COVID-19
ជាតិ
បន្ទាយមានជ័យ និងកោះកុង មានជាង១០០នាក់ ខណៈព្រៃវែង និងកំពង់ចាម មានករណីស្លាប់
07, Jul 2021 , 5:21 pm        
រូបភាព
ខេត្តបន្ទាយមានជ័យ និងកោះកុង បន្តរកឃើញករណីវិជ្ជមានជាង១០០នាក់រៀងខ្លួន កាលពីថ្ងៃទី ៦ ខែកក្កដានេះ ខណៈព្រៃវែង និងកំពង់ចាម មានជាង ៥០នាក់បន្ថែម និងមានករណីស្លាប់ម្នាក់ បន្ថែមរៀងខ្លួនផងដែរ។ ខេត្តត្បូងឃ្មុំ បន្តរកឃើញ ៣២នាក់ ខណៈរតនគិរីមាន ១៨នាក់ ហើយខេត្តស្ទឹងត្រែង ប៉ៃលិន និងព្រះវិហារ មានជាង១០ករណីរៀងខ្លួនដែរ។
 
បន្ទាយមានជ័យ៖ ១០៧នាក់បន្ថែម ភាគច្រើនជាកម្មកររោងចក្រ និងអ្នកនៅផ្ទះ
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១០៧នាក់នោះ ភាគច្រើនជាកម្មកររោងចក្រ និងអ្នកនៅផ្ទះ។ ក្រៅពីនេះជាសិស្ស , ពលករ និងអាជីវករ។ អ្នកវិជ្ជមានភាគច្រើនរស់នៅក្រុងប៉ោយប៉ែត បន្ទាប់មកមានស្រុកមង្គលបូរី។ ក្រៅពីមានស្រុកម៉ាឡៃ ស្វាយចេក អូរជ្រៅ ថ្មពួក និងក្រុងសិរីសោភ័ណ។ 
 
កោះកុង៖ មាន១០២នាក់បន្ថែម ជា៤៣នាក់ និងស្លាប់១នាក់
 
អ្នកជំងឺថ្មីមាន ១០២នាក់ បន្ថែមទៀត ខណៈអ្នកសះស្បើយមាន ៤៣នាក់ និង១នាក់បន្ថែមបានស្លាប់។ អ្នកវិជ្ជមានថ្មី មាន ៥៤នាក់ជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ, ២៥នាក់នៅស្រុកស្រែអំបិល, ១៤នាក់នៅស្រុកមណ្ឌលសីមា, ៥នាក់នៅស្រុកបូទុមសាគរ និង៤នាក់នៅស្រុកគិរីសាគរ។ ចំណែកអ្នកស្លាប់ គឺជាស្ត្រីវ័យ ៦០ឆ្នាំ រស់នៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ អ្នកជំងឺស្លាប់មុននឹងតេស្តឃើញវិជ្ជមានកូវីដ-១៩។

ព្រៃវែង៖ រកឃើញ ៥៩នាក់ និងស្លាប់១នាក់ទៀត
 
មនុស្ស៥៩នាក់បន្ថែមទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ដោយមានពលរដ្ឋដែលរស់នៅក្រុងព្រៃវែង ស្រុកពាមរក៍ ស្វាយអន្ទរ បាភ្នំ ព្រះសេ្ដច កញ្ច្រៀច មេសាង ពារាំង  ស្រុកពាមជរ កំពង់ត្របែក និងស៊ីធរកណ្តាល។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺម្នាក់ បានស្លាប់ដែរ ដែលជាស្ត្រីវ័យ ៤៥ឆ្នាំ រស់នៅភូមិក្រាំងក្រូច ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។ បច្ចុប្បន្នខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១ ៨៥៣នាក់ ក្នុងនោះ១ ២៤៨នាក់បានជាសះស្បើយ ២៩នាក់ស្លាប់ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលមានចំនួន ៥៧៦នាក់។
 
