COVID-19
ជាតិ
កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប១៧៤នាក់​​
04, Jul 2021 , 4:59 pm        
រូបភាព
ដោយ:
ខេត្តកំពង់ចាម បន្តរកឃើញអ្នកឆ្លង៩៥នាក់ ខណៈខេត្តត្បូងឃ្មុំ រកឃើញ៤៩នាក់។ រីឯ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងថ្មី៣០នាក់។ ក្រៅពីខេត្តទាំង៣នេះ សារព័ត៌មានថ្មីៗ ក៏បានចុះផ្សាយរបាយការណ៍ប្រចាំថ្ងៃ របស់ខេត្តចំនួន១០ផ្សេងទៀតដែរ ខណៈបណ្តាខេត្តមួយចំនួន មិនបញ្ចេញតួលេខនោះទេ រាប់​ទាំងរាជធានីភ្នំពេញផង។
 
សៀមរាប៖ រកឃើញ៩៥នាក់ និងស្លាប់១នាក់
 
រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញ អ្នកឆ្លងកូវីដ-១៩ បន្ថែមរហូត ៩៥នាក់ និងមានអ្នកស្លាប់ ចំនួន ១នាក់។ ទន្ទឹមនឹងការរកឃើញអ្នកឆ្លងកូវីដ-១៩ ៩៥នាក់ ក៏មានអ្នកជាសះស្បើយ ចំនួន ៥០នាក់ ផងដែរ។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ខេត្តសៀមរាប បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ ៤១៧នាក់ អ្នកជាសះស្បើយ សរុប ៥៦២នាក់ អ្នកកំពុងសម្រាកព្យាបាល សរុប ៨៤០នាក់ ខណៈអ្នកស្លាប់ មានចំនួន ១៥នាក់។
 
កោះកុង៖ រកឃើញ៨៨នាក់ និងជាសះស្បើយ៣១៩នាក់
 
តាមរយៈការធ្វើតេស្តរហ័ស រដ្ឋបាលខេត្តកោះកុង បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៨៨នាក់បន្ថែម និងមានមនុស្ស ៣១៩នាក់ បានជាសះស្បើយពីជំងឺកូវីដ-១៩។ ទន្ទឹមនោះ រដ្ឋបាលខេត្តកោះកុង បានសម្រេចផ្អាកបណ្ដោះអាសន្ន នូវផ្សារដងទង់ ដែលស្ថិតក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បន្ទាប់ពីរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។
 
បន្ទាយមានជ័យ៖ ៧៨នាក់បន្ថែម និងជាសះស្បើយ១៦នាក់
 
រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញមនុស្សចំនួន ៧៨នាក់ មានវិជ្ជមានកូវីដ-១៩។ ក្នុងចំណោមមនុស្សទាំង ៧៨នាក់ ដែលឆ្លងកូវីដ-១៩ ភាគច្រើនជាអ្នករស់នៅ ក្រុងប៉ោយប៉ែត និងមួយចំនួនទៀត គឺជាពលរដ្ឋរស់នៅស្រុកសិរីសោភ័ណ និងស្រុកព្រះនេត្រព្រះ។ បើតាមរដ្ឋបាលខេត្ត ពួកគេមានមុខបរបរ ជាកម្មកររោងចក្រ អាជីវករ សិស្ស បុគ្គលិកធនាគារ អ្នករត់ម៉ូតូឌុប នគរបាល មន្រ្តីរាជការ និងកសិករ។ 
 
ឧត្តរមានជ័យ៖ រកឃើញ៧៨នាក់ ក្នុងនោះ៧២នាក់ ជាពលករមកពីប្រទេសថៃ
 
រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏បានប្រកាសរកឃើញមនុស្សចំនួន ៧៨នាក់ទៀតដែរ មានវិជ្ជមានកូវីដ-១៩ ក្នុងនោះ ៧២នាក់ គឺជាពលករដែលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វាព្រំដែនអន្តរជាតិអូរស្មាច់។ ក្នុងចំណោមមនុស្សទាំង ៧៨នាក់ នោះ មានពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង សៀមរាប ពោធិ៍សាត់ តាកែវ ត្បូងឃ្មុំ និងកំពង់ស្ពឺ។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងកូវីដ-១៩ សរុប ៨០៣នាក់ ក្នុងនោះមានករណីនាំចូលពីបរទេស ចំនួន ៧១០នាក់។ ដោយឡែក អ្នកកំពុងសម្រាកព្យាបាល សរុប ៦៧១នាក់ អ្នកជាសះស្បើយ សរុប ១២៩នាក់ ខណៈអ្នកស្លាប់ មានចំនួន ៣នាក់។
 
