អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កម្ពុជា និងអ្នករាយការណ៍ពិសេសពីស្ថានភាពសិទ្ធិមនុស្ស សន្យាធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ
02, Jul 2021 , 4:05 pm        
រូបភាព
ដោយ: រួបរួម
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរៀងៗខ្លួន ក្រោយកិច្ចប្រជុំតាមអនឡាញ ជាបន្តបន្ទាប់។ ភាគីកម្ពុជា និងសាស្ត្រាចារ្យ Vitit Muntarbhorn (វិទិត មុនតាប៊ន) សុទ្ធតែបានអះអាងពីការត្រៀមខ្លួនសហការគ្នាយ៉ាងជិតស្និទ្ធិលើការងារផ្សេងៗ។
 
 ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា លោក Vitit Muntarbhorn បានជួបប្រជុំជាបន្តបន្ទាប់ជាមួយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសុខាភិបាល រដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ 
 
 
គោលបំណងនៃកិច្ចប្រជុំទាំងនេះ គឺអ្នករាយការណ៍ថ្មី ណែនាំឲ្យស្គាល់អំពីវិធីសាស្រ្ត និងបញ្ហាជាអាទិភាពនៃអាណត្តិការងាររបស់ខ្លួន រួមទាំងការពិភាក្សាអំពីលំហពលរដ្ឋ និងប្រជាធិបតេយ្យ ស្ថានភាពសិទ្ធិមនុស្ស និងស្ថានភាពជំងឺកូវីដ ស្ថានភាពពន្ធនាគារ ការបង្កើតច្បាប់ សិទ្ធិស្រ្តី និងយេនឌ័រ និងសិទ្ធិសេដ្ឋកិច្ច និងសង្គម។ 
 
«ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់រដ្ឋាភិបាល ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្រោមលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសន្ធិសញ្ញាទាំងឡាយដែលប្រទេសកម្ពុជាបានទទួលយកដោយស្ម័គ្រចិត្ត ក្រោមការត្រួតពិនិត្យរបាយការណ៍ជាសកលតាមកាលកំណត់»។ នេះជាការលើកឡើងរបស់លោក Muntarbhorn។


 
ដោយចងចាំនូវទំនាក់ទំនងដ៏យូរអង្វែងរបស់ខ្លួនជាមួយប្រទេសកម្ពុជា អ្នករាយការណ៍ថ្មីរូបនេះ សន្យាបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិលនិងភាគីពាក់ព័ន្ធដទៃទៀត ក្នុងការបំពេញអាណត្តិការងាររបស់ខ្លួន ហើយត្រៀមខ្លួនមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ទៅតាមលក្ខខណ្ឌអនុញ្ញាត។
 
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានជំនឿថា ផ្អែកលើបទពិសោធន៍ និងចំណេះដឹង លោក Muntarbhorn នឹងបន្តរួមចំណែក និងផ្ដល់កិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃដើម្បីបង្កលក្ខណៈដល់ការបំពេញតួនាទីក្នុងនាមជាអ្នករាយការណ៍ពិសេសក៏ដូចជាការបំពេញតួនាទីរបស់កម្ពុជាចំពោះកាតព្វកិច្ចអន្តរជាតិលើវិស័យសិទ្ធិមនុស្សប្រកបដោយប្រសិទ្ធភាព។
 
 នាជំនួបតាម Zoom កាលពីថ្ងៃទី២៣ ខែមិថុនា នោះផងដែរ សម្តេច ស ខេង ក៏បានប្រាប់អ្នករាយការណ៍ពិសេសពីការខំប្រឹងប្រែងជាច្រើនរបស់រដ្ឋាភិបាលនាអំឡុងវិបត្តិកូវីដ-១៩ រួមទាំងការបង្ការទប់ស្កាត់ការរាលដាលនៅក្នុងពន្ធនការ និងវិធានការផ្សេងៗទៀត។
 
សម្ដេចរដ្ឋមន្ត្រីមហាផ្ទៃបានអះអាងថា ត្រៀមខ្លួនជានិច្ចក្នុងការចូលរួមអនុវត្តនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងភាគីទាំងពីរឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។
 
ជាមួយគ្នានេះ នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១ ខែកក្កដា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានលើកឡើងពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាងលោក វិទិត មុនតាប៊ន និងលោកឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ។ 


 
នាជំនួបនោះ ភាគីទាំងពីរបានពិភាក្សាផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ជំងឺកូវីដ-១៩ និងផលវិបាករបស់វា ព្រមទាំងសិទ្ធិប្រជាធិបតេយ្យ និងពលរដ្ឋ។ លោកប្រាក់ សុខុន បានស្វាគមន៍ចំពោះវិធីសាស្ត្រនានារបស់លោក Muntarbhorn ព្រមទាំងបញ្ជាក់សារជាថ្មីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា។
 
ដោយឡែកក្នុងជំនួបជាមួយលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ពិភាក្សាទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើរបៀបវារៈសំខាន់ចំនួន៤ រួមមាន កម្មវិធីអាទិភាពនៃកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ កម្មវិធីជនួយផ្នែកច្បាប់និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សិទ្ធិសេរីភាព និងការអនុវត្តច្បាប់នៅកម្ពុជា រួមទាំងវិធានការច្បាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ។
 
លោក Vitit Muntarbhorn ជនជាតិថៃ ទើបត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជំនួសលោកស្រី រ៉ូ ណាស្មីត។ លោកបានចូលកាន់តួនាទីអ្នករាយការណ៍ពិសេសជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១៕
 
 
 
 
 
 
 
 

Tag:
 សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com