រថយន្ត
អន្តរជាតិ
បណ្តាក្រុមហ៊ុនយានយន្តនៅវៀតណាមលក់អនឡាញ និងដឹករថយន្តឲ្យអតិថិជនដល់ផ្ទះ
21, Jun 2021 , 8:19 pm        
រូបភាព
ដោយ: ធីតា
បណ្តាក្រុមហ៊ុនយានយន្តនានានៅវៀតណាម កំពុងអនុវត្តសេវាកម្មដល់ផ្ទះ (door-to-door services) សម្រាប់អតិថិជនដែលបានបញ្ជាទិញរថយន្តតាមអនឡាញ ក្នុងបរិបទនៃការរាលដាលកូវីដ-១៩ នៅក្នុងប្រទេស។
 
តាមប្រព័ន្ធអនឡាញ ក្រុមហ៊ុនទាំងអស់ បានបង្កើតកម្មវិធីប្រឹក្សាយោបល់សម្រាប់អតិថិជន ដោយពួកគេអាចចុះកិច្ចសន្យាទិញ និងសាកល្បងបើករថយន្ត ដោយមិនចាំបាច់ទៅកាន់ទីតាំងបង្ហាញ (showroom)។
 
ទោះបីជាយ៉ាងណាក៏ដោយ ការលក់ដូររថយន្តតាមអនឡាញ ជាមួយការបំពាក់បច្ចេកវិទ្យាពិសេស សម្រាប់អតិថិជន អនុវត្តភាគច្រើនតែនៅក្នុងទីក្រុងហាណូយប៉ុណ្ណោះ។ 
 
លោក Pham Van Dung អគ្គនាយកក្រុមហ៊ុន Ford Vietnam បានអះអាងប្រាប់សារព័ត៌មាន VietnamPlus ថា កូវីដ-១៩ បង្កបញ្ហាដល់គ្រប់វិស័យ ហេតុដូច្នេះហើយបានជាក្រុមហ៊ុនយានយន្តខិតខំរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីបម្រើអតិថិជនប្រកបដោយការយកចិត្តទុកដាក់ និងសុវត្ថិភាព។
 
អតិថិជនអាចស្នាក់នៅផ្ទះ ហើយបញ្ជាទិញរថយន្តតាមអនឡាញ ជាពិសេសនៅទីតាំងលក់ដែលជិតបំផុត។ ក្រោយមានការព្រមព្រៀងគ្នា បុគ្គលិកក្រុមហ៊ុននឹងដឹករថយន្តទៅដល់ផ្ទះអតិថិជនដើម្បីពួកគេអាចបើកសាកល្បង។
ក្រុមហ៊ុន VinFast, Mercedes-Benz Vietnam ក៏កំពុងអនុវត្តទីផ្សារឌីជីថលនេះផងដែរ ជាពិសេសការបន្ទាន់សម័យគេហទំព័រផ្លូវការរបស់ខ្លួន ដើម្បីឲ្យអតិថិជនអាចដឹងព័ត៌មានកាន់តែច្បាស់អំពីមូដែលរថយន្ត មុននឹងឈានដល់ការសម្រេចចិត្តទិញ។
 
លោក Bradley Kelly អគ្គនាយកក្រុមហ៊ុន Mercedes-Benz Vietnam បានវាយតម្លៃថា ប្រព័ន្ធឌីជីថល គឺជាជំហានទៅមុខមួយក្នុងការទិញលក់រថយន្តទំនើបនៅវៀតណាម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com