ជាតិ
រយៈពេល៦ខែ ឆ្នាំនេះអ្នកឡើងភ្នំឱរ៉ាល់មានតែ២.៧ពាន់នាក់ ថយចុះជិត៥០ភាគរយ 03, Jul 2021 , 9:59 pm
រូបភាពពីលោក ឈឺន ឈីម មគ្គុទេសក៍ទេសចរភ្នំឱរ៉ាល់
× ភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់រយៈពេល៦ខែ ក្នុងឆ្នាំ២០២១ មានចំនួន ២,៧៥៣នាក់ ក្នុងនោះមានភ្ញៀវអន្តជាតិផ្ទៃក្នុង១១៥នាក់។ តួលេខនេះ ថយចុះប្រមាណ ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលមានទេសចររហូតដល់ ៥,៥០០នាក់។
បើតាម លោក ឈឺន ឈីមមគ្គុទេសក៍ទេសចរភ្នំឱរ៉ាល់ ការថយចុះភ្ញៀវ ឡើងភ្នំឱរ៉ាល់រយៈពេល ៦ខែមកនេះគឺបណ្ដាលមកពីការរីករាតត្បាតនៃជំងឺកូវីដ-១៩ ដែលត្រូវឱ្យសហគមន៍ផ្អាកទទួលភ្ញៀវប្រមាណ១ខែ។ « ភ្ញៀវបុកមកច្រើនចន្លោះពីខែមករា ដល់ខែមីនា ហើយដើមខែមេសា ក៏មានភ្ញៀវខ្លះដែរប៉ុន្តែពីពាក់កណ្ដាលខែមេសា ដល់ខែឱសភា គឺស្ងាត់ភ្ញៀវតែម្ដង »។ នេះជាការបញ្ជាក់បន្ថែមរបស់មគ្គុទេសក៍ទេសចររូបនេះ។
ក្រោយបើកទទួលភ្ញៀវទេសចរវិញ សហគមន៍ចាប់ផ្ដើមនាំភ្ញៀវឡើងភ្នំជាបន្តបន្ទាប់ប៉ុន្តែត្រូវស្ថិតក្រោមការអនុវត្តវិធានសុវត្ថិភាព ដោយមិនអនុញ្ញាតឱ្យភ្ញៀវទេសចរស្និទ្ធស្នាលជាមួយប្រជាសហគមន៍នោះទេ។ បន្ថែមពីនេះ ភ្ញៀវទេសចរត្រូវបំពេញឯកសាពីប្រវត្តិធ្វើដំណើរនិងកត់ត្រា ព័ត៌មានផ្ទាល់ខ្លួន នៅទីស្នាក់ការសហគមន៍។
គួរបញ្ជាក់ផងដែរសហគមន៍នៅភ្នំឱរ៉ាល់ បានផ្អាកជូនភ្ញៀវទេសចរឡើងភ្នំ ចាប់តាំងពីថ្ងៃទី៧ មេសាដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។
សហគមន៍ចាប់ផ្ដើមទទួលភ្ញៀវទេសចរវិញ កាលពីថ្ងៃទី៣១ ខែឧសភា។ ការបើកទទួលទេសចរនេះ បានផ្ដល់ប្រាក់ចំណូលឡើងវិញដល់ប្រជាសហគមន៍ក្រៅពីការធ្វើកសិកម្ម៕
Tag:
ឱរ៉ាល់
កំពង់ស្ពឺ
ឈឺន ឈីម
© រក្សាសិទ្ធិដោយ thmeythmey.com