កំណាព្យ
ជាតិ
យុវជនរឹងមាំ!
03, Jul 2021 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រេងព្រឹទ្ធពិតប្រាមប្រាប់ ឈ្លាសឆ្លាតស្តាប់ហៅថាគ្រាន់
អ្នកមានជាសោភ័ណ មាំខ្លួនគ្រាន់ក្រែលចំណាប់។
 
មានកាយសម្បទា ក្មេងគ្រប់គ្នាតាមចាស់ប្រាប់
មិនងាយខ្សោយឈឺឆាប់ គ្រប់កិច្ចចាប់ច្បាស់ចម្រើន។
 
បញ្ញាសម្បទា រៀនគ្រប់គ្រាក្រាញបង្កើន
វិជ្ជាស្វែងចម្រើន ឲ្យចេះច្រើនតាមដែលអាច។
 
ថែមសីលសម្បទា រស់រួមគ្នាផុតភ័យខ្លាច
មានសីលមិនខិលកាច សង្គមអាចពឹងពាក់បាន។
 
មិនជ្រើមជ្រួលច្របល់ រេតាមខ្យល់បក់រំខាន
ព្យុះខ្លាំងអាចតាំងប្រាណ តស៊ូបានដោយអំណត់។
 
មិនផុងក្នុងអំណួត ហ៊ានប្រកួតដោយប្រាកដ
វិន័យកាន់ហ្មត់ចត់ ចេះបែបបទក្បួនតម្រា។
 
តម្រង់ផ្ចង់តម្រូវ ស្តាប់ម៉ែឪគ្រូអាចារ្យ
កាយខ្លាំងតាំងប្រាជ្ញា ច្បាមច្បាស់ការបម្រើជាតិ៕

© រក្សាសិទ្ធិដោយ thmeythmey.com