ជាតិ
លោក ស៊ុន ចាន់ថុល សុំទោសពលរដ្ឋ ក្រោយផ្លូវពីកំពត-វាលរេញ មានបញ្ហាឥតឈប់ឈរ
05, Jun 2021 , 8:59 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន ក្នុងឱកាសចុះត្រូតពិនិត្យការសាងសង់ផ្លវជាតិលេខ៣។ រូបភាព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន ក្នុងឱកាសចុះត្រូតពិនិត្យការសាងសង់ផ្លវជាតិលេខ៣។ រូបភាព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសុំការអភ័យទោសពីប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវជាតិលេខ៣ ចន្លោះពីខេត្តកំពត ទៅវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសារបញ្ហាផ្លូវបន្តខូច ទោះជួសជុលហើយក្ដី។ លោករដ្ឋមន្រ្តីលើកឡើងថា បញ្ហាខូចផ្លូវនេះ បណ្ដាលមកពីកង្វះថវិកាក្នុងការសាងសង់។


«ខ្ញុំសុំទោសបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ផ្លូវពីកំពត ទៅ វាលរេញ ប្រហែល៥៤គីឡូម៉ែត្រ ដែលមានការខូតខាត។ យើងសង្កេតឃើញថា ផ្លូវធ្វើហើយខូចទៅវិញ ធ្វើមុខ ខូចក្រោយ, ធ្វើក្រោយខូចមុខ»។ លោក ស៊ុន ចាន់ថុល បានថ្លែងបែបនេះ នៅពេលចុះត្រួតពិនិត្យការសាងសង់ ផ្លូវជាតិលេខ៣ ។
 
ក្រោយពិនិត្យឃើញផ្លូវនៅបន្តមានបញ្ហាលោក ស៊ុន ចាន់ថុល បានស្នើដល់ម្ចាស់គម្រោង ឱ្យផ្លាស់ប្ដូរប្រធានសាងសង់។ បើតាមលោករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលកាន់គម្រោងនេះ ក៏ត្រូវបានផ្អាកពីគម្រោងនេះផងដែរ។
 
ទាក់ទងនឹងបញ្ហាផ្លូវបន្តខូចនេះ លោក ស៊ុន ចាន់ថុល ក៏បានផ្លាស់ប្ដូរក្រុមហ៊ុនស្ដារ ក្រោយជួសជុលបានប្រមាណ៣០គីឡូម៉ែត្រប៉ុណ្ណោះ ខណៈផ្លូវត្រូវស្ដារ និងជួសជុលនៅប្រមាណ២០ គីឡូម៉ែត្រទៀត។ ចំពោះផ្លូវនៅសល់ ២០គីឡូម៉ែត្រទៀត ក្រសួងសាធារណការ នឹងជួសជុលបណ្ដោះអាសន្ន ព្រោះថវិកានៅសល់តិចជាង ៧០ម៉ឺនដុល្លារប៉ុណ្ណោះ។ រដ្ឋមន្រ្តីក្រសួងសាធារណ អះអាងថា នឹងពិនិត្យ និងស្វែងរកថវិកាឱ្យបានគ្រប់គ្រាន់ ដើម្បីធ្វើផ្លូវនេះត្រឹមត្រូវតាមបច្ចេកទេស។
 
សូមបញ្ជាក់ថា ផ្លូវចន្លោះពីកំពត ទៅផ្លូវជាតិលេខ៤នេះ ស្ថិតក្នុងគម្រោងស្ដារ ជួសជុល និងថែទាំ រយៈពេល៥ឆ្នាំ ចំណាយថវិកាសរុប ១៦លានដុល្លារអាមេរិក ជាថវិកាពីធនាគារពិភពលោក។ លោក ស៊ុន ចាន់ ថុល លើកឡើងថា គម្រោងផ្លូវនេះមិនមែនធ្វើគ្រឹះវានោះទេ ប៉ុន្តែគ្រាន់តែជួសជុលបន្តិចបន្តួចព្រោះថវិកាមានកម្រិត៕
 

Tag:
 ផ្លូវ
  សាធារណការ
  វាលរេញ
© រក្សាសិទ្ធិដោយ thmeythmey.com