កំពង់ចាម៖ ឆ្លងថ្មី ៥២នាក់ ជា៩៩នាក់ និងស្លាប់១នាក់
 
អ្នកជំងឺ ៩៩នាក់ បានជាសះស្បើយ ១នាក់ស្លាប់ ខណៈអ្នកវិជ្ជមានថ្មី មាន ៥២នាក់ទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥២នាក់នោះមាន ពលរដ្ឋរស់នៅក្រុងកំពង់ចាម ស្រុកបាធាយ ចំការលើ ព្រៃឈរ ស្ទឹងត្រង់ កងមាស ជើងព្រៃ ស្រីសន្ធរ និងស្រុកកំពង់សៀម។ អ្នកជំងឺ៣នាក់ ជាអ្នកភ្នំពេញ។ ដោយឡែកអ្នកជំងឺដែលស្លាប់ គឺជាស្ត្រី វ័យ៦៤ឆ្នាំ រស់នៅភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស។ បច្ចុប្បន្ន នៅខេត្តកំពង់ចាម មានអ្នកជំងឺចំនួន ១ ៧០៧នាក់ហើយបានជាសះស្បើយ។ 

ត្បូងឃ្មុំ៖ ឆ្លងថ្មី៣២នាក់ សះស្បើយ ៥១នាក់
 
អ្នកជំងឺចំនួន ៥១នាក់ បានជាសះស្បើយ ខនៈករណីឆ្លងថ្មីមាន ៣២នាក់បន្ថែម។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំងនោះ មានពលរដ្ឋរស់នៅក្រុងសួង ស្រុកត្បូងឃ្មុំ ពញាក្រែក ក្រូចឆ្មារ មេមត់ អូររាំងឪ និងស្រុកតំបែរ។ 
 
រតនគិរី៖ រកឃើញអ្នកឆ្លងថ្មី ១៨នាក់បន្ថែម
 
ខេត្តរតគិរីរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៨នាក់បន្ថែម ដោយក្នុងនោះមាន១៤នាក់ជាពលរដ្ឋនៅសង្កាត់កាចាញ សង្កាត់ឡាបានសៀក និងសង្កាត់បឹងកន្សែង ក្រុងបានលុង។ ២នាក់ទៀត ជាពលរដ្ឋនៅឃុំជ័យឧត្តម ស្រុកលំផាត់ ខណៈម្នាក់ទៀតនៅឃុំចាអ៊ុង ស្រុកអូរជុំ។ អ្នកជំងឺម្នាក់ទៀត ជាអ្នកស្រុកស្នួល ខេត្តក្រចេះ។ បច្ចុប្បន្នខេត្តរតនគិរីមានអ្នកឆ្លងកូវីដ-១៩ សរុប ៥៨២នាក់ ក្នុងនោះ១០២នាក់បានជាសះស្បើយ ៤នាក់ស្លាប់។
 
ស្ទឹងត្រែង៖ រកឃើញ១៣នាក់ទៀត 
 
ក្នុងចំណោមអ្នកវិជ្ជមានទាំង ១៣នាក់នោះ មាន៦នាក់ជាអ្នករស់នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណៈ ៧នាក់ទៀត ជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តកណ្តាល។ បច្ចុប្បន្នខេត្តស្ទឹត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៦៤នាក់ ដោយមាន២៣នាក់ បានជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៣១៤នាក់។
 
ព្រះវិហារ៖ មាន១២នាក់បន្ថែមទៀត 
 
ក្នុងចំណោមករណីថ្មីទាំង ១២នាក់នោះ មាន៩នាក់ជាពលរដ្ឋរស់នៅស្រុកជាំក្សាន្ត , ២នាក់នៅស្រុកគូលែន និងម្នាក់ទៀត ជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី៦ កក្កដា ខេត្តព្រះវិហារ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៨៨នាក់ ក្នុងនោះ៥៥នាក់ បានជាសះស្បើយ និង១៣៣នាក់ទៀតកំពុងសម្រាកព្យាបាល។
 
ប៉ៃលិន៖ មាន ១០នាក់ ក្នុងនោះពាក់កណ្តាលនាំចូលពីថៃ 
 
ក្នុងចំណោមករណីឆ្លងថ្មីទាំង ១០នាក់ មាន ៥នាក់ ជាករណីនាំចូលពីប្រទេសថៃ ហើយពលករខ្មែរទាំង ៥នាក់នេះជាអ្នកខេត្តបាត់ដំបង។ ចំណែក៥នាក់ទៀត ជាពលរដ្ឋដែលបម្រុងធ្វើដំណើរចូលខេត្តប៉ៃលិន ក្នុងនោះមានអ្នករាជធានីភ្នំពេញ ព្រៃវែង បន្ទាយមានជ័យ និងអ្នកខេត្តប៉ៃលិនផ្ទាល់។
 
សៀមរាប៖ ១៦០នាក់ ជាសះស្បើយ៩នាក់ និងស្លាប់១នាក់ 
 
អ្នកវិជ្ជមានកូវីដ-១៩ មានចំនួន​១៦០នាក់បន្ថែមទៀត ដោយ១៧នាក់នាំចូលពីថៃ ខណៈអ្នកសះស្បើយមាន ៩នាក់ និងស្លាប់១នាក់ទៀត ។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ មាននៅក្រុងសៀមរាប នៅស្រុកជីក្រែង សូទ្រនិគម ប្រាសាទបាគង ពួក វ៉ារិន ស្រីស្នំ ក្រឡាញ់ និងស្រុកបន្ទាយស្រី។
 
ករណីស្លាប់ គឺជាស្ត្រីវ័យ ៥១ឆ្នាំ រស់នៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។ គិតត្រឹមថ្ងៃទី ៦ កក្កដា ខេត្តសៀមរាបរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១ ៩១៤នាក់ ក្នុងនោះ៦១៤នាក់ជាសះស្បើយ ១៩នាក់ បានស្លាប់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១ ១៨១នាក់។ 
 
ឧត្តរមានជ័យ៖ មាន៨៧នាក់ទៀត ភាគច្រើននាំចូលពីថៃ
 
មនុសុ្ស ៨៧នាក់ទៀតវិជ្ជមានកូវីដ-១៩  ក្នុងនោះ៧៨នាក់ ជាករណីនាំចូលពីប្រទេសថៃ។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ  ចំនួន២៤នាក់ជាសះស្បើយ។ ក្នុងចំណោមអ្នកវិជ្ជមាន​ មានអ្នកខេត្តឧត្តរមានជ័យ ,បន្ទាយមានជ័យ, សៀមរាប, បាត់ដំបង,ត្បូងឃ្មុំ, ពោធិ៍សាត់,តាកែវ, កំពង់ចាម, ព្រៃវែង ,កំពង់ស្ពឺ និងខេត្តព្រះវិហារ។ ត្រឹមថ្ងៃទី​៦ ខែកក្កដា ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១,០៩៥នាក់ ក្នុងនោះ​ ៩៧៣នាក់ ជាករណីនាំចូល។ អ្នកជំងឺ  ចំនួន ២០១នាក់ បាន​សះស្បើយ, ៣នាក់ស្លាប់ និង៨៩១នាក់ ​កំពុងសម្រាកព្យាបាល។
 
បាត់ដំបង៖ មាន៦០នាក់បន្ថែម ក្នុងនោះ៧នាក់នាំចូលពីថៃ
 
មនុស្ស ៦០នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ក្នុងនោះ ៧នាក់ ជាករណីនាំចូលពីប្រទេសថៃ។ អ្នកជំងឺ ៥នាក់ ក៏បានជាសះស្បើយដែរ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានក្រុងបាត់ដំបង , ស្រុករតនមណ្ឌល មោងឫស្សី សង្កែ សំឡូត ថ្មគោល បាណន់ រុក្ខគិរី កំរៀង និងស្រុកភ្នំព្រឹក។ បច្ចុប្បន្ន ខេត្តបាត់ដំបង មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១ ២៨៦នាក់ ក្នុងនោះ៦៣៥នាក់ជាសះស្បើយ ៩នាក់ស្លាប់ និង៦៤២នាក់ទៀតកំពុងសម្រាកព្យាបាល។ 
 
កំពង់ធំ៖ ៤៥នាក់បន្ថែម និងសះស្បើយ ៤២នាក់ 
ក្នុងចំណោមករណីថ្មីនោះ មាន៦នាក់ជាករណីនាំចូលពីថៃ។ អ្នកវិជ្ជមានទាំងនោះ មានអ្នករស់នៅក្រុងស្ទឹងសែន, ស្រុកស្ទោង សន្ទុក កំពង់ស្វាយ បារាយណ៍ និងស្រុកតាំងគោក។  បច្ចុប្បន្ន ខេត្តកំពង់ធំ មានអ្នកឆ្លងសរុប ១ ០៨៨នាក់ ក្នុងនោះ៥៤៤នាក់ បានជាសះស្បើយ​១៣នាក់ស្លាប់ និង៥១៣១នាក់ កំពុងសម្រាកព្យាបាល។ 
 
 
 
 

Tag:
 សៀមរាប
  កំពង់ធំ
  បាត់ដំបង
  ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com