COVID-19
ជាតិ
សៀមរាប៖ ឆ្លងថ្មី​៩៥នាក់ ស្លាប់១នាក់ និងជាសះស្បើយ៥០នាក់
04, Jul 2021 , 9:31 am        
រូបភាព
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី៣ កក្កដា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ករណីថ្មី សរុប ៩៥នាក់។ ក្រៅពីនេះ ក៏មានករណីស្លាប់១នាក់ និងជាសះស្បើយ៥០នាក់ផងដែរ។
 
តាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ចំពោះអ្នកវិជ្ជមានថ្មីទាំង៩៥នាក់ ដោយ២៧ករណី​មានប្រភពចម្លងចេញពីផ្សារដំដែក, ១៦ករណីឆ្លងចេញពីផ្សារកំពង់ក្តី, ១១ករណីឆ្លងចេញពីផ្សារលើធំថ្មី និង៣ករណីទៀតមានប្រភព​ចេញពីសង្កាត់ស្រង៉ែ ក្រុងសៀមរាប។ ករណីឆ្លងមួយចំនួនទៀត គឺលើពលករទើបត្រឡប់មកពីប្រទេសថៃ ជាអ្នកដំណើរមកពីឧត្តរមានជ័យ និងបន្ទាយមានជ័យ។ 
 
​​អ្នកជាសះស្បើយទាំង៥០នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
  
រីឯមានករណីស្លាប់ ជាបុរសឈ្មោះ សេង ថាន អាយុ៧០ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ អ្នកជំងឺរូបនេះបានរកឃើញវិជ្ជមាន​កូវីដ-១៩ នៅថ្ងៃទី២៩ ខែមិថុនា ហើយស្លាប់នៅថ្ងៃទី៣ កក្កដា ដោយសារជំងឺរលាកសួត បង្កដោយ​កូវីដ១៩។
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ កក្កដា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ១,៤១៧នាក់ ជាសះស្បើយចំនួន ៥៦២នាក់ ស្លាប់១៥នាក់ និង៨៤០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក​៕

Tag:
 ផ្សារដំដែក
 ​ផ្សារកំពង់ក្តី
 ផ្សារលើ
© រក្សាសិទ្ធិដោយ thmeythmey.com