COVID-19
ជាតិ
អភិបាលស្រុកកំពង់ត្រាច៖ ពេទ្យមិនបានយកសពអ្នកកើតកូវីដ-១៩ ទៅប្លុងចោលដូចការចោទប្រកាន់ឡើយ
08, Jun 2021 , 6:56 pm        
រូបភាព
លោក ជួន សុភា អភិបាល​ស្រុកកំពង់ត្រាច ខេត្តកំពត បាន​អះអាង​ប្រាប់សារព័ត៌មានថ្មីៗថា ក្រុមគ្រូពេទ្យ បាន​ដឹកសាកសពមនុស្សពីរនាក់​ទៅបូជានៅទីតាំងភ្នំប្រាសាទ ដោយមានការរៀបចំពិធីត្រឹមត្រូវ ពោលគឺមិនមែនយកទៅប្លុកចោល ដូចជាការចោទប្រកាន់របស់អ្នកប្រើ​ប្រាស់បណ្តាញសង្គមមួយចំនួននោះឡើយ។


នៅ​ថ្ងៃនេះ រូបភាព​ចែក​រំលែក​តៗគ្នា មួយ​បាន​ចោទប្រកាន់ថា ប្រជាពលរដ្ឋដែលបានស្លាប់ដោយសារកូវីដ-១៩ ត្រូវបានក្រសួងសុខាភិបាល យកសាកសពទៅប្លុងចោលនៅភ្នំប្រាសាទ យ៉ាងអានាធិបតេយ្យ ស្ថិតនៅកំពង់ត្រាច ខេត្តកំពត។ លោកអភិបាលស្រុក​បាន​ច្រានចោលការចោទប្រកាន់នេះ។

«អំឡុងពេល​ដែល​ដឹកសាកសពទៅកន្លែងបូជា ត្រូវ​រង់ចាំព្រះសង្ឃនិមន្តទៅដល់សិន ទើប​រៀបចំពិធីបូជា។ ក្រោយបូជា ការរើសធាតុក៏មាន​ការប្រុងប្រយ័ត្នផងដែរ»។ នេះជាការរៀបរាប់របស់លោកអភិបាលស្រុក ដោយបញ្ជាក់ថា លោកក៏មានវត្តមាននៅក្នុងពិធីនោះដែរ។

តបទៅនឹងការ​សាកសួរ​របស់អ្នកសារព័ត៌មានតាម​តេឡេក្រាម លោកស្រី ឱ វណ្ណឌីន អ្នកនាំ​ពាក្យ​ក្រសួងសុខាភិបាល បានលើកឡើងបន្ថែមថា ក្រុមគ្រូពេទ្យបានដឹកយកទៅដេីម្បីចាត់ចែងដុតតាមនិតិវិធី  ដោយមិនមែនយកទៅទុកចោលឡេីយ។ 

លោកស្រីបាន​ស្នើទៅអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការជនដែលផ្សាយព័ត៍មានមិនពិតនេះ  និងផ្តន្ទាទោសតាមផ្លូវច្បាប់៕

© រក្សាសិទ្ធិដោយ thmeythmey.com