ជាតិ
យុវជនសកម្ម សេវាល្អ
បារម្ភសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់ ពលរដ្ឋភូមិជុំគ្រៀល ស្នើអាជ្ញាធរឱ្យដាក់ភ្លើងបំភ្លឺផ្លូវ
05, Jul 2021 , 8:59 am        
រូបភាព
ដោយ៖ សារឿន ស៊ីណាតវត្តី

កំពត៖ សុវត្ថិភាពពេលធ្វើដំណើរនៅពេលយប់ នៅលើផ្លូវស្ងាត់ ហើយគ្មានភ្លើងបំភ្លឺទៀតនោះ គឺ​ជាក្ដីបារម្ភរបស់អ្នកភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ អ្នកព្រួយបារម្ភជាងគេគឺស្ត្រី ​ពិសេសស្ត្រីវ័យក្មេង ដោយពួកគេត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវស្ងាត់ ហើយងងឹតឈឹងនោះទាំងភិតភ័យ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកទូច ប៊ុនលាង មេភូមិជុំគ្រៀល ទទួលស្គាល់ថា នៅមានផ្លូវ៣ខ្សែនៅក្នុងភូមិ ដែលនៅមិនទាន់មានភ្លើងបំភ្លឺនៅឡើយ ព្រោះភូមិមិនទាន់មានថវិ​កា​។ ដូច្នេះដើម្បី​ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងស្ថានភាពបច្ចុប្បន្ននេះ  លោកមេភូមិជុំគ្រៀល ​បានចាត់ចែងឱ្យមានកម្លាំងយាមល្បាតនៅពេលយប់ជាប្រចាំ។
ពលរដ្ឋក្នុងភូមិជុំគ្រៀល ពិសេសស្រ្តី តែងតែបារម្ភពីសុវត្ថិភាពខ្លួន រាល់ពេលធ្វើដំណើរឆ្លងកាត់ផ្លូវមួយចំនួន ដែលស្ងាត់ហើយងងឹត ព្រោះពុំទាន់មានភ្លើងបំភ្លឺផ្លូវនៅឡើយ។ ទន្ទឹមនឹងនេះ ពលរដ្ឋបានស្នើឱ្យអាជ្ញាធររៀបចំដាក់បង្គោលភ្លើងបំភ្លឺផ្លូវ ដើម្បីរក្សាសុវត្ថិភាព ជៀសវាងមានបញ្ហាណាមួយកើតឡើង។


 
កញ្ញា គាត គឹមយ៉ាន ដែលជាពលរដ្ឋរស់នៅភូមិជុំគ្រៀល បានលើកឡើងដូច្នេះថា រាល់ពេលធ្វើដំណើរឆ្លងកាត់ផ្លូវងងឹត គ្មានភ្លើងបំភ្លឺនេះម្នាក់ឯង កញ្ញា ព្រួយបារម្ភខ្លាចមានក្មេងទំនើង ហើយមានបំណងអាក្រក់មកលើខ្លួន។ កន្លងមក កញ្ញា គឹមយ៉ាន ធ្លាប់ខូចម៉ូតូនៅត្រង់ផ្លូវងងឹតនោះដែរ ហើយយុវតីរូបនេះ ភិតភ័យណាស់។ ប៉ុន្តែសំណាងល្អ ដែលគ្រានោះអាជ្ញាធរ យាមល្បាតនៅទីតាំងនោះ ទើប​នាងធូរស្បើយចិត្តឡើងវិញ។ «ពេលចេញពីធ្វើការនៅពេលយប់ម៉ោង៧​​ ខ្ញុំធ្វើដំណើរតាមផ្លូវងងឹតម្នាក់ឯង។ ខ្ញុំមានអារម្មណ៍ថាគ្មានសុវត្ថិភាពសោះ។ ខ្ញុំធ្លាប់ជួបបញ្ហាខូចម៉ូតូ តាមផ្លូវហ្នឹង តែអត់មានបញ្ហាអី»។ នេះជាការបញ្ជាក់របស់កញ្ញា គាត គឹមយ៉ាន​។


 
​យុវតី ង៉ែត ស្រីកា ក៏មានក្ដីបារម្ភពីសុវត្ថិភាពខ្លួន រាល់ពេលធ្វើដំណើរឆ្លងកាត់ផ្លូវងងឹត មិនខុសពី កញ្ញា គាត គឹមយ៉ានដែរ។ យុវតីវ័យ១៧ឆ្នាំរូបនេះ លើកឡើងថា៖«ពេលចេញពីរៀនគួរម៉ោង៨យប់ ខ្ញុំតែងតែឱ្យបងប្រុសមកយក ខ្លាចមានបញ្ហាអ្វីកើតឡើង ព្រោះផ្លូវងងឹត»។ យុវតីរូបនេះ ចង់ឱ្យអាជ្ញាធរយកចិត្តទុកដាក់ លើសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសពន្លឿនការធ្វើបង្គោលភ្លើង តាមផ្លូវដើរនានា។ ដ្បិតបញ្ហា មិនទាន់កើតឡើង ប៉ុន្តែ សម្រាប់ស្រីកា ការការពារ ប្រសើរជាងព្យាបាល។ ​


 
ទាក់ទងនឹងការស្នើនេះ លោក ទូច ប៊ុនលាង មេភូមិជុំគ្រៀល ក៏យល់ពីក្តីបារម្ភនៅពេលធ្វើដំណើរពេលយប់ព្រលប់របស់ប្រជាពលរដ្ឋដែរ ពិសេសស្ត្រី។ បើតាមលោក ទូច ប៊ុនលាង បាន​លើកឡើងថា បច្ចុប្បន្នក្នុងភូមិជុំគ្រៀលទាំងមូល មានតែផ្លូវចំនួន៣ប៉ុណ្ណោះ ដែលអាជ្ញាធរមិនទាន់ដាក់បង្គោលភ្លើងបំភ្លឺ ព្រោះយល់ថា ផ្លូវទាំងនេះមិនសូវមានពលរដ្ឋធ្វើដំណើរឆ្លងកាត់ច្រើន​។ ក្រៅពីនេះ គឺសុទ្ធតែមានភ្លើងបំភ្លឺទាំងអស់ ទាំងផ្លូវធំ និងផ្លូវលំ។ 

 
មេភូមិរូបនេះ បានអះអាងថា ទោះបីអាជ្ញាធរភូមិ-ឃុំ មិនទាន់រៀបចំបង្គោលភ្លើងគ្រប់គ្រាន់ ប៉ុន្តែលោកក៏បានចាត់ចែង ឱ្យមានក្រុមត្បាតភូមិ នៅពេលយប់ផងដែរ។ លោក បញ្ជាក់ថា ក្រុមការងារភូមិ ចាប់ផ្ដើមដើរត្បាតតាមតំបន់ ដែលគ្មានភ្លើងបំភ្លឺនោះ ដើម្បីរក្សាសុវត្ថិភាពពលរដ្ឋ ពីម៉ោង៨យប់ទៅ។ លោក ទូច ប៊ុនលាង បានរៀបរាប់ដូច្នេះថា៖«កន្លងមក យើងចង់រៀបចំដាក់បង្គោលភ្លើងឱ្យគ្រប់ផ្លូវទាំងអស់ហ្នឹង ប៉ុន្តែយើងខ្វះថវិកា។ ទាំងអស់ហ្នឹង យើងត្រូវការថវិកាពីឃុំ សង្កាត់មក ហើយបើបានមកពេលណា យើងនឹងធ្វើពេលហ្នឹងហើយ»។ 
 
ដើម្បីរួមចំណែកក្នុងការការពារកន្លងមកគ្មានពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ ឬមានបញ្ហាអ្វីឡើយ​។ ទោះបីជាយ៉ាងណាក៏ដោយ លោកមេភូមិ ប៊ុនលាង ឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវដែលគ្មានភ្លើងបំភ្លឺទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន រក្សាសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។ លោក ក៏ស្នើ ឱ្យពលរដ្ឋ​ ដែលមានលទ្ធភាព​ ដាក់ភ្លើងបំភ្លឺនៅខាងមុខផ្ទះរៀងៗខ្លួន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងភូមិ៕


 
អាន​អត្ថបទ​ពាក់ព័ន្ធ​ផ្សេងទៀត​៖ យុវជន​សកម្ម សេវា​ល្អ 
 
(​អត្ថបទ​នេះ គឺជា​ស្នាដៃ​របស់​ក្រុមយុវជន នឹង​ត្រូវបាន​រៀបរៀងឡើង ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ស៊ុយ​អ៊ែត តាមរយៈ​អង្គការ​តម្លាភាព​កម្ពុជា និង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​។ រាល់​ខ្លឹមសារ​នៅក្នុង អត្ថបទ​និង​វីដេអូ នេះ​គឺជា​ការទទួលខុសត្រូវ របស់​ស្មេរ​/​ផលិតករ ហើយ​មិន​ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ របស់​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ស៊ុយ​អ៊ែត​នោះទេ​) 
 

Tag:
 យុវជនសកម្ម សេវាល្អ
© រក្សាសិទ្ធិដោយ thmeythmey.com