អន្តរជាតិ
ជម្លោះអ្នកជិតខាងរឿងអាចម៍ព្រាប ឈានដល់ការកាត់មែកឈើមួយចំហៀងចេញពីមុខផ្ទះខ្លួន
26, Jun 2021 , 9:30 pm        
រូបភាព
ដោយ: ធីតា
ដើមឈើមួយដើមបានរងគ្រោះក្នុងជម្លោះរឿងអាចម៍ព្រាបរវាងអ្នកនៅផ្ទះជិតខាងគ្នាមួយនៅក្រុង Sheffield ប្រទេសអង់គ្លេស កាលពីពេលថ្មីៗកន្លងមកនេះ។ ដំណោះស្រាយដើម្បីកុំឲ្យសត្វជុះអាចម៌ដាក់មុខផ្ទះរបស់ខ្លួនទៀត គូទំនាស់ម្នាក់បានសម្រេចចិត្តកាត់មែកឈើមួយចំនួនចេញ។


ដើមឈើដែលជាម្លប់ត្រជាក់ត្រជំរបស់អ្នកជិតខាងទាំងពីរអស់រយៈពេល២៥ឆ្នាំ ត្រូវបានចាត់ទុកជាដើមហេតុនាំឲ្យសត្វព្រាបជុះអាចម៍ដាក់។ ករណីនេះ បានប្រែក្លាយមិត្តភាពទៅជាជម្លោះ ដោយភាគីម្ខាងទាមទារឲ្យកាប់ដើមឈើនោះចេញ។

តាមការផ្សាយរបស់សារព័ត៌មាន Metro លោកស្រី Irene និងលោក Gramham Lee ដែលមានអាយុជាង៧០ឆ្នាំដូចគ្នា ដែលជាភាគីម្ខាង បានសម្រេចចិត្តនាំគ្នាជួលឲ្យគេកាត់មែកឈើចេញពីបរិវេណផ្ទះរបស់ខ្លួន ដើម្បីរារាំងកុំឲ្យសត្វព្រាបជុះអាចម៍ដាក់ទៀត។

លោក Bharat Mistry អាយុ៥៦ឆ្នាំ ដែលជាគូទំនាស់ បានអះអាងថា លោក និងក្រុមគ្រួសារ បានត្រឹមតែហួសចិត្តប៉ុណ្ណោះ នៅពេលឃើញគេយកម៉ាស៊ីនកាត់មែកឈើមួយចំហៀងចេញ។

លោក Mistry បានថ្លែងប្រាប់សារព័ត៌មាននានានៅអង់គ្លេសថា ជាច្រើនខែមកហើយដែលអ្នកជិតខាងខ្លួន ត្អូញត្អែពីករណីសត្វព្រាបជុះអាចម៍ ហើយធ្លាក់ប្រឡាក់លើរថយន្តពួកគាត់។ ក្រោយមក គ្រួសារ Lee ទាមទារឲ្យកាប់ដើមនោះចេញ ប៉ុន្តែមិនមានការយល់ព្រម ទើបឈានដល់ការសម្រេចចិត្តដែលមិនធ្លាប់មានពីមុន។

អ្នកជិតខាងផ្សេងទៀត បានអះអាងថា គ្រួសារទាំងពីរស្រឡាញរាប់អានគ្នាខ្លាំងណាស់ ហើយក៏ធ្លាប់ពួកគាត់រៀបចំពិធីជប់លៀងជាមួយគ្នាផងដែរ ប៉ុន្តែមិនគួរណាទំនាស់រឿងអាចម៍ព្រាប បានធ្វើឲ្យបែកបាក់មិត្តភាព ហើយបំផ្លាញដើមឈើអស់មួយចំហៀងទៀត។

បច្ចុប្បន្ន ដើមឈើមួយនេះ បែរក្លាយជាកម្លាំងដ៏ទាក់ទាញទេសចរណ៍មួយក្នុងតំបន់ Waterthorpe។ ក្នុងបទសម្ភាសមួយជាមួយ MailOnline អ្នកស្រី Irene បានបញ្ជាក់ថា គាត់នឹងបន្តកាត់ទៀត ប្រសិនបើមែកឈើបន្តដុះសារជាថ្មី។

អ្នកភូមិបានអះអាងថា តំបន់ Waterthorpe សម្បូរទៅដោយសត្វព្រាប និងសត្វស្លាបជាច្រើន ហើយវាបានក្លាយជាទម្លាប់ទៅហើយពេលឮសំឡេងសត្វខ្ញៀវខ្ញារ និងឃើញអាចម៍សត្វទាំងនោះនៅមុខផ្ទះ៕



 

© រក្សាសិទ្ធិដោយ thmeythmey.com