ជាតិ
សង្គមជាតិ
ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅខេត្តកំពង់ស្ពឺ បានរើចេញអស់ហើយ
24, Jun 2021 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ត្រូវបានម្ចាស់អាជីវកម្ម និងក្រុមហ៊ុនរុះរើចេញអស់ហើយ។ នេះជាការលើកឡើងរបស់ លោកស្រី ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺដែលបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។
 
លោក ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ម្ចាស់អាជីករ និងម្ចាស់ក្រុមហ៊ុន បានស្ម័គ្រចិត្តរុះរើចេញដោយខ្លួនឯង តាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ 
 
«គ្រប់ស្រុក ឃើញថាអត់មានផ្ទាំងពាណិជ្ជកម្មគ្រឿងស្រវឹងទេ គឺរើអស់ខ្ទេចខ្ទីហើយ។ ខ្ញុំមើលគ្រប់ច្រករហក គឺមិនមានសល់មួយតែម្តង។ មិនថាទីប្រជុំជន និងទីដាច់ស្រយោល។ តាមសេចក្តីជូនដំណឹងមក គឺពលរដ្ឋចាប់ផ្តើមអនុវត្តជាបណ្តើរៗដោយមិនបាច់បង្គំ។ ពលរដ្ឋមានការចូលរួមច្រើន ពីព្រោះពួកគេមានការយល់ដឹងច្រើន»។ លោកស្រី អភិបាលរងខេត្តកំពង់ស្ពឺ បានរៀបរាប់បែបនេះ។ 
 
បើតាមលោកស្រី ឡុង បូណារេត ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្ម ភាគច្រើនរុះរើតែផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង ប៉ុន្តែបង្គោលដែលដាក់ផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមចិញ្ចើមផ្លូវ គឺមានខ្លះ ត្រូវបានដកចេញ។ ចំណែកបង្គោលដែលមិនទាន់ដកចេញ រដ្ឋបាលខេត្តអាចអនុញ្ញាតឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មអាចដាក់ផ្ទាំងផ្សព្វផ្សាយផ្សេងៗ ជំនួសគ្រឿងស្រវឹង។ 
 
លោកស្រី អភិបាលរងខេត្តកំពង់ស្ពឺបានលើកឡើងដូច្នេះថា៖«យើងហាមតែអ្វីដែលប៉ះពាល់នឹងគ្រឿងស្រវឹង ហើយអ្វីមិនប៉ះពាល់។ ពួកគាត់ចង់ដាក់ផ្ទាំងអ្វីដែលជាអាជីកម្មរបស់គាត់ ដាក់ជាឈ្មោះ។ ប៉ុន្តែកុំឲ្យចេញជារូបភាពផ្សព្វផ្សាយគ្រឿងស្រវឹង»។ 
 
លោកអភិបាលរងខេត្តរូបនេះ បានអះអាងថា សកម្មភាពរុះរើផ្ទាំងស្រាបៀទាំងនេះ អាចនឹងរួមចំណែកឲ្យខេត្តមួយនេះមានសោភ័ណភាពល្អប្រសើរ និងកាត់បន្ថយការសេពគ្រឿងស្រវឹង៕ 
 
 

Tag:
 ផ្ទាំង
 គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com