ជាតិ
អាជ្ញាធរតាកែវដុតបំផ្លាញកញ្ឆាដែលដាំខុសច្បាប់៩កន្លែងនៅភ្នំបាយ៉ង់កោ ស្រុកគិរីវង់
02, Jun 2021 , 12:09 pm        
រូបភាព
សកម្មភាពដុតបំផ្លាញ កញ្ឆាស្រស់ របស់អាជ្ញាធរ។ រូបភាពពី GRK News។
សកម្មភាពដុតបំផ្លាញ កញ្ឆាស្រស់ របស់អាជ្ញាធរ។ រូបភាពពី GRK News។
ដោយ៖ ស៊ុល រ៉វី

អាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាប និងបំផ្លាញកញ្ឆាខុសច្បាប់ ក្នុងទំហំផ្ទៃដីប្រមាណ ២ពាន់ម៉ែត្រការ៉េ ក្នុងស្រុកគិរីវង់។ បច្ចុប្បន្នអាជ្ញាធរ មិនទាន់រកឃើញជនល្មើសនៅឡើយទេ ដោយបន្តវែកមុខមេខ្លោង ដែលគាំទ្រការដាំកញ្ឆានេះ។

 
នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តតាកែវ បានរកឃើញ ទីតាំងដាំកញ្ឆាខុសច្បាប់ចំនួន ៩កន្លែង សរុបផ្ទៃដីដាំចំនួន ២,១៧៣ម៉ែត្រការ៉េ នៅចំណុចភ្នំបាយ៉ង់កោ ក្នុងឃុំព្រៃអំពក ស្រុកគិរីវង់។ ក្រោយ រកឃើញនៅទីតាំងខាងលើ កម្លាំងអាវុធហត្ថបានប្រមូលដុត រួមនឹងបំផ្លាញអាងស្តុកទឹក ៥កន្លែងផងដែរ។ នេះបើតាម លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ។
 
អភិបាលរងខេត្តតាកែវ លោក ខាន់ សុខា ប្រាប់សារព័ត៌មានថ្មីៗ២៥ថា តាមការស្មានរបស់លោក កញ្ឆាដែលរកឃើញនោះ មានអាយុចន្លោះពី ១០-១៥ថ្ងៃប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងករណីខាងលើ កម្លាំងជំនាញមិនទាន់រកឃើញជនល្មើសនៅឡើយនោះទេ។ 
 
លោក ខាន់ សុខា លើកឡើងដូច្នេះ៖ «យើងពិបាករកណាស់ រឿងជនខិលខូចលួចដាំនេះ ប្រជាពលរដ្ឋឡើងទៅធ្វើហ្នឹង គាត់មិនប្រាប់យើងថាទៅធ្វើ(ដាំកញ្ឆា)ទេ គាត់ទៅធ្វើចម្ការគាត់, គាត់ទៅកាប់ឧស, គាត់ទៅរកវល្លិ, គាត់ទៅជីកដំឡូង។ អ៊ីចឹងយើងមិនដឹងម្ចាស់មួយណា វាពិបាកអ៊ីចឹង»។
 
ក្រៅពីការចុះស្រាវជ្រាវ និងបង្ក្រាបទីតាំង ដាំកញ្ឆាខុសច្បាប់ អភិបាលរងខេត្តរូបនេះថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចខ្លួន បន្តស្វែងរកអ្នកបញ្ជានៅពីក្រោយការដាំនេះ។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត នៅតែបន្ត ស្រាវជ្រាវទីតាំងដាំដទៃ, រៀបចំផែនការផ្សព្វផ្សាយ អប់រំ ណែនាំពលរដ្ឋ និងការបង្កើតឱកាសទីផ្សារដាំណាំកសិផលជំនួសវិញ៕
 
 

Tag:
 កញ្ឆាខុសច្បាប់
  ខាន់ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com