បាត់ដំបង៖ ឆ្លងថ្មី៦៣នាក់ ក្នុងនោះ១៦ជាពលករត្រឡប់ពីថៃ
 
រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៣នាក់ទៀត ក្នុងនោះ ១៦នាក់ជាពលករទើបត្រឡប់ពីប្រទេសថៃ។ អ្នកវិជ្ជមានទាំងអស់ សុទ្ធសឹងជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ ១១៩នាក់ អ្នកជាសះស្បើយ សរុប ៦០៩នាក់ អ្នកកំពុងសម្រាក់ព្យាបាល សរុប ៥០៣នាក់ ខណៈអ្នកស្លាប់មានចំនួន ៧នាក់។
 
ព្រៃវែង៖ រកឃើញ៣៦នាក់បន្ថែម និងស្លាប់ម្នាក់
 
នៅថ្ងៃទី៣ ខែកក្កដា រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ៣៦នាក់បន្ថែម និងមាន​ម្នាក់បានស្លាប់ដោយសារកូវីដ-១៩។ អ្នកដែលស្លាប់ជាបុរសវ័យ ៧១ឆ្នាំ រស់នៅភូមិ ១ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍។ តាមរដ្ឋបាលខេត្ត មកដល់ពេលនេះ ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ ៧២៤នាក់ អ្នកជាសះស្បើយ សរុប ១ ១៥៣នាក់ ខណៈអ្នកស្លាប់មានរហូត ២៥នាក់។
 
កំពង់ធំ៖ រកឃើញ២៦នាក់ សះស្បើយ៣០នាក់ និងស្លាប់២នាក់
 
រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ២៦នាក់ថ្មី និងមានអ្នកស្លាប់ ចំនួន ២នាក់។ រដ្ឋបាលខេត្តកំពង់ចាម កំពុងស្រាវជ្រាវបន្ត ដើម្បីរកអ្នកដែលធ្លាប់អាស្រ័យទាក់ទង ជាងមួយអ្នកជំងឺខាងលើ។ គិតមកដល់ពេលនេះ ខេត្តកំពង់ធំ មានអ្នកឆ្លងកូវីដ-១៩ សរុប ៩៩៦នាក់ អ្នកជាសះស្បើយសរុប ៤៦៦នាក់ អ្នកកំពុងសម្រាកព្យាបាល សរុប ៥១៧នាក់ និងមានអ្នកស្លាប់សរុប ១៣នាក់។
 
ព្រះវិហារ៖ រកឃើញ ២២នាក់បន្ថែម
 
រដ្ឋបាលខេត្តព្រះវិហារ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២២នាក់បន្ថែម។ ក្នុងចំណោមមនុស្សទាំង ២២នាក់ ភាគច្រើនជាពលរដ្ឋរស់នៅស្រុកជាំក្សាន្ត និងមួយចំនួនទៀតរស់នៅស្រុកឆែប។ គិតត្រឹមថ្ងៃទី៣ កក្កដា ខេត្តព្រះវិហារ មានអ្នកឆ្លងកូវីដ-១៩ សរុប ១៤៩នាក់ ខណៈអ្នកជាសះស្បើយ សរុប ៤៤នាក់។
 
ស្ទឹងត្រែង៖ មាន១៥នាក់ថ្មី
 
រដ្ឋបាលខេត្តស្ទឹងត្រែង រកឃើញមនុស្ស ១៥នាក់បន្ថែម ឆ្លងកូវីដ-១៩ ដែលជាករណីឆ្លងក្នុងសហគមន៍។ មនុស្សទាំង ១៥នាក់ ត្រូវបានក្រុមគ្រូពេទ្យរកឃើញមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី៣ ខែកក្កដា នៅមណ្ឌលចត្តាឡីស័កក្រុង។ គិតត្រឹមថ្ងៃទី២ ខែកក្កដា ស្ទឹងត្រែង មានអ្នកឆ្លងកូវីដ-១៩ សរុប ៣០៤នាក់ អ្នកជាសះស្បើយសរុប ២១នាក់ និងអ្នកកំពុងសម្រាកព្យាបាលសរុប ២៨៣នាក់។
 
មណ្ឌលគិរី៖ ឆ្លង៣នាក់ថ្មី និងជាសះស្បើយ ១១នាក់
 
នៅថ្ងៃទី៣ ខែកក្កដា រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រកាសរកឃើញមនុស្ស ៣នាក់បន្ថែម មានវិជ្ជមានកូវីដ-១៩។ ក្នុងនោះ មាន២នាក់ ជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ និង១នាក់ទៀត ជាពលរដ្ឋខេត្តត្បូងឃ្មុំ។ 

​កំពង់ចាម៖ មាន៩៥នាក់ និង៧៦នាក់ជាសះស្បើយ
 
នៅថ្ងៃទី៣ ខែកក្កដា រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសរកឃើញមនុស្ស ៩៥នាក់ទៀត មានវិជ្ជមានកូវីដ-១៩ និង ៧៦នាក់បានជាសះស្បើយ។ ក្នុងចំណោមមនុស្សទាំអ ៩៥នាក់ មានពលរដ្ឋដែលរស់នៅ ស្រុកព្រៃឈរ៣៤នាក់,ក្រុងកំពង់ចាម២១នាក់,ស្រុកព្រៃឈរ១២នាក់,ស្រុកបាធាយ១២នាក់,ស្រុកស្រីសន្ធរ៥នាក់,ស្រុកកំពង់សៀម៣នាក់,ស្រុកស្ទឹងត្រង់៣នាក់,ស្រុកកងមាស១នាក់,ស្រុកចំការលើ១នាក់ និងអ្នកមកពីភ្នំពេញ ៣នាក់។
 
ត្បូងឃ្មុំ៖ ៤៩នាក់ទៀត និង៩នាក់ជាសះស្បើយ
 
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រកាសរកឃើញមនុស្ស ចំនួន ៤៩នាក់បន្ថែម មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣ ខែកក្កដា។ ជាមួយគ្នានេះ មានមនុស្សចំនួន ៩នាក់ បានជាសះស្បើយ ខណៈអាជ្ញាធបន្តស្រាវជ្រាវរកអ្នកដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺ។ តាមរដ្ឋបាលខេត្តត្បូងឃ្មុំ ករណីនេះជាករណីឆ្លងក្នុងសហគមន៍ ដែលក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ដើម្បីរកមេរោគកូវីដ-១៩។ អ្នកវិជ្ជមានទាំង ៤៩នាក់នោះ មានអាសយដ្ឋាន នៅស្រុកត្បូងឃ្មុំ២៥នាក់,ស្រុកក្រូចឆ្មារ៩នាក់,ស្រុកតំបែរ៦នាក់,ស្រុកពញាក្រែក៣នាក់,ស្រុកមេមត់២នាក់,ក្រុងសួង២នាក់,ស្រុកអូររាំងឪ១នាក់,និងពលរដ្ឋនៅខេត្តព្រៃវែង១នាក់។
 
កំពង់ឆ្នាំង៖ ៣០នាក់បន្ថែម
រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តរកឃើញអ្នកឆ្លងកូវីដ-១៩បន្ថែម ៣០នាក់ នៅថ្ងៃទី៣ ខែកក្កដា។ រដ្ឋបាលខេត្ត បានបញ្ជូនមនុស្សទាំង៣០នាក់ ខាងលើ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៍ មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងកូវីដ-១៩ សរុប ៦៥៧នាក់ អ្នកជាសះស្បើយ សរុប ៣៨៨នាក់ និងមនុស្ស ២៥៥នាក់ កំពុងសម្រាកព្យាបាល។
 
ករណីទូទាំងប្រទេស៖ ឆ្លងថ្មី​៩៩៣ នាក់ ជាសះស្បើយ ៦១៧នាក់ និង​ស្លាប់ ២៤នាក់
 
មនុស្ស​ចំនួន ៩៩៣ ​នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ​២១៤ នាក់​ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន ៦១៧ នាក់​បន្ថែម និង​អ្នកជំងឺ ២៤នាក់​ទៀត​បាន​ស្លាប់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៤ខែកក្កដា​នេះ​។ គិតមកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៥៤ ២៩១នាក់ ក្នុងនោះ ៣ ១៣៩ នាក់​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន  ៤៦ ៧៤០នាក់ និង​ស្លាប់​សរុប ៧២០នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com