ជាតិ
ខេត្តកំពតអនុវត្តវិធានការរដ្ឋបាល និងផ្អាកលក់គ្រឿងស្រវឹងរហូតដល់ថ្ងៃទី៩ មិថុនា
02, Jun 2021 , 6:59 pm        
រូបភាព
លោក ជាវ តាយ អភិបាលខេត្តកំពត រូបភាពពីរដ្ឋបាលខេត្តកំពត
លោក ជាវ តាយ អភិបាលខេត្តកំពត រូបភាពពីរដ្ឋបាលខេត្តកំពត
ដោយ:
លោក ជាវ តាយ អភិបាលខេត្តកំពត បានសម្រេចអនុវត្តវិធានការរដ្ឋបាលនៃបម្រាមគោចរ និងហាមលក់គ្រឿងស្រវឹងរយៈពេល១សប្តាហ៍ ក្នុងភូមិសាស្ត្រខេត្តកំពត គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ ការសម្រេចវិធានការនេះ គឺដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្តកំពត។
 
លោក ជាវ តាយ អភិបាលខេត្តកំពត បានហាមឲ្យផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មផ្នែកអាហារ-ភេសជ្ជៈ អាជីវករ អ្នកលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹង លក់គ្រឿងស្រវឹងគ្រប់ប្រភេទ រហូតដល់ថ្ងៃទី៩ ខែមិថុនា។ 
 
ចំពោះអាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ គឺអាចបើកដំណើរការបានធម្មតា។ ប៉ុន្តែអាចលក់ជាលក្ខណៈវេចខ្ចប់ ហើយមិនត្រូវលក់នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។ នេះបើតាមលោកអភិបាលខេត្តកំពត។
 
សកម្មភាពមួយចំនួនត្រូវបានអនុគ្រោះ ដូចជា ការជួបជុំក្នុងគ្រួសារដែលរស់នៅក្នុងលំនៅឋាន, ការរៀបចំពិធីបុណ្យសព ការជួបជុំរបស់បុគ្គលិកសុខាភិបាល ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងការជួបជុំផ្សេងៗដែលមានការអនុញ្ញាតពីអាជ្ញាធរ ការធ្វើដំណើររបស់បុគ្គលិក និងកម្មករទៅបម្រើការងារនៅសហគ្រាស រោងចក្រ ឬទីតាំងអាជីវកម្ម, ការធ្វើដំណើរដោយមានមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើររបស់រថយន្តដឹកទំនិញផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់ លោក ជាវ តាយ។ 
 
បើតាមរដ្ឋបាលខេត្តកំពត អភិបាលខេត្តមិនទាន់មានគម្រាងបិទផ្សារទាំងអស់ក្នុងភូមិសាស្ត្រខេត្តកំពតឡើយ។ «រដ្ឋបាលខេត្តសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំថារដ្ឋបាលខេត្តគ្រោងបិទផ្សារណាមួយឡើយ»។ នេះជាការលើកឡើងរបស់រដ្ឋបាលខេត្តកំពត។ 
 
បច្ចុប្បន្នអភិបាលខេត្តកំពត បានផ្អាកអាជីវកម្ម កាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារភាគីតន់ហន់ និងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត រយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕ 
 
 
 
 

Tag:
 គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com