COVID-19
ជាតិ
របាយកាណ៍២ខេត្តទៀត ៖ បន្ទាយមានជ័យ និងកំពង់ចាម រក​ឃើញ១៩ករណី​រៀងខ្លួន
06, Jun 2021 , 7:29 pm        
រូបភាព
ដោយ:
ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែមិថុនា រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៩នាក់បន្ថែមទៀត ភាគច្រើនជាអ្នកក្រុងប៉ោយប៉ែត ខណៈខេត្តកំពង់ចាម ក៏រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន- ១៩នាក់ទៀតដែរ។ នេះបើតាមការប្រកាសរបស់រដ្ឋបាលខេត្តទាំងពីរ។

បន្ទាយមានជ័យ៖ រកឃើញ​ ១៩នាក់​ទៀត ​និង១១៧នាក់បានជាសះស្បើយ​

​មនុស្សចំនួន ១៩នាក់បន្ថែមទៀត បានឆ្លងកូវីដ-១៩ និងមានអ្នកជាះស្បើយចំនួន១១៧នាក់​នៅក្នុងបន្ទាយមានជ័យ។ បើតាម​ប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត មនុស្សទាំង១៩នាក់ មានអាសយដ្ឋាននៅក្រុងប៉ោយប៉ែត១៤នាក់, ស្រុកអូរជ្រៅ៤នាក់ និងស្រុកព្រះនេត្រព្រះ១នាក់។ បើតាមរដ្ឋបាលខេត្ត មនុស្សទាំង១៩នាក់ ខាងលើមានមុខរបរជាកម្មករ,កសិករ និងអ្នកលក់ដូរ។

បន្ថែមលើនោះរដ្ឋបាលខេត្តបន្ទាយមានជ័យ កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺខាងលើ និងអំពាវនាវឲ្យអ្នកទាំងនោះប្រញាប់ទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩។

កំពត៖ មាន១៩នាក់ និងសះស្បើយ ១៩៥នាក់

​រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែមិថុនា ក៏បានប្រកាសពីករណីកូវីដ-១៩ថ្មី ចំនួន១៩នាក់ខណៈករណីជាសះស្បើយចំនួន ១៩៥នាក់។ ដោយឡែកអ្នកវិជ្ជមានថ្មីទាំង១៩នាក់ គឺធ្លាប់បានប៉ះពាល់ជាមួយកម្មកររោងចក្រដែលអ្នកវិជ្ជមានកន្លងមក។ បើតាមរដ្ឋបាលខេត្ត មនុស្សទាំង១៩នាក់នោះ មានអាសយដ្ឋាន នៅស្រុកស្រីសន្ធរ៦នាក់,ស្រុកបាធាយ៥នាក់,ស្រុកព្រៃឈរ៤នាក់,ស្រុកជើងព្រៃ៣នាក់ និងអ្នកមកពីភ្នំពេញ១នាក់។

បច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជូនអ្នកជំងឺកូវីដ-១៩ ទាំង១៩នាក់ទៅព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ។ ដោយឡែករដ្ឋបាលខេត្ត ក៏កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺខាងលើ និងអំពាវនាវឲ្យអ្នកទាំងនោះប្រញាប់ទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់។ 

© រក្សាសិទ្ធិដោយ thmeythmey.com