COVID-19
ជាតិ
សុខភាព
ស្ត្រីវ័យ៥៤ឆ្នាំម្នាក់នៅខេត្តតាកែវ ស្លាប់ដោយកូវីដ-១៩ ដែលជាករណីទី៩នៅក្នុងខេត្ត
08, Jun 2021 , 4:23 pm        
រូបភាព
ស្ត្រីវ័យ៥៤ឆ្នាំម្នាក់ទៀត ដែលរស់នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ បានស្លាប់ដោយសារជំងឺកូវីដ-១៩។ ការស្លាប់របស់ស្ត្រីរូបនេះ បានធ្វើឱ្យខេត្តតាកែវកើននូវចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩រហូតដល់៩នាក់ ដោយក្នុងនោះមានស្ត្រី៧នាក់។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ។
 
 
បើតាមការលើកឡើងរបស់ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវរូបនេះ ស្ត្រីដែលស្លាប់ដោយសារជំងឺកូវីដ-១៩ខាងលើ  មានឈ្មោះ ហេង ណាវី បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣មិថុនា ឆ្នាំ២០២១ ហើយក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ 
 
មុននឹងស្លាប់ ស្ត្រីរូបនេះមានភាពហត់ ឈឺក្បាល អស់កម្លាំង រួមទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយផង។ ស្ថានភាពអ្នកជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ បានតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ រហូតដល់ ជាងម៉ោង១យប់ ចូលថ្ងៃទី៧មិថុនា ឆ្នាំ២០២១ អ្នកជំងឺក៏បានបាត់បង់ជីវិត។ នេះជាការរៀបរាប់របស់លោក នុត ស៊ីណាត។ 
 
យោងតាមតួលេខ ដែលសារព័ត៌មាន ThmeyThmey ទទួលបានពីលោក នុត ស៊ីណាត គិតត្រឹមថ្ងៃទី៧មិថុនា ឆ្នាំ២០២១ ខេត្តតាកែវ មានអ្នកឆ្លងកូវីដ-១៩ ជាង១,៤០០នាក់។ ក្នុងនោះ មានអ្នកជំងឺជិត៨០០នាក់ បានជាសះស្បើយពីកូវីដ-១៩ និង៩នាក់បានស្លាប់ដោយសារជំងឺនេះ ខណៈជាង៦០០កំពុងសម្រាកព្យាបាល។  លោក នុត ស៊ីណាត មានប្រសាសន៍ដូចនេះ៖«មួយរយៈពេលចុងក្រោយ ខេត្តតាកែវ មានសន្ទុះខ្លាំងនៃការឆ្លងកូវីដ-១៩ ដោយក្នុងមួយថ្ងៃៗក្រុមគ្រូពេទ្យយើងយកសំណាកជាង១០០០នាក់ មកធ្វើតេស្តកូវីដ-១៩»។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩សរុប ៣៥ ៥១១នាក់ ក្នុងនោះ២៨ ៦៤៩នាក់ បានជាសះស្បើយ និងស្លាប់២៧៨នាក់៕
 
 
 
 
 
 
 

Tag:
 COVID-19
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com