ជាតិ
អ្នកស្រី លក្ខិណានៅស្រុកស្អាង ចែករំលែកពីវិធីសាស្ត្រដាំត្របែកឲ្យបានទិន្នផលខ្ពស់ 14, Jun 2021 , 9:29 am
លោកស្រី គាង លក្ខិណា ម្ចាស់ចម្ការត្របែក នៅស្រុកស្អាង ខេត្តកណ្ដាល
× លោកស្រី គាង លក្ខិណា ជាអ្នកដាំដំណាំត្របែក ស្ថិតក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ បច្ចុប្បន្ន លោកស្រីអាចប្រមូលផលត្របែក ប្រមាណ៤០០គីឡូក្រាម ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារនៅរាជធានីភ្នំពេញ។ កសិករ រូបនេះ ថាត្របែកជាប្រភេទដំណាំងាយដាំ ស្រួលមើលថែ និងអាចប្រមូលផលជាប្រចាំ។
លោកស្រី លក្ខិណា បានដាំត្របែក និងស្វាយប្រមាណ៨ឆ្នាំមកហើយ។ ចំណូលពីការលក់ត្របែក អាចផ្គត់ផ្គង់ផ្លៃចំណាយលើកម្មករ និងការចំណាយផ្សេងៗ លើការដាំដំណាំស្វាយរបស់លោកស្រីផង។ បើតាមស្រ្តីវ័យ៣៥ឆ្នាំរូបនេះ សព្វថ្ងៃត្របែករបស់លោកស្រី មានការគាំទ្រច្រើនពីអតិថិជន ដោយសាររសជាតិ និងគុណភាព។
លោកស្រីបានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖«ខ្ញុំដាំមិនប្រើជីគីមីទេ សូម្បីថ្នាំសម្លាប់សត្វក្រា ក៏ធ្វើខ្លួនឯងដែរ ដូច្នេះគេគាំទ្រច្រើន។ ត្របែករបស់ខ្ញុំ រសជាតិមិនចាញ់ត្របែកពីថៃ ឬវៀតណាមទេ។ លក្ខណៈពិសេសគឺផ្លែធំ ធ្ងន់ និងមានសាច់ផ្អែមស្រួយ»។
ដើមត្របែកដែលខ្ចប់ផ្លែរួច
សព្វថ្ងៃលោកស្រី លក្ខិណា មានផ្ទៃដីដាំដំណាំប្រមាណ១០ហិកតា សម្រាប់ដាំស្វាយកែវរមៀត និងត្របែក ដោយផ្ទៃដីដាំត្របែកមានតែ ៣ហិកតាប៉ុណ្ណោះ។ ថ្វីបើផ្លែត្របែក មានទីផ្សារជាងផ្លែស្វាយក៏ពិតមែន តែម្ចាស់ចម្ការរូបនេះ គ្មានបំណងពង្រីកការដាំត្របែកនោះទេ។ «បើដាំច្រើនពេក ខ្លាចគ្មានទីផ្សារ។ ព្រោះសព្វថ្ងៃ ក៏មានត្របែកនាំចូលពីវៀតណាម និងថៃដែរ»។ នេះជាការអះអាងរបស់លោកស្រី គាង លក្ខិណា។
លោកស្រី លក្ខិណា បន្តថា ត្របែក មានទីផ្សារទូលាយក៏ពិតមែន តែតម្លៃឡើងចុះទៅតាមរដូវ។ នៅរដូវប្រាំង ត្របែកមានតម្លៃ ២៥០០រៀល ទៅ ៣០០០រៀល ក្នុងមួយគីឡូក្រាម។ ដោយឡែកបើសិន នៅរដូវភ្លៀង ឬរដូវសម្បូរផ្លែឈើវិញ ត្របែក ក៏ធ្លាក់ថ្លៃរហូត៥០០រៀល ក្នុងមួយគីឡូក្រាម។ លោកស្រី លក្ខិណា អាចលក់ត្របែកបានតម្លៃ ១៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។
ផ្លែត្របែកដែលបម្រុងបញ្ជូនទៅភ្នំពេញ
«នៅរដូវភ្លៀង ធ្វើឲ្យត្របែកឆាប់រីកធំ មិនសូវតម្រូវតាមទីផ្សារ។ ហើយត្របែកក៏មានរសជាតិសាប ជាងនៅរដូវប្រាំងដែរ។ ទាំងនេះជាមូលហេតុ ដែលធ្វើឲ្យឈ្មួញទម្លាក់ថ្លៃ នៅរដូវនេះ»។ នេះជាការបញ្ជាក់របស់លោកស្រី។
ត្របែក ជាដំណាំមិនពិបាកថែទាំដូចដំណាំផ្សេងនោះទេ។ កសិករ ត្រូវកាត់ត្រួយត្របែក ដើម្បីឲ្យឆាប់ចេញផ្កា។ វិធីការពារកុំឲ្យសត្វទិចផ្លែ គេត្រូវខ្ចប់ផ្លែត្របែកនៅពេលផ្លែត្របែកមានទំហំប៉ុនមេដៃ។ សម្រាប់វិធីកម្ចាត់សត្វក្រា កសិករអាចផ្សំថ្នាំកម្ចាត់បែបធម្មជាតិ ដោយខ្លួនឯង។ គ្រឿងផ្សំមានដូចជា ទឹក៥០០លីត្រ,សាប៊ូលាងចាន១លីត្រ,សាប៊ូម្សៅកន្លះគីឡូក្រាម និងប្រេងឆា១លីត្រ។ ដើម្បីប្រើវិធីនេះ ឲ្យមានប្រសិទ្ធ ភាព គេត្រូវត្រូវលាយបញ្ចូលគ្នា។ បន្ទាប់មក គេត្រូវយកទៅបាញ់ឲ្យចំដើម និងស្លឹក ដែលមានក្រា៕
រូបភាពទាំងអស់ផ្លល់ដោយលោកស្រី គាង លក្ខិណា
© រក្សាសិទ្ធិដោយ thmeythmey.com