ជាតិ
សង្គមជាតិ
ខេត្តកំពត មិនសូវមានភ្ញៀវ តែអាចផ្តត់ផ្គង់គ្រឿងសមុទ្រទៅភ្នំពេញ និងបណ្ដាខេត្ត ក្នុងតម្លៃថេរ
26, Jun 2021 , 5:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ វិបត្តិកូវីដ-១៩ មិនបានធ្វើឱ្យរាំងស្ទះ សកម្មភាពការងារនេសាទ របស់ពលរដ្ឋ ដែលរស់នៅ ក្នុងខេត្តកំពត នោះទេ។ ដ្បិតជំងឺកូវីដ-១៩កំពុងរាតត្បាតក្តី តែតម្លៃគ្រឿងសមុទ្រ ក្នុងខេត្តនេះ នៅតែមានស្ថិរភាព។ ជិត ៦ខែនេះ ផលនេសាទសរុប ក្នុងខេត្តកំពត មាន១៨,០០០តោន។  នេះបើតាមលោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត ។


លោក ស សូរិន បានបញ្ជាក់ថា អ្នកនេសាទ ហាក់មិនសូវជួបបញ្ហាទេ អំឡុងវិបត្តិកូវីដ-១៩នេះ ដោយពួកគេប្រកបរបធម្មតា។ បើតាមលោក សូរិន ខេត្តកំពត នៅតែមានលទ្ធភាពផ្គត់ផ្គង់គ្រឿងសមុទ្រ ទៅកាន់ទីផ្សារ។ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរសព្ទនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដូច្នេះ៖«ដោយសារកូវីដ-១៩ មិនសូវមានភ្ញៀវទេសចរមែន តែខេត្តកំពត នៅតែផ្តត់ផ្គង់គ្រឿងសមុទ្រ ទៅភ្នំពេញ និងតាមបណ្ដាខេត្ត។ តម្លៃវិញ មិនប្រែប្រួលទេ ប្រហាក់ប្រហែលខេត្តកែប និងព្រះសីហនុដែរ»។

បើតាមមន្រ្តីខណ្ឌរដ្ឋបាលជលផលរូបនេះ តម្លៃគ្រឿងសមុទ្រអាចខុសគ្នាបន្តិចបន្ទួចប៉ុណ្ណោះ តាមបរិមាណ ដែលអ្នកនេសាទរកបាន។ ជាមធ្យម បង្គាស្រស់ លេខមួយ តម្លៃចាប់ពី៤០, ០០០រៀល ទៅ៤៥, ០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកមឹកស្រស់ លេខមួយ តម្លៃចាប់ពី ៣៥, ០០០រៀល ទៅ៤៥, ០០០រៀល ក្នុងមួយគីឡូក្រាម។ រីឯ ក្តាមសេះលេខមួយ តម្លៃចាប់ពី ៦០, ០០០រៀល ទៅ ៦៥, ០០០រៀល ក្នុងមួយគីឡូក្រាម។

តាមរបាយការណ៍របស់ក្រសួងទេចរណ៍ បានបង្ហាញថា នៅចុងសប្ដាហ៍ទី៣ ខែមិថុនា មានភ្ញៀវទេសចរ ជិត ២ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ត ទៅខេត្តកំពត៕


© រក្សាសិទ្ធិដោយ thmeythmey.com