ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! អ្នកជំងឺទឹកនោមផ្អែម គួរញ៊ាំផ្លែឈើទាំងនេះទើបល្អ
14, Jun 2021 , 10:59 pm        
រូបភាព
របបអាហារសុខភាពល្អ គឺចាំបាច់ណាស់សម្រាប់គ្រប់គ្នា។ ប៉ុន្តែវាកាន់តែសំខាន់ថែមមួយកម្រិតទៀតចំពោះអ្នកជំងឺទឹកនោមផ្អែម។ របបអាហារល្អមួយអាចជួយគ្រប់គ្រងទម្ងន់និងជាតិស្ករបានយ៉ាងប្រសើរ។ បរិមាណនៃកាបូអ៊ីដ្រាតក្នុងអាហារអាចជះឥទ្ធិពលលើកម្រិតនៃជាតិស្ករក្នុងឈាម។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើមួយចំនួនដែលល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ៖
 
១. ក្រូចឆ្មារ
 
មានផ្ទុកវីតាមីន C ខ្ពស់ ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដូចជាវីតាមីន A, វីតាមីន B, ម៉ាញ៉េស្យូម, សូដ្យូម និងជាតិសសៃដែលល្អណាស់សម្រាប់ជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។ វាក៏ជាប្រភេទនៃផ្លែឈើដែលមានផ្ទុកកម្រិតគ្លីសេមិចទាបដែលទប់ស្កាត់ការឡើងខ្ពស់នៃកម្រិតគ្លុយកូសក្នុងឈាមផងដែរ។
 
២. ផ្លែក្រូចទ្រើង ឬផាស្សិន
 
ក៏ជាប្រភេទនៃផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតរួមមានជាតិសសៃ និង pectin ដែលផ្ដល់អត្ថប្រយោជន៍ខ្ពស់សម្រាប់អ្នកជំងឺទឹកនោមផ្អែមតាមរយៈការទប់ស្កាត់មិនឱ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗ។
 
៣. ត្របែក
 
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ dietary ជួយព្យាបាលនិងទប់ស្កាត់អាការៈទល់លាមកដែលតែងកើតមានចំពោះអ្នកជំងឺទឹកនោមផ្អែម។ ជាតិសសៃ dietary ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ។ 
 
៤​. ទំពាំងបាយជូរ
 
ជាតិសសៃក្នុងផ្លែទំពាំងបាយជូរជួយឱ្យឆាប់ឆ្អែត និងពន្យឺតការរំលាយ ក៏ដូចជាការស្រូបយកជាតិស្ករផងដែរ។ ដូច្នេះហានិភ័យនៃជំងឺទឹកនោមផ្អែមត្រូវបានកាត់បន្ថយ ក៏ព្រោះតែកម្រិតនៃជាតិស្ករក្នុងឈាមមិនអាចឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។
 
៥. ក្រូចគ្រប់ប្រភេទ
 
មានផ្ទុកសម្បូរទៅដោយសារធាតុ flavanones, flavonols និងអាស៊ីត phenolic ដ៏មានឥទ្ធិពលជួយក្នុងការទប់ស្កាត់កម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ក្រូចមិនត្រឹមតែពន្យឺតការរំលាយជាតិស្ករប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងការដឹកជញ្ជូនគ្លុយកូសតាមរយៈថ្លើម និងពោះវៀនផងដែរ។
 
៦.  ផ្លែប៉ោម
 
មា​នផ្ទុកជាតិស្ករទាបដែលមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើកម្រិតនៃជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀត ប៉ោមក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, វីតាមីន C រួមទាំងសារធាតុ polyphenols ដែលជួយពន្យឺតការរំលាយ និងស្រូបយកជាតិស្ករផងដែរ។ ដូច្នេះកម្រិតនៃជាតិស្ករក្នុងឈាមមិនអាចឡើងខ្ពស់គួរឱ្យព្រួយបារម្ភឡើយ។ កុំចិតសំបកប៉ោមចេញ គ្រាន់តែលាងឱ្យស្អាតទៅបានហើយ ក៏ព្រោះសំបកជាផ្នែកដែលមានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗច្រើន​បំផុត។
 
៧. ផ្លែបឺរ
 
ទោះបីមានផ្ទុកកាឡូរីរាងខ្ពស់បន្តិច ប៉ុន្តែផ្លែបឺរល្អណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែមតាមរយៈអាស៊ីតខ្លាញ់សុខភាពល្អនិងវីតាមីន C។ អាស៊ីតខ្លាញ់សុខភាពល្អអាចជួយបញ្ចុះកម្រិតនៃគ្លីសេមិចក្នុងរាងកាយ។
 
៨. ផ្លែទទឹម
 
ផ្លែទទឹម គឺជាប្រភពដ៏ប្រសើរនៃជាតិដែក។ ផ្លែឈើនេះក៏ផ្ដល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតផងដែរ។ ទឹកផ្លែទទឺមស្រស់ គឺល្អណាស់សម្រាប់គ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com