ជាតិ
សង្គមជាតិ
មនុស្ស៨នាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ស្លាប់ដោយសង្ស័យថាពុលស្រាស និងស្រាថ្នាំ
02, Jun 2021 , 9:59 pm        
រូបភាព
លោក ម៉ៅ ធននិ អភិបាលខេត្តពោធិ៍សាត់ទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត។ រូបថត រដ្ឋបាលខេត្ត
លោក ម៉ៅ ធននិ អភិបាលខេត្តពោធិ៍សាត់ទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត។ រូបថត រដ្ឋបាលខេត្ត
ដោយ:
មនុស្ស៨នាក់បានស្លាប់ ដោយសារសង្ស័យពុលស្រាស និងថ្នាំនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ នេះបើតាមគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ដោយគិតត្រឹមល្ងាចថ្ងៃទី២ ខែមិថុនា ខណៈអ្នកឈឺឡើងដល់៧៦នាក់។
 
 
លោក ច័ន្ទ សុខា ប្រធានមន្ទីរពេទ្យខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ករណីពុលស្រាដែលបណ្តាលឲ្យមនុស្សចំនួន៧នាក់បានស្លាប់នេះ គឺកើតឡើងតាំងពីថ្ងៃទី៣០ ខែឧសភា និងកើតឡើងនៅក្នុងពិធីបុណ្យសពមួយកាលពីថ្ងៃទី១ ខែមិថុនា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
 
«តាមការចុះស្រាវជ្រាវរបស់អាជ្ញាធរ និងក្រុមគ្រូពេទ្យ ហើយគ្រូពេទ្យបានយកសំណាកលើអ្នកស្លាប់រួចហើយ គឺពិតជាស្លាប់ដោយសារហូបស្រាពិតមែន។ ព័ត៌មាននេះ វាកើតឡើងក្នុងរង្វង់រយៈពេល៣ថ្ងៃ។ គាត់ហូបស្រាតាំងពីថ្ងៃទី៣០ ខែឧសភា។ នាពេលបុណ្យសពក៏មានអ្នកហូបស្រាទៀត អ៊ីចឹងក៌មានអ្នកពាក់ព័ន្ធបន្ថែមទៀត។ យើងអត់ទាន់ដឹងច្បាស់ថាអ្នកស្លាប់ទាំងនោះ គឺស្លាប់ដោយសារពុលស្រា១០០ភាគរយដែរ»។ នេះជាការលើកឡើងរបស់លោកប្រធានមន្ទីរពេទ្យខេត្តពោធិ៍សាត់។ 
 
បើតាមលោក ច័ន្ទ សុខា ដំបូងឡើយ មនុស្សចំនួន៣៦នាក់ទៀត ដែលបានហូបស្រា ដែលពាក់ព័ន្ធនឹងការហូបស្រាបណ្តាលឲ្យមនុស្សពុលស្លាប់នោះ គឺត្រូវបានក្រុមគ្រូពេទ្យណែនាំឲ្យតាមដានសុខភាព ក្នុងករណីមានអាការមិនស្រួលខ្លួន ត្រូវទៅព្យាបាលឲ្យបានទាន់ពេលវេលា។  
 
តាមគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់ អ្នកស្លាប់ឡើងដល់៨នាក់ និងឈឺ៧៦នាក់។ ក្រោយកើតមានករណីសង្ស័យពុលគ្រឿងស្រវឹង (ស្រាស ស្រាថ្នាំ) នេះ លោកអភិបាលខេត្ត ម៉ៅ ធនិន បានបញ្ជូនមន្ត្រីជំនាញមួយក្រុម ចុះទៅពិនិត្យផ្ទាល់ និងស្រាវជ្រាវ នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យអ្នកផលិតស្រាសម្នាក់ឈ្មោះ ទ្រី វណ្ណា ភេទស្រី អាយុ៥៤ឆ្នាំ។ វត្ថុតាងស្រាស ត្រូវបានយកទៅពិនិត្យឡាបូ រង់ចាំលទ្ធផលពេលក្រោយ។ តែទោះជាយ៉ាងណា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវបន្តទៀត ដើម្បីបង្ហាញអំពីមូលហេតុច្បាស់លាស់នៃករណីពុលនេះ។
 
កាលពីខែឧសភា ឆ្នាំ២០២១ ក៏មានករណីពុលស្រាដែលកើតឡើងនៅខេត្តចំនួន២ផងដែរ គឺខេត្តកណ្តាល និងខេត្តកំពត។ ករណីពុលស្រានៅស្រុកល្វាឯម ខេត្តកណ្តាល គឺបណ្តាលឲ្យមនុស្សចំនួន១២នាក់បានស្លាប់ និងករណីពុលស្រានៅស្រុកកំពង់ត្រាច ខេត្តកំពត បណ្តាលឲ្យមនុស្សចំនួន១០នាក់បានស្លាប់។
 
ក្រសួងសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋ បញ្ឈប់ពិសាស្រាដែលបិត និងផលិត គ្មានបច្ចេកទេសត្រឹមត្រូវ។ ជាមួយគ្នានេះក្រសួងអំពាវនាវដល់អ្នកបិតស្រាបញ្ឈប់ផលិតស្រាដែលដាក់សារធាតុមេតាណុលខ្ពស់ ដើម្បីជៀសវាងករណីពុលស្រា៕ 
 
 
 
 

Tag:
 ពុលស្រា
 មេតាណុល
© រក្សាសិទ្ធិដោយ thmeythmey.com