រថយន្ត
អន្តរជាតិ
Vingroup៖ រថយន្តអគ្គិសនីនៅទីផ្សារអាមេរិក ត្រូវមាន១ភាគរយជាផលិតផលវៀតណាម
05, Jul 2021 , 8:19 pm        
រូបភាព
David Beckham អតីតកីឡាករអន្តរជាតិអង់គ្លេស នាអំឡុងនៃការតាំងបង្ហាញរថយន្ត VinFast កាលពីឆ្នាំ២០១៨
David Beckham អតីតកីឡាករអន្តរជាតិអង់គ្លេស នាអំឡុងនៃការតាំងបង្ហាញរថយន្ត VinFast កាលពីឆ្នាំ២០១៨
ដោយ: ធីតា
ក្រុមហ៊ុនយានយន្តវៀតណាម Vingroup បានដាក់គោលដៅប្រចាំឆ្នាំរបស់ខ្លួនដោយលក់រថយន្តអគ្គិសនីទៅសហរដ្ឋអាមេរិកពី១៦ម៉ឺនទៅ១៨ម៉ឺនគ្រឿង ពោលគឺស្មើ១ភាគរយក្នុងចំណោមរថយន្តអគ្គិសនីទាំងអស់នៅ លើទីផ្សារអាមេរិក។ Nikkei Asia
 
យោងតាមការផ្សាយរបស់ Nikkei Asia ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Vingroup បានប្រកាសពីគោលដៅនេះ នាអំឡុងនៃកិច្ចប្រជុំប្រចាំឆ្នាំកាលពីខែមិថុនា កន្លងមក។ ក្រុមយក្សរបស់វៀតណាមមួយនេះ ចាប់ផ្តើមលក់រថយន្តអគ្គិសនី១៥ ០០០គ្រឿងទៅទីផ្សារអាមេរិកនៅខាងមុខ ហើយបង្កើនចំនួនឲ្យកាន់តែច្រើនបន្ថែមនារយៈពេល៥ឆ្នាំបន្ទាប់។
 
លោក Vuong ដែលជាអ្នកមានជាងគេនៅវៀតណាម មានជំនឿថា ក្រុមហ៊ុន Vingroup នឹងសម្រេចគោលដៅរបស់ខ្លួន ដោយនឹងប្រើប្រាស់ថវិកាផ្ទាល់ខ្លួនបន្ថែម២ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញដំណើរការទីផ្សារដ៏ធំមួយនេះ។


 
កាលពីខែមិថុនា ឆ្នាំ២០១៩ Vingroup បានដំណើរការរោងចក្ររបស់ខ្លួននៅក្រុងហៃហ្វុង ជាមួយនឹងទឹកប្រាក់វិនិយោគ៣,៥ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនមានសមត្ថភាពផលិតរថយន្ត VinFast ប្រមាណ២៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ហើយកាលពីឆ្នាំ២០០០ រថយន្តប្រមាណ៣ម៉ឺនគ្រឿង បានលក់ចេញក្នុងប្រទេសវៀតណាម។
 
ក្រៅពីទីផ្សារសហរដ្ឋអាមេរិក Vingroup ក៏មានគោលដៅបញ្ចេញរថយន្តអគ្គិសនីរបស់ខ្លួននៅទីផ្សាអឺរ៉ុបនៅឆ្នាំ២០២២ ផងដែរ៕


 

© រក្សាសិទ្ធិដោយ thmeythmey.com