កីឡាជាតិ
ជាតិ
វិសាខានិងបឹងកេត មិនបានលេង AFC Cup ក្រោយការប្រកួតតំបន់អាស៊ានត្រូវរំសាយព្រោះកូវីដ-១៩
07, Jul 2021 , 3:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃទី៧ ខែកក្កដា បានសម្រេចលុបចោលការប្រកួតទាំងអស់នៅតំបន់អាស៊ាន សម្រាប់ពានរង្វាន់ AFC Cup 2021 ដែលរួមមានពូលចំនួន៣ ត្រូវប្រកួតជម្រុះគ្នា។ ការសម្រេចនេះពីព្រោះ AFC ព្រួយបារម្ភពីការរីករាលដាលជំងឺកូវីដ-១៩កាន់តែខ្លាំងឡើង។ ក្រុមពីកម្ពុជា វិសាខា និងបឹងកេតសុទ្ធតែត្រូវអស់ការប្រកួត។


តាមរយៈការផ្សាយរបស់ AFC នៅលើវេបសាយផ្លូវការបស់ខ្លួន ក្រុមចំនួន១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលស្ថិតក្នុងពូល G, H និង I ដែលរួមមានក្រុម Bali United, បឹងកេត, Hanoi, Kedah Sailors, Persipura, Sai Gon, Geylang Inter, Lalenok United, Terengganu និង វិសាខា ត្រូវរំសាយការប្រកួតទាំងអស់។
 
​ពានរង្វាន់ AFC Cup 2021 មាន​​១០ពូលពី A ដល់ J​ មក​ពី​៥តំបន់​ផ្សេង​គ្នាចូលរួម ក្នុងនោះមានតំបន់​អាស៊ីខាងកើត អាស៊ីខាងជើង អាស៊