COVID-19
ជាតិ
បន្ទាយមានជ័យ ១០៦នាក់ កោះកុង ៩៤នាក់ ខណៈកំពង់ចាមមានអ្នកស្លាប់៥នាក់
06, Jul 2021 , 5:29 pm        
រូបភាព
រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១០៦នាក់បន្ថែម នៅថ្ងៃទី៥ កក្កដា ខណៈអ្នកសះស្បើយមាន ២២នាក់។ ខេត្តកោះកុង អ្នកសះស្បើយមានដល់១៣២នាក់ និងករណីឆ្លងថ្មីមាន ៩៤នាក់បន្ថែមវិញដែរ។ ចំណែកឯខេត្តកំពង់ចាម ករណីថ្មីមាន ៤៤នាក់ ឯអ្នកស្លាប់មានដល់ទៅ ៥នាក់ឯណោះ។
 
បន្ទាយមានជ័យ៖ករណីថ្មី ១០៦នាក់ និងសះស្បើយ២២នាក់
 
ករណីវិជ្ជមានកូវីដ-១៩ មានចំនួន១០៦នាក់ទៀត ខណៈអ្នកជាសះស្បើយមាន២២នាក់បន្ថែម។ ក្នុងចំណោមករណីឆ្លងថ្មី មានកម្មកររោងចក្រ , អ្នកនៅផ្ទះ, អ្នកលក់ដូរ, នគរបាល និងអ្នកកាត់ដេរ។ អ្នកឆ្លងភាគច្រើន រស់នៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ។ ក្រៅពីនេះ មាននៅស្រុកម៉ាឡៃ មង្គលបូរី និងស្រុកអូរជ្រៅ។ 
 
កោះកុង៖ ឆ្លងថ្មីចំនួន៩៤នាក់  និង១៣២នាក់បានជាសះស្បើយ
 
អ្នកជំងឺចំនួន ១៣២នាក់ បានជាសះស្បើយ ខណៈករណីឆ្លងថ្មីំានចំនួន ៩៤នាក់បន្ថែមទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មីភាគច្រើន គឺជាស្ត្រី ព្រមទាំងមានទារក និងកុមារជាង ២០នាក់ផងដែរ។ អ្នកវិជ្ជមានទាំងនេះ មាន៤២នាក់ ជាពលរដ្ឋរស់នៅស្រុកស្រែអំបិល, ៣៤នាក់ រស់នៅក្រុងខេមរភូមិន្ទ, ៩នាក់នៅស្រុកគិរីសាគរ, ៥នាក់នៅស្រុកមណ្ឌលសីមា និង៤នាក់ទៀតជាអ្នកស្រុកបូទុមសាគរ។  

កំពង់ចាម៖ រកឃើញករណីថ្មី ៤២នាក់ទៀត ស្លាប់៥នាក់ និង៤នាក់ជាសះស្បើយ
 
មនុស្ស ៤២នាក់ តេស្តវិជ្ជមានកូវីដ-១៩ ខណៈមានអ្នកស្លាប់៥នាក់បន្ថែមទៀត។ អ្នកសះស្បើយ មានចំនួន ៤នាក់ដែរ។ ក្នុងចំណោមអ្នកទើបនឹងឆ្លងនោះ មានពលរដ្ឋរស់នៅក្រុងកំពង់ចាម ស្រុកកំពង់សៀម ជើងព្រៃ ស្រីសន្ធរ បាធាយ កងមាស ព្រៃឈរ និងស្រុកចំការលើ។ អ្នកជំងឺ១នាក់ទៀត មកពីខេត្តត្បូងឃ្មុំ។
 
ចំពោះអ្នកស្លាប់ទាំង៥នាក់ មាន៤នាក់ជាស្ត្រី និង១នាក់ជាបុរស។ អ្នកស្លាប់ទី១ ជាស្ត្រីមានអាយុ ៤៤ឆ្នាំ រស់នៅភូមិបឹងជ្រោយ ឃុំសូទិប ស្រុកជើងព្រៃ។ អ្នកស្លាប់ម្នាក់ទៀតក៏រស់នៅភូមិបឹងជ្រោយ ឃុំសូទិប ស្រុកជើងព្រៃដែរ និងជាបុរសវ័យ ៧០ឆ្នាំ។ ករណីទី៣ ជាស្ត្រីវ័យ ៦៩ឆ្នាំ រស់នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម។ ករណីទី៤ ជាស្ត្រីវ័យ ៧១ឆ្នាំ រស់នៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ និងករណីទី៥ គឺមានវ័យ ៥៥ឆ្នាំ រស់នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ។ 
 
បច្ចុប្បន្ន ខេត្តកំពង់ចាម មានអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ សរុប១ ៦០៨នាក់ ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៩៥៦នាក់។ 
 
សៀមរាប៖ ឆ្លងថ្មី១៤៤នាក់ ស្លាប់១នាក់ ជាសះស្បើយ២៥នាក់
 
​មនុស្ស ១៤៤នាក់ទៀត ​វិជ្ជមាន​កូវីដ-១៩ ក្នុងនោះជាង៤០នាក់នាំចូលពីប្រទេសថៃ។ អ្នកជំងឺ​២៥នាក់បន្ថែម បានជាសះស្បើយ ខណៈអ្នក​ស្លាប់មានម្នាក់ទៀត ដែលធ្វើ​ឱ្យអ្នកស្លាប់នៅសៀមរាប កើនដល់១៨នាក់។ អ្នកវិជ្ជមានភាគច្រើនរស់នៅក្រុងសៀមរាប , ស្រុកប្រាសាទបាគង ជីក្រែង បន្ទាយស្រី ក្រឡាញ់ ពួក អង្គរជុំ អង្គរធំ ស្រីស្នំ និងស្រុកវ៉ារិន។ អ្នកជំងឺមួយចំនួនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង និងព្រះវិហារ។ ចំពោះករណីស្លាប់ គឺជាស្ត្រីវ័យ ៦៩ឆ្នាំ រស់នៅភូមិរវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប​។ 
 
