ជាតិ
សង្គមជាតិ
ករណីពុលស្រានៅពោធិ៍សាត់ អ្នកស្លាប់កើនដល់១០នាក់ និងជាង៤០នាក់បន្តសម្រាកនៅមន្ទីរពេទ្យ
03, Jun 2021 , 5:59 pm        
រូបភាព
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់​ ចុះសាកសួរសុខទុក្ខពលរដ្ឋដែលមានអាការឈឺដោយសារការពិសាស្រាស និងស្រាថ្នាំ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ រូបពីមន្ទីរព័ត៌មានខេត្តពោធិ៍សាត់
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់​ ចុះសាកសួរសុខទុក្ខពលរដ្ឋដែលមានអាការឈឺដោយសារការពិសាស្រាស និងស្រាថ្នាំ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ រូបពីមន្ទីរព័ត៌មានខេត្តពោធិ៍សាត់
ដោយ:
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣ ខែមិថុនានេះ អ្នកស្លាប់ដោយសារពុលស្រា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានកើនដល់១០នាក់ ក្នុងនោះ៨នាក់ជាស្ត្រី ខណៈជាង៤០នាក់ទៀតបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោក ច័ន្ទ សុខា ប្រធានមន្ទីរពេទ្យខេត្តពោធិ៍សាត់ដែលបានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទដូច្នេះ។
 
ប្រធានមន្ទីរពេទ្យខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ករណីពុលស្រាដែលបណ្តាលឲ្យមានមនុស្សស្លាប់នេះ គឺកើតឡើងតាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១មកម្ល៉េះ ដោយផ្តើមចេញពីការជួបជុំនៅក្នុងពិធីបុណ្យសពមួយ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
 
បើតាមលោក ច័ន្ទ សុខា អាជ្ញាធរបានរកឃើញមនុស្សចំនួន១០០នាក់ ដែលបានហូបស្រាស និងស្រាថ្នាំ ដែលបណ្តាលឲ្យពុលនោះ។ ក្នុងចំណោមមនុស្សទាំង១០០នាក់ គឺមានមនុស្សប្រមាណ៦០នាក់ បានត្រឡប់ទៅគេហដ្ឋានវិញហើយ ហើយនៅសល់តែជាង៤០នាក់ទៀតដែលកំពុងតែស្ថិតនៅក្រោមការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ 
 
«អ្នកដែលយើងសួរទៅ គាត់ថាបានពិសាស្រាតិចតួច ហើយអ្នកពិសាស្រារយៈវែង គឺ៧២ម៉ោង គឺគាត់អត់មានធ្វើទុក្ខអ្វីទេ ហើយយើងក៏អនុញ្ញាតឲ្យពួកគាត់ទៅផ្ទះវិញ។ យើងកំពុងតែស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ(ករណីពុលស្រា) ដើម្បីឲ្យពួកគាត់ជៀសវាងពីគ្រោះថ្នាក់។ អ្នកពាក់ព័ន្ធនឹងករណីពុលស្រា និងផឹកស្រា នឹងមានជាបន្តទៀត»។ នេះជាការលើកឡើងរបស់លោកប្រធានមន្ទីរពេទ្យខេត្តពោធិ៍សាត់។
 
ទាក់ទងនឹងករណីពុលស្រានេះ លោក ច័ន្ទ សុខា មិនទាន់អាចបញ្ជាក់ច្បាស់លាស់ថា បណ្តាលមកពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ ខណៈក្រុមគ្រូពេទ្យបានយកសំណាកស្រាទាំងនោះទៅមន្ទីរពិសោធន៍ ដើម្បីរកមូលហេតុច្បាស់លាស់។
 
ក្រោយពីហេតុការណ៍នេះបានកើតឡើង អាជ្ញាធរបានឃាត់ខ្លួន និងសាកសួរទៅអ្នកបិតស្រា២នាក់ ដែលជាប្តីប្រពន្ធនេះហើយ។ នេះបើតាមលោក ឯម រុន អធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗ។ 
 
គ្រាន់តែនៅក្នុងខែឧសភា និងដើមខែមិថុនានេះ មានករណីពុលស្រាកើតឡើង នៅខេត្តចំនួន៣ នៅកម្ពុជា បានសម្លាប់មនុស្សជាង៣០នាក់។ ករណីដំបូងកើតឡើង នៅស្រុកល្វាឯម ខេត្តកណ្តាល បណ្តាលឲ្យមនុស្សចំនួន១២នាក់បានស្លាប់។ បន្ទាប់មកនៅស្រុកកំពង់ត្រាច ខេត្តកំពត មានមនុស្សស្លាប់ចំនួន១០នាក់។ ករណីស្លាប់ចុងក្រោយ នៅខេត្តពោធិ៍សាត់ ដែលអ្នកស្លាប់កើនដល់១០នាក់។ 
 
អត្ថបទទាក់ទង
 
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(CCF) ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នំា២០២០ មានខេត្តចំនួន៤ ដែលកើតមានករណីពុលស្រា ដោយខេត្តទាំងនោះគឺ ពោធិ៍សាត់ ក្រចេះ បន្ទាយមានជ័យ និងកំពង់ឆ្នាំង ដែលបណ្តាលឲ្យមនុស្សស្លាប់សរុបចំនួន២៨នាក់។
 
ដើម្បីជៀសវាងមានករណីពុលស្រានេះកើតឡើងទៀត ក្រសួងសុខាភិបាល បានទទូចពលរដ្ឋ ឈប់ពិសាស្រាដែលបិត និងផលិត គ្មានបច្ចេកទេសត្រឹមត្រូវ។ ជាមួយគ្នានេះក្រសួងអំពាវនាវ ដល់អ្នកបិតស្រា ឱ្យបញ្ឈប់សកម្មភាពផលិតស្រា ដែលដាក់សារធាតុមេតាណុលខ្ពស់ ដើម្បីជៀសវាងករណីពុលស្រា៕
 

Tag:
 ពុលស្រា
© រក្សាសិទ្ធិដោយ thmeythmey.com