ជាតិ
អ្នកស្រី សាលី សម្រុកដាំ«ពោតពណ៌ស្វាយ» ក្រោយទទួលបានគាំទ្រច្រើនពីអតិថិជន
07, Jun 2021 , 7:59 am        
រូបភាព
រូបតំណាង (ប្រភពរូប៖ ហ្វេសប៊ុកលោក វេង សាខុន និងលោក ផាត ច័ន្ទណា)
រូបតំណាង (ប្រភពរូប៖ ហ្វេសប៊ុកលោក វេង សាខុន និងលោក ផាត ច័ន្ទណា)
ដោយ:
ក្រោយទទួលបានជោគជ័យលើការដាំពោតពណ៌ស្វាយ និងមានការគាំទ្រច្រើនពីអតិថិជន អ្នកស្រី សុខ សាលី បានសម្រុកដាំ និងពង្រីកផ្ទៃដីដាំដុះដំណាំប្រភេទនេះថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ កសិកររូបនេះ បានបញ្ជាក់ថា ដំណាំពោតពណ៌ស្វាយនេះ ងាយស្រួលដាំ ឆាប់បានទិន្នផល មានតម្លៃខ្ពស់ ជាពិសេស គឺមានអ្នកបញ្ជាទិញច្រើនពីផ្សារទំនើប បណ្តាផ្សារបន្លែធម្មជាតិមួយចំនួននៅភ្នំពេញ និងពីពលរដ្ឋរស់នៅក្នុងតំបន់នានា។
 
អ្នកស្រី សុខ សាលី ជាកសិករដាំពោតពណ៌ស្វាយ នៅក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពោតពណ៌ស្វាយរបស់កសិកររូបនេះ លក់បានតម្លៃ៣ម៉ឺនរៀលក្នុងមួយផ្លូន(៥២ផ្លែ)  ដោយ អ្នកស្រីបានអះអាងថា តម្លៃ៣០,០០០រៀលក្នុងមួយផ្លូននេះ រកតែពោតលក់ឲ្យគេមិនមានផង។ 
 
អ្នកស្រីសាលី ដែលមានបទពិសោធន៍ផ្នែកដាំដុះដំណាំនានាជាង១០ឆ្នាំមកនេះ បានចាប់ផ្តើមដាំពោតពណ៌ស្វាយជាលើកដំបូងដោយប្រើពូជអស់ប្រមាណ១គីឡូក្រាម  ហើយចំណាយពេលថែទាំមិនដល់២ខែផង គឺទទួលទិន្នផលសម្រាប់ដាក់លក់នៅទីផ្សារ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey25 អ្នកស្រីសាលី បាននិយាយដូច្នេះ៖«ខ្ញុំចាប់ផ្តើមដាំពោតពណ៌ស្វាយនេះដំបូង នៅដើមខែមេសា ឆ្នាំ២០២១ រហូតចុងខែឧសភា ដល់ថ្ងៃទី១មិថុនា ខ្ញុំប្រមូលផលអស់។  ហើយពេលនេះ ខ្ញុំកំពុងពង្រីកដីដាំពោតហ្នឹងថែមទៀត»។ 
 
បច្ចុប្បន្នអ្នកស្រី សាលី កំពុងមមាញឹកក្នុងការដាំដុះពោតពណ៌ស្វាយនេះ នៅលើផ្ទៃដីចំនួន៣កន្លែង ផ្សេងពីគ្នានៅក្នុងភូមិកោះប្រាក់។ ផ្ទៃដីនីមួយៗសម្រាប់ដាំពោតពណ៌ស្វាយរបស់កសិករវ័យ៦១ឆ្នាំរូបនេះ  គឺមានទទឹងពី១០ទៅ២៦ម៉ែត្រ និងបណ្តោយពី១២០ម៉ែត្រទៅ៤០០ម៉ែត្រ។ 
 
បើតាមកសិករដដែលរូបនេះ ក្នុងចំណោមដីដាំពោតពណ៌ស្វាយទាំង៣កន្លែងនេះ គឺមាន២កន្លែង ជាដីជួលគេ ក្នុងតម្លៃសមរម្យណាមួយ។ «ដំបូងខ្ញុំដាំពោតពណ៌ស្វាយហ្នឹងតែតិចទេ នៅតាមកន្លែងដីនីមួយៗដែលនៅទំនេរ។ កន្លងមក ចំពោះដីដែលខ្ញុំជួលគេ គឺខ្ញុំដាំល្ហុង និងប៉េងប៉ោះឈឺរី ច្រើន។ តែពេលនេះ ខ្ញុំឈប់ដាំល្ហុងហើយ គឺខ្ញុំសម្រុកដាំតែពោតពណ៌ស្វាយ និងប៉េងប៉ោះឈឺរី តែប៉ុណ្ណោះ»។ នេះជាការរៀបរាប់របស់អ្នកស្រីសាលី ដោយបានបញ្ជាក់ថា៖« ខ្ញុំដាំពោតពណ៌ស្វាយលើកទីពីរនេះ មានចំនួនច្រើនជាងលើកទីមួយ ព្រោះដីដែលធ្លាប់ដាំល្ហុង កំពុងជំនួយដោយការដាំពោតពណ៌ស្វាយទាំងអស់»។ 
 
កសិករវ័យ៦១ឆ្នាំរូបនេះ បានបង្ហាញនូវក្តីសប្បាយរីករាយជាខ្លាំង ចំពោះលទ្ធផលដែលទទួលបានពីការដាំដុះពោតពណ៌ស្វាយនេះ។ ព្រោះតែមានទីផ្សារល្អ  ងាកស្រួលថែទាំ និងឆាប់ទទួលបានទិន្នផល អ្នកស្រីសាលី ក៏បានណែនាំ ដល់កសិករនានាឲ្យដាំពោតពណ៌ស្វាយផងដែរ តាមរយៈការចែករំលែកពូជ និងប្រាប់ពីវិធីសាស្រ្តដាំដុះ ជាដើម។ អ្នកស្រី បានបញ្ជាក់ថា ការដាំពោតពណ៌ស្វាយនេះ គឺមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
 
ការដាំពោតពណ៌ស្វាយនេះ គឺមិនលក្ខណៈមិនខុសពីការដាំពូជពោតដទៃឡើយ ហើយប្រភេទដីល្បាប់តាមមាត់ទន្លេ គឺអំណោយល្អសម្រាប់ការដាំដុះដំណាំប្រភេទនេះ។ អ្នកស្រីសាលី បន្តរៀបរាប់ពីបច្ចេកទេសដាំពោតពណ៌ស្វាយជាជំហានៗថា មុននឹងចាប់ផ្តើមដាំពោតនេះ ជាដំបូងកសិករត្រូវភ្ជួរដីឲ្យស្អាត រួចហើយ ហាលដីចោលក្នុងរយៈពេល១ទៅ២ថ្ងៃសិន។ បន្ទាប់មកកសិករ ត្រូវឆូតរងសម្រាប់ដាំដុះដោយក្នុងគុម្ពនីមួយៗ ត្រូវដាក់គ្រាប់ពោតចំនួន២គ្រាប់ ទើបជាការល្អ។ ដើម្បីឲ្យគ្រាប់ពោតអាចលូតលាស់បានល្អ ក្រោយដាំបានរយៈពេល៣ថ្ងៃ គឺត្រូវស្រោចទឹក។ ដំណាំពោតពណ៌ស្វាយ មិនពិបាកមើលថែនោះទេ ហើយរយៈពេល ៥៨ ទៅ៦០ថ្ងៃ កសិករអាចប្រមូលផលពោតបាន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com