កីឡាអន្តរជាតិ
អន្តរជាតិ
ស្ត្រីឆ្នើម៥នាក់ក្នុងព្រឹត្តិការណ៍ EURO 2020 04, Jul 2021 , 7:59 pm
× ពានរង្វាន់កីឡាបាល់ទាត់ទ្វីបអឺរ៉ុប EURO 2020 ជាព្រឹត្តិការណ៍ផ្នែកបុរស ប៉ុន្តែស្ត្រីមានចំណែកយ៉ាងសំខាន់ក្នុងដំណើរការរៀបចំដំណើរការប្រកួតនេះ យ៉ាងរលូន ទៅតាមមុខជំនាញរៀងៗខ្លួន។ តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានបង្ហាញវត្តមានស្ត្រីដ៏មានឥទ្ធិពល៥នាក់ក្នុងព្រឹត្តិការណ៍ EURO 2020 នេះ ដែលនាំឲ្យសកម្មភាពប្រកួតនៅលើទីលានកាន់តែទាក់ទាញ។
ស្ត្រីទាំង៥រូបនោះ រួមមាន៖
១. Eniola Aluko៖
អតីតខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសដែលបានលេងជាង១០០ប្រកួតសម្រាប់ក្រុម។ ឆ្លងកាត់ប្រវត្តិលេងឲ្យបណ្តាក្លិបនៅសហរដ្ឋអាមេរិក អ៊ីតាលី និងអង់គ្លេស ស្ត្រីដែលមានដើមកំណើតនៅនីហ្សេរីយ៉ារូបនេះ បានវិវត្តខ្លួនក្លាយជានាយិកាបាល់ទាត់ក្លិប Angel City FC របស់អាមេរិក។ សម្រាប់ព្រឹត្តិការណ៍ Euro 2020 នាង Eniola ដើរតួនាទីជាអ្នកជំនាញវិភាគសម្រាប់ទូរទស្សន៍អង់គ្លេស។
២. Sharon Burkhalter-Lau៖
ក្នុងតួនាទីជានាយិកាគ្រប់គ្រងសកម្មភាពប្រតិបត្តិការប្រចាំ UEFA អ្នកស្រី Sharon រ៉ាប់រងដំណើរការរៀបចំការប្រកួតធំៗរវាងក្លិប និងក្លិប ជម្រើសជាតិ និងជម្រើសាជាតិ ជាពិសេស Euro 2020 នេះជាដើម។ អ្នកស្រីមានបទពិសោធន៍ដឹកនាំព្រឹត្តិការណ៍កីឡាជិត៣០ឆ្នាំហើយ ដោយមានសមាជិកក្រុមការងារជាង៦៥០នាក់។
៣. Lene Kryger៖
ជាអគ្គនាយិកាទទួលបន្ទុកព្រឹត្តិការណ៍ EURO 2020 ប្រចាំក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក Lene Kryger បានចាប់ផ្តើមការងារខ្លួនតាំងពីខែមករា ឆ្នាំ២០១៧មកម្ល៉េះ។ គាត់មានបទពិសោធន៍ជាង១០ឆ្នាំលើការគ្រប់គ្រងព្រឹត្តិការណ៍កីឡា ដែលក្នុងនោះមានការប្រកួតកីឡាបាល់ឱបពិភពលោក និងព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនពិភពលោកជាដើម។
៤. Diana Pirciu៖
មានតួនាទីជាអ្នកគ្រប់គ្រងក្រុមការងារស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍ EURO 2020 នៅក្រុងប៊ុយការ៉ែស Diana Piciu មានសមាជិកក្រុមការងារជាង៨០០នាក់ដែលធានាភាពរលូននៃដំណើរប្រកួតចំនួន៤។ គាត់ជាអតីតកីឡាការិនីវាយកូនបាល់អន្តរជាតិរូម៉ានី ហើយបានសិក្សាផ្នែកទំនាក់ទំនង និងទីផ្សារកីឡានៅសហរដ្ឋអាមេរិក មុននឹងចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់រូម៉ានី ក្នុងតំណែងជាអ្នកគ្រប់គ្រងផ្នែកទំនួលខុសត្រូវសង្គម សហគ្រាស និងការបណ្តុះបណ្តាលជំនាញ។
៥. Celia Sasic៖
ជាសមាជិកជើងឯក Euro ផ្នែកនារីរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ បច្ចុប្បន្ន Celia Sasic មានតួនាទីជាទូតសម្រាប់ព្រឹត្តិការណ៍ UEFA Euro 2024 ដែលគ្រោងរៀបចំនៅអាល្លឺម៉ង់។ ក្នុងព្រឹត្តិការណ៍នេះ គាត់ខិតខំសិក្សាបទពិសោធន៍រៀបចំផ្សេងៗ ជាពិសេសការប្រកួតចំនួន៤នៅក្រុងមុយនិច។ «វាជាឱកាសជាក់ស្តែងក្នុងការប្រើប្រាស់កីឡាបាល់ទាត់ដើម្បីបង្កើតអ្វីមួយឲ្យធំជាងនេះ»។ Sasic បានលើកឡើងយ៉ាងដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com