រថយន្ត
អន្តរជាតិ
កំណើនប្រើប្រាស់រថយន្តអគ្គិសនី នាំឲ្យក្រុង Liuzhou ក្លាយជាតំបន់ទេសចរណ៍ដ៏ស្ងប់ស្ងាត់
28, Jun 2021 , 7:19 pm        
រូបភាព
ដោយ: ធីតា
ក្រុង Liuzhou ភាគខាងត្បូងនៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ប្រទេសចិន ក្លាយជាតំបន់ទេសចរណ៍ស្ងប់ស្ងាត់ជាគំរូមួយក្នុងពិភពលោក ដោយសារតែកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនី (EV)។ នេះបើតាមការផ្សាយរបស់ Bloomberg News។
 
របាយការណ៍ព័ត៌មានបច្ចេកវិទ្យា WAYS បានបង្ហាញថា ស្ទើរតែ៣០ភាគរយនៃរថយន្តដែលលក់នៅក្នុងក្រុង Liuzhou កាលពីឆ្នាំមុន គឺជាប្រភេទអគ្គិសនី ពោលគឺមានជាង៥ដងលើចំនួនមធ្យមនៅទូទាំងប្រទេសចិនទាំងមូល។
 
ទីក្រុងដែលមានពលរដ្ឋប្រមាណ៤លាននាក់នេះ ក្លាយជាតំបន់ដ៏មានប្រសិទ្ធភាពសម្រាប់ទីផ្សាររថយន្តអគ្គិសនីក្នុងពិភពលោក។ ខណៈក្រុងអូស្លូ ប្រទេសន័រវេស ក្លាយជាក្រុងដ៏ទាក់ទាញជាសកលនៃដំណើរការរថយន្តអគ្គិសនី ក្រុង Liuzhou ក៏មិនចាញ់ប៉ុន្មានដែរ ជាពិសេសការយកចិត្តទុកដាក់លើគុណភាពខ្យល់ និងទឹក។


 
ដើម្បីឆ្លើយតម្រូវការទីផ្សារ ក្រុមហ៊ុនយានយន្តចិន ដាក់លក់រថយន្តអគ្គិសនី ដែលមានតម្លៃថោក ហើយក្រុមហ៊ុនក្នុងស្រុក SAIC-GM-Wuling Automobile Co. ពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនធំៗពីបរទេសដើម្បីពង្រីកផលិតកម្មរបស់ខ្លួនផងដែរ។
 
បើតាម លោក Gou Yi អនុប្រធានគណៈកម្មការអភិវឌ្ឍ និងកំណែទម្រង់ជាតិប្រចាំក្រុង Liuzhou ដំបូងឡើយ ពលរដ្ឋព្រួយបារម្ភពីការប្រើប្រាស់រថយន្ត EV លើបញ្ហាសុវត្ថិភាព និងទីតាំងបញ្ចូលអគ្គិសនីជាដើម ប៉ុន្តែលោកបានអះអាង រដ្ឋកាន់តែបង្កើនការយកចិត្តទុកដាក់បញ្ហាទាំងនេះ ដើម្បីពង្រីកកំណើនប្រើប្រាស់រថយន្តអគ្គិសនីនៅលើផ្លូវថ្នល់ឲ្យកាន់តែរលូន។ 
 
ទិន្នន័យ WAYS Information Technology បង្ហាញថា ខេត្ត Liuzhou មានអ្នកកាន់កាប់កម្មសិទ្ធិរថយន្ត EV ច្រើនជាងគេនៅក្នុងប្រទេសចិន ដោយនាំមុខក្រុងប៉េកាំង, Shenzhen, Hangzhou និង សៀងហៃ៕


 

© រក្សាសិទ្ធិដោយ thmeythmey.com