COVID-19
ជាតិ
ប្រធានពន្ធនាគារ មន្រ្តីនិងទណ្ឌិត១៩នាក់ នៅខេត្តសៀមរាប ឆ្លងកូវីដ១៩
07, Jul 2021 , 11:12 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុកពន្ធនាគារខេត្តសៀមរាប
រូបភាព៖ ហ្វេសប៊ុកពន្ធនាគារខេត្តសៀមរាប
សៀមរាប៖ យ៉ាងហោចណាស់ មន្រ្តី និងទណ្ឌិតសរុប ១៩នាក់ ត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ ក្នុងពន្ធនាគារខេត្តសៀមរាប។ ក្នុងចំណោមនោះ ក៏មានប្រធានពន្ធនាគារផងដែរ។
 
លោក ភាន ឆវ័ន្ត ប្រធានពន្ធនាគារខេត្តសៀមរាប បានឱ្យដឹងថា លោកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប្រមាណ៤ ទៅ៥ថ្ងៃមកហើយ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទ ប្រធានពន្ធនាគាររូបនេះពន្យល់ថា លោកមិនដឹងខ្លួនឯងថាឆ្លងជំងឺនេះពីអ្នកណា ឬនៅកន្លែងណានោះទេ គ្រាន់តែមានអាការៈក្ដៅខ្លួនខ្លាំង ក៏ប្រញាប់រកគ្រូពេទ្យជួយតេស្តឱ្យភ្លាមៗតែម្ដង។
 
អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ មានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា មន្រ្តីពន្ធនាគារ ចំនួន៤នាក់ រកឃើញវិជ្ជាមានជំងឺកូវីដ១៩ បូករួមនិងទណ្ឌិត១៥នាក់ទៀត សរុប១៩នាក់។ លោកពន្យល់ថា៖« ករណីដំបូងគឺកើតលើប្រធានពន្ធនាគារ និងអាចឆ្លងបន្តទៅមន្រ្តីអនុរក្ស៣នាក់ទៀត។ ករណីនេះ អាចថាចម្លងបន្ត ឬអាចដំណាលគ្នា យើងមិនដឹងច្បាស់ទេ»។
 
ដោយសារជាករណីផ្ទុះក្នុងពន្ធនាគារ អភិបាលរងខេត្តបានបញ្ជាក់ថា ក្រុមការងារបានចាត់វិធានការភ្លាមៗ ដោយពង្រឹង និងបំបែកអ្នកឆ្លងឱ្យទៅព្យាបាលជំងឺ រីឯអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលផ្សេងទៀត ត្រូវបានបំបែកឱ្យនៅដាច់ៗពីគ្នា។ « ព្រោះពន្ធនាគារខុសពីផ្ទះ យើងធ្វើវិធានការឱ្យពិសេសជាងអ្នកនៅផ្ទះ។ យើងព្យាបាលអ្នកឆ្លងដោយយកចិត្តទុកដាក់ ស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានដល់ការបញ្ចប់ករណីរាលដាលបន្ត»។ នេះជាការអះអាងរបស់ លោក លី សំរិទ្ធ ដោយបានបញ្ជាក់ថា ករណីនេះហាក់មានការពិបាកក្នុងការគ្រប់គ្រង និងទប់ស្កាត់បន្ដិច និងអាចប្រើពេលយូរផងដែរ៕

Tag:
 ពន្ធនាគារខេត្តសៀមរាប
  លី សំរិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com