គិតត្រឹមថ្ងៃទី៥ កក្កដា ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមាន​កូវីដ-១៩ ចំនួន ១ ៦៥៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៦០៥នាក់ ១៨នាក់ស្លាប់ និង១០៣១នាក់ កំពុងសម្រាកព្យាបាល​។
 
ឧត្តរមានជ័យ៖ រកឃើញ ៨៥នាក់ទៀត ក្នុងនោះ៧៥នាក់នាំចូលពីថៃ
 
ក្នុងចំណោមករណីឆ្លងថ្មីចំនួន ៨៥នោះ មាន ៧៥នាក់ គឺជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់​។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ១៥នាក់ បានជាសះស្បើយផងដែរ។ អ្នកវិជ្ជមានទាំងនោះ ជាអ្នកខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង តាកែវ កំពង់ធំ សៀមរាប ត្បូងឃ្មុំ ព្រៃវែង កំពង់ឆ្នាំង កំពត ក្រចេះ និងរាជធានីភ្នំពេញ។បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ រកឃើញអ្នកកើតកូវីដ-១៩ ចំនួន១,០០៨នាក់ ក្នុងនោះ ៨៩៥នាក់ ជាករណីនាំចូល។ អ្នកជា​សះស្បើយមានចំនួន១៧៧នាក់, ៣នាក់ស្លាប់ និង៨២៨នាក់ កំពុងសម្រាកព្យាបាល។
 
បាត់ដំបង៖ មាន៥០នាក់បន្ថែម ស្លាប់២នាក់ និងជាសះស្បើយ ១៨នាក់
 
មនុស្សចំនួន ៥០នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ និង១៨នាក់បន្ថែមបានជាសះស្បើយ។ អ្នកស្លាប់ មាន២នាក់ទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មី ភាគច្រើនជាអ្នករស់នៅក្រុងបាត់ដំបង បន្ទាប់មកនៅស្រុកមោងឫស្សី បាណន់ ថ្មគោល​ សង្កែ ឯកភ្នំ សំពៅលូន រុក្ខគិរី និងស្រុកភ្នំព្រឹក។ អ្នកជំងឺម្នាក់គឺជាអ្នកបើកបររថយន្ត និងមានអាសយដ្ឋាននៅខេត្តព្រៃវែង។ ​
 
ចំពោះករណីស្លាប់ គឺជាស្ត្រីវ័យ ៧១ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល។ ចំណែកម្នាក់ទៀតជាបុរសវ័យ៥៥ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។  
 
បច្ចុប្បន្ន ខេត្តបាត់ដំបង មានអ្នកឆ្លងកូវីដ-១៩ សរុប ១ ២២៦នាក់ ក្នុងនោះ៦៣០នាក់ បានជាសះស្បើយ ៩នាក់ស្លាប់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៥៨៧នាក់។ 
 
 
ព្រៃវែង៖ ករណីថ្មី ២៨នាក់ និងស្លាប់២នាក់ 
 
ក្នុងចំណោមករណីថ្មីទាំង ២៨នាក់ នោះមាន ១១នាក់ ជាពលរដ្ឋរស់នៅស្រុកពារាំង។ បណ្តាស្រុកចំនួន៩ទៀត ក៏មានករណីឆ្លងថ្មីដែរ មានស្រុកព្រះស្តេច, ពាមជរ, មេសាង, កញ្ច្រៀច, ស្រុកពាម, បាភ្នំ, ស៊ីធរកណ្តាល, កំពង់ត្របែក, កំចាយមារ និងអ្នកមកពីខេត្តកណ្តាល ចំនួន ១នាក់។ ចំណែកអ្នកស្លាប់ទាំង ២នាក់ ជាស្ត្រីចំណាស់ ដែលម្នាក់មានវ័យ ៧៣ឆ្នាំ រស់នៅភូមិព្រៃមាស ឃុំអង្គរាជ្រ ស្រុកព្រះស្តេច។ ម្នាក់ទៀតវ័យ ៧២ឆ្នាំ រស់នៅភូមិអង្គរអង្គ ឃុំអង្គរអង្គ ស្រុកពាមជរ។ ត្រឹមថ្ងៃទី៥ ខែកក្កដា ខេត្តព្រៃវែង​រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១ ៧៩៤នាក់ ក្នុងនោះ១ ២១១នាក់ បានជាសះស្បើយ ២៨នាក់ស្លាប់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៥៥៥នាក់។
 
 ករណីទូទាំងប្រទេស៖ ករណីថ្មី ៩៣៥នាក់ ជាសះស្បើយ ៦៥៤នាក់ និងស្លាប់៣១នាក់
 
ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែកក្កដានេះ បានប្រកាសថាបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩៣៥នាក់ទៀត ក្នុងនោះមាន ១៥៥នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយ មាន ៦៥៤ នាក់បន្ថែម និងអ្នកស្លាប់មាន ៣១នាក់។ មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥៦ ១២២នាក់ ក្នុងនោះ ៣ ៤៩៥នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន  ៤៨ ០៤០នាក់ និងស្លាប់សរុប ៧៧៩នាក់៕
 
 
 
 

Tag:
 សៀមរាប
  បាត់ដំបង
 ឧត្តរមានជ័យ
 ព្រៃវែង
  បន្ទាយមានជ័យ
 កោះកុង
 កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com