ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សង្គ្រោះបឋម សម្រាប់ការ ហូរឈាមធ្ងន់ធ្ងរ 15, Jun 2021 , 10:59 pm
× ការហូរឈាម អាចកើតមានឡើង នៅពេលដែលមានការដាច់រហែក នៅលើសរសៃឈាម ដែលអាចជាការហូរឈាម នៅខាងក្នុងរាងកាយ ឬការហូរឈាមនៅខាងក្រៅរាងកាយ ដែលយើងអាចដឹងបានដោយងាយ។
ជាទូទៅ ការហូរឈាមតិតតួចអាចនឹងមិនបង្ករ អោយមានបញ្ហាធ្ងន់ធ្ងរនោះទេ តែក្នុងករណីមានហូរឈាមច្រើន វាអាចនាំអោយមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលអាចជាការគម្រាមកំហែង ដល់អាយុជីវិតបាន។
ចំពោះការហូរឈាមធ្ងន់ធ្ងរ សូមអនុវត្តសកម្មភាពទាំងនេះ ជាបន្ទាន់ ៖
• យកអ្វីៗដែលមិនស្អាត ចេញពីមុខរបួស ៖ សូមកុំយកវត្ថុដែលមានទំហំធំ ឬបានចាក់ចូលយ៉ាងជ្រៅចេញ។ សូមកុំព្យាយាមលាងសម្អាតមុខរបួស។ ការងារដំបូងរបស់អ្នកគឺ បញ្ឈប់ការហូរឈាម។ បើអាច សូមពាក់ស្រោមដៃការពារផង។
• បញ្ឈប់ការហូរឈាម ៖ ដាក់បង់រុំ ឬក្រណាត់ស្អាតលើមុខរបួស។ សង្កត់អោយបានខ្លាំងដោយបាត់ដៃរបស់អ្នក ដើម្បីគ្រប់គ្រងការហូរឈាម។ សង្កត់អោយជាប់ ឬប្រើស្កុតបិត ឬប្រើដៃរបស់អ្នក ប្រសិនបើគ្មានអ្វីសោះនៅជិតអ្នកទេនោះ។
• ជួយអោយអ្នកដែលរងរបួសបានគេងត្រង់ ៖ ហើយដណ្តប់ភួយ ដើម្បីទប់ស្កាត់ការបាត់បង់កំដៅរាងកាយ។ បើអាចធ្វើបាន សូមលើកជើងគេអោយខ្ពស់ជាងដងខ្លួនបន្តិច។
• កុំយកបង់រុំចេញ ៖ ប្រសិនបើមានការហូរឈាម អាចមើលឃើញចេញតាមបង់រុំ ឬក្រណាត់ដែលកំពុងរុំ នៅលើមុខរបួស សូមបន្ថែមបង់រុំមួយផ្សេងទៀត និងបន្តសង្កត់អោយខ្លាំង ហើយហាមដកយកចេញ។
• ហាមធ្វើចលនានៅតំបន់ ដែលបានបានរងរបួស នៅពេលដែលឈាមឈប់ហូរ ៖ ទុកអោយបង់រុំនៅនឹងកន្លែងនោះ ហើយបញ្ចូនអ្នកដែលរងរបួស ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ អោយបានឆាប់តាមដែលអាចធ្វើទៅបាន។
សូមហៅទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ ដែលនៅជិតអ្នកបំផុត ប្រសិនបើការហូរឈាមនេះ គឺមកពីការប៉ះទង្កិច ឬការរងរបួសដ៏ធំមួយនេះ ឬបើអ្នកសង្ស័យថា ការហូរឈាមនៅខាងក្នុងរាងកាយ ដែលអាចមានរោគសញ្ញាដូចជា ៖
- ការហូរឈាមពីត្រចៀក ច្រមុះ មាត់ ឬរន្ធគូថ
- ក្អួត ឬក្អកមានឈាមមកជាមួយ
- ឡើងជាំលើស្បែក
- ហើម ហើយឈឺចាប់ ពេលប៉ះលើពោះ
- ត្រជាក់ស្បែក ឡើងសម្បុរគីង្គក់
- ស្រេកទឹកខ្លាំង
- មានបាក់ឆ្អឹង
- ជីពចរលោតញាប់ ខ្សោយៗ ឡើងស្លេក បែកញើសខ្លាំង ដង្ហើមញាប់ និងមានការថយចុះការដឹងខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com