ជាតិ
ស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជាង៩៧ភាគរយហើយ
04, Jul 2021 , 7:29 pm        
រូបភាព
រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលស្ថិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានប្រមាណជាង ៩៧ភាគរយហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
 
បើតាម​ទំព័រហ្វេសប៊ុក​របស់ក្រសួងសាធារណការ ស្ពានឆ្លងកាត់ទន្លេបាសាក់នៅប៉ែកខាងកើត មានប្រវែង៦៣០ម៉ែត្រ ហើយបច្ចុប្បន្នសម្រេចបាន៩៥,១០ភាគរយហើយ។ តាមគម្រោងស្ពានប៉ែកខាងកើតនេះ នឹង​បញ្ចប់ការសាងសង់នៅខែតុលា។ ចំណែកឯស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិច មានប្រវែង៣៦៦ម៉ែត្រ។ បច្ចុប្បន្នការសាងសង់សម្រេចបាន៩៩,៤០ភាគរយ ហើយគ្រោង​បញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ខាងមុខ​។
 
សូមជម្រាបដែរថា គម្រោង​ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ​មានប្រវែងសរុប ៥២,៩៨៣គីឡូម៉ែត្រ។ ផ្លូវនេះ តភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះ-ឈ្នះ និងមហាវិថីឈ្នះ-ឈ្នះ និងផ្លូវជាតិលេខ៦។ តាមរយៈគម្រោងនេះ នឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើប ដែលនឹងបម្រើឱ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន។ ផ្លូវនេះ​ ក៏តភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណត ផែកុងតឺន័រថ្មី របស់កំពងផែស្វ័យតក្រុងភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវ អាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ របស់មហាអនុតំបន់មេគង្គផងដែរ។
 
សម្រាប់ក្រសួងសាធារណការ ផ្លូវក្រវាត់ក្រុងខ្សែទី៣ នឹងរួមចំណែកជួយកាត់បន្ថយកការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងរាជធានីបន្ថែមទៀតដែរ៕


រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន

 

Tag:
 ស្ពានឆ្លងទន្លេបាសាក់
  ផ្លូវក្រវាត់ក្រុងទី៣
 ស្ពាន
© រក្សាសិទ្ធិដោយ thmeythmey.com