អន្តរជាតិ
អង់គ្លេស, ចក្រភពអង់គ្លេស, សហរាជាណាចក្រ ខុសគ្នាដូចម្ដេច?
10, Jul 2021 , 10:29 pm        
រូបភាព
អង់គ្លេស ចក្រភពអង់គ្លេស និងសហរាជាណាចក្រ ជាពាក្យដែលគេនិយមប្រើ តែងាយច្រឡំផងដែរ។ ពាក្យទាំងបីនេះខុសគ្នាដូចម្ដេច?


 


បើនិយាយពីអង់គ្លេស អ្នករាល់គ្នាក៏ប្រាកដជានិយាយថា ជាប្រទេសមួយនៅតំបន់អឺរ៉ុបមិនខាន។ បើនៅលើផែនទី គេប្រាកដជាចង្អុលចំប្រជុំកោះមួយនៅមិនឆ្ងាយពីបារាំង។ ជាភូមិសាស្រ្ត កោះទាំងនោះ ត្រូវបានហៅថា ប្រជុំកោះអង់គ្លេស ដែលផ្គុំដោយប្រជុំកោះសំខាន់ពីរ គឺកោះចក្រភពអង់គ្លេស និងកោះអៀរឡង់។
 
ប្រជុំកោះនេះ មានរដ្ឋអធិបតេយ្យចំនួនពីរ គឺសហរាជាណាចក្រនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង (The United Kingdom of Great Britain and Northern Ireland) និងសាធារណរដ្ឋអៀរឡង់ (Republic of Ireland) ។ សារព័ត៌មានថ្មីៗ សុំមិនរៀបរាប់ពីសាធារណរដ្ឋអៀរឡង់ឡើយ ព្រោះប្រទេសមិនមានអ្វីត្រូវច្រឡំឡើយ។ 
 
សហរាជាណាចក្រនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ផ្គុំដោយទឹកដីពីរផ្នែក។ មួយផ្នែកធំ គឺកោះចក្រភពអង់គ្លេសដែលគ្របដណ្ដប់លើរដ្ឋចំណុះបីមានទៀត អង់គ្លេស (England), វេលស៍ និងស្កុតឡែន។ មួយផ្នែកទៀត គឺទឹកដីនៅប៉ែកខាងជើងកោះអៀរឡង់ ដែលមានឈ្មោះថា អៀរឡង់ខាងជើង។ ប៉ុន្តែទឹកដីទាំងមូល ច្រើនត្រូវបានហៅជាទូទៅដោយឈ្មោះខ្លីថា សហរាជាណាចក្រ (United Kingdom, UK) ឬ ចក្រភពអង់គ្លេស (Great Britain ឬ Britain) ។ 
 
ពេលខ្លះក្នុងការសរសេរ ឬការនិយាយជាភាសាខ្មែរ នៅពេលប្រើពាក្យ «អង់គ្លេស» តែឯង នោះម្ចាស់សំណេរ ឬអ្នកនិយាយច្រើនសំដៅលើ «ចក្រភពអង់គ្លេស» តែម្ដង មិនមែន «អង់គ្លេស» ដែលជារដ្ឋចំណុះឡើយ ពិសេសក្នុងសំណេរព័ត៌មាន ឬអត្ថបទផ្សេងៗ។ ឧទាហរណ៍ បើគេសរសេរថា ម្ចាស់ក្សតិយ៍ អេលីហ្សាប៊េតទី២ ជាមហាក្សត្រអង់គ្លេស ឬលោក បូរីស ចនសុន ជានាយករដ្ឋមន្រ្តីអង់គ្លេស នោះគេសំដៅចក្រភពអង់គ្លេសដែលមានទាំងអង់គ្លេស ទាំងស្កុតឡែន ទាំងវេលស៍ ទាំងអៀរឡង់ខាងជើង។ 
 
រឿងគួរកត់សម្គាល់នោះ ក្នុងវិស័យកីឡាវិញ បើគេប្រើពាក្យ «អង់គ្លេស» នោះគេសំដៅ «អង់គ្លេស» ផ្ទាល់ មិនមែនចក្រភពអង់គ្លេសទៀតឡើយ។ ឧទាហរណ៍ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស ឬលីគកំពូលអង់គ្លេសជាដើម។ ការហៅបែបនេះ ក៏ត្រូវអនុវត្តលើក្រុមស្កុតឡែន និងវេលស៍ផង។ ជាករណីពិសេស សម្រាប់ក្របខណ្ឌបាល់ទាត់អង់គ្លេស ក្រុមមកពីវេលស៍ក៏ចូលរួមដែរ ខណៈវេលស៍មិនមានលីគផ្ទាល់ខ្លួនឡើយ។ តែបើជាក្រុមកីឡាករតំណាងឱ្យចក្រភពអង់គ្លេស គេក៏ហៅថា ក្រុមជម្រើសចក្រភពអង់គ្លេស (Team Britain) ទៅ ដែលរឿងនេះច្រើនកើតឡើងក្នុងព្រឹត្តិការណ៍អូឡាំពិក។ 
 
តាមពិត បើគេសរសេរ ឬនិយាយក្នុងភាសាអង់គ្លេស វាមិនមែនជារឿងដែលនាំឱ្យមានការយល់ច្រឡំឡើយ ព្រោះពាក្យនីមួយៗមានន័យជាក់លាក់ទៅហើយ។ ប៉ុន្តែសម្រាប់ភាសាខ្មែរ ពាក្យជាច្រើនត្រូវបកប្រែដូច ឬស្រដៀងគ្នា ឬនិយមហៅដោយឈ្មោះខ្លី ដែលពេលខ្លះក៏ពិបាកបែងចែក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com