ បន្ទាប់ពីមួយអាទិត្យនេះ យើងនឹងប្រើកម្លាំងសរុបរបស់ក្រុមការងារហើយ ប៉ុន្ដែដោយសារមានការចរចា អាជ្ញាធរបានសម្របសម្រួលពន្យារពេលបន្ថែមសម្រាប់ដំណើរការរុះរើ របស់ក្រុមហ៊ុន។ ការពន្យាពេលនេះ  មិនបានកំណត់រយៈពេលទេ។ តែពួកយើង នឹងតាមដានបន្តរហូត»។ នេះជាការពន្យល់ពីអភិបាលរងខេត្តកំពង់ស្ពឺ។ 
 
ដោយឡែកអាជីករមួយចំនួនតូច ដែលនៅមិនទាន់បានរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ តាមសេចក្តីជូនដំណឹងនោះ អាជ្ញារមូលដ្ឋាន នឹងចាត់ការតាមវិធានការរដ្ឋបាល ។នេះជាការបញ្ជាក់របស់អ្នកស្រី ឡុង បូណារេត។
 
កាលពីថ្ងៃទី២៤ ឧសភា អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហាដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀក្នុងខេត្ត ដែលបានដាក់តាំងផ្សព្វផ្សាពាណិជ្ជកម្មស្រាបៀនៅខាងមុខហាង និងចិញ្ចើមផ្លូវ ត្រូវរុះរើចេញជាបន្ទាន់ ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីចេញសេចក្តីជូនដំណឹង។ ក្នុងករណីមិនរុះរើក្នុងកាលបរិច្ឆេទកំណត់នេះទេ អាជ្ញាធរនឹងចុះរើដោយខ្លួនឯង ហើយម្ចាស់អាជីវកម្មនោះ ជាអ្នកទទួលខុសត្រូវចំណាយ និងការខូចខាតនានា៕
 
 

Tag:
 ផ្ទាំងផ្សព្វផ្សាយ
  គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com