ជាតិ
តំបន់ទេសចរណ៍នៅភាគឦសាន មានភ្ញៀវទេសចរទៅលេងតិចជាងតំបន់នៅជិតភ្នំពេញ
05, Jun 2021 , 1:29 pm        
រូបភាព
ដោយ:
តំបន់ទេសចរណ៍នៅខេត្តជិតៗភ្នំពេញ ចាប់ផ្ដើមមានភ្ញៀវទេសចរបណ្ដើរៗហើយ ខណៈខេត្តនៅតំបន់ឦសាន មិនទាន់សូវមានភ្ញៀវទេសចរទៅកម្សាន្ត ទោះករណីឆ្លងជំងឺកូវីដ-១៩ នៅតំបន់នោះទាបក្ដី។ លោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគា CHA យល់ថា តំបន់ឦសាននៅឆ្ងាយ ទើបមិនទាន់អាចក្លាយជាជម្រើសដំបូងសម្រាប់ទេសចរ ដែលជាហេតុធ្វើឱ្យទេសចរណ៍ក្នុងតំបន់នេះងើបយឺតជាងគេបន្តិច។
 
ភ្ញៀវទេសចរមួយចំនួន បានចេញពីរាជធានីភ្នំពេញ ដើម្បីដើរកម្សាន្តនៅខេត្តដែលនៅជិតៗ ដូចជាកណ្ដាល កែប កំពត និងកំពង់ស្ពឺជាដើម។ រយៈពេល៥ខែឆ្នាំ២០២១ មានទេសចរជាង១ម៉ឺននាក់ប៉ុណ្ណោះ ដើរកម្សាន្តនៅខេត្ត ក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង ខណៈអ្នកដើរលេងទូទាំងប្រទេសមានជាង ១៩ម៉ឺននាក់។
 
ជុំវិញបញ្ហានេះ លោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារ (CHA) បានលើកឡើងថា ខេត្តនៅតំបន់ឦសាន ទោះមានកន្លែងទេសចរច្រើន និងសេវាកម្មល្អ ក៏មិនអាចងើបឡើងលឿន ដូចខេត្តនៅជិតភ្នំពេញនោះទេ។ លោកស្រីរៀបរាប់យ៉ាងដូច្នេះថា៖ «ដោយសារខេត្តនៅតំបន់ឦសាននៅឆ្ងាយ អ៊ីចឹងទេសចរ គាត់អត់ទាន់ហ៊ានធ្វើដំណើរឆ្ងាយ ហើយការឈប់សម្រាក ក៏មានតិច។ អ៊ីចឹងទេសចរ មិនទាន់មកដល់តំបន់យើងទេ។ ជាពិសេសខេត្តរតនគិរី នៅឆ្ងាយជាងគេ ទោះគាត់ខំប្រឹងជំរុញសេវាកម្ម ក៏គាត់ ពិបាកងើបឡើងដែរ»។ 


លោក តុប សុភ័ក្រ្ត រដ្ឋលាខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទេសចរណ៍
 
ត្រង់ចំណុចនេះលោក តុប សុភក្ត្រ័ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអ្នកនាំពាក្យ បានមើលឃើញថា តំបន់ឦសាននៅឆ្ងាយជាបញ្ហាតូច ប៉ុន្តែបញ្ហាកូវីដ-១៩ គឺជារឿងចម្បង។ ហើយការចំណាយច្រើនក៏ជាមូលហេតុមួយទៀត ដែលធ្វើឱ្យតំបន់នេះមិនសូវមានទេសចរ។ 
 
«មិនមែនជារឿងឆ្ងាយពិបាកទៅដល់នោះទេ ប៉ុន្តែគឺបញ្ហាកូវីដ-១៩។ កន្លងមកភូមិភាគឦសាន ក៏មានទេសចរទៅច្រើនដែរ។ ក្នុងបរិបទកូវីដ-១៩ ប្រជាពលរដ្ឋគាត់ប្រយ័ត្ន ទើបធ្វើឱ្យទេសចរ យើងថយទៅតាមហ្នឹង ។ ថាតំបន់ឦសាននៅឆ្ងាយក៏បានដែរ ទេសចរក្នុងបរិបទនេះ គាត់ជ្រើសរើសទៅកម្សាន្តនៅជិតៗ ព្រោះងាយស្រួលត្រឡប់មកវិញ។ បើទៅតំបន់ឦសានត្រូវចំណាយពេលយូរ និងចំណាយច្រើន»។ នេះជាការបញ្ជាក់របស់លោក តុប សុភ័ក្ត្រ។ 
 
ការមិនសូវមានទេសចរទៅកាន់តំបន់ឦសាន បានធ្វើឱ្យប្រជាពលរដ្ឋដែលធ្លាប់បម្រើការក្នុងវិស័យនេះ ជួបបញ្ហាជីវភាពយ៉ាងធ្ងន់ធ្ងរ ដោយបាត់បង់ចំណូលពីទេសចរ។ អ្នកពឹងចំណូលពីភ្ញៀវទេសចរ បានងាកទៅធ្វើកម្មករក្នុងចម្ការ និងប្រកបរបរកសិកម្មវិញ។ ប្រាក់កម្រៃពីការងារទាំងអស់នោះ មិនអាចផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់បានទេ។ 


 
«អ្នកមានដីដាំដំណាំជីវភាពគាត់ មិនសូវពិបាកខ្លាំង។ អ្នកដែលគាត់អត់មានដី ហើយគាត់រំពឹងតែលើវិស័យទេសចរណ៍ គឺគាត់លំបាកខ្លាំងដោយសារជំងឺកូវីដ-១៩ អូសបន្លាយយូរពេក»។ នេះជាការលើកឡើង របស់ប្រធានសមាគមសណ្ឋាគារ CHA ដោយបន្ថែមថា អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ក្នុងភូមិភាគឦសាន នឹងត្រឡប់មកធ្វើការវិញ បើសិនជាមានភ្ញៀវ ព្រោះនេះជាប្រភពចំណូល របស់ពួកគាត់។
 
លោក តុប សុភ័ក្រ្ត និងលោកស្រី ខៃ ចិន្តា បានអំពាវនាវដល់ភ្ញៀវទេសចរ ឱ្យងាកទៅកម្សាន្តនៅតំបន់ភូមិភាគឦសាន ដែលសម្បូរដោយតំបន់ទេសចរណ៍ធម្មជាតិ, ទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិច ។ 
 
គួរបញ្ជាក់ផងដែរថា ជំងឺកូវីដ-១៩ បានធ្វើឱ្យអាជីវកម្មទេសចរណ៍ប្រមាណ ៣ ៤០០ ទីតាំង បានផ្អាក និងបិទបណ្ដោះអាសន្ន ដែលបណ្ដាលឱ្យអ្នកបម្រើការងារក្នុងវិស័យនេះ ប្រមាណ ៦ម៉ឺននាក់ គ្មានការងារធ្វើ និងអ្នកមួយចំនួនទៀតប្រកបរបរដទៃ នៅទូទាំងប្រទេសគិតមកដល់បច្ចុប្បន្ន៕
 


Tag:
 ភូមិភាគឦសាន
© រក្សាសិទ្ធិដោយ thmeythmey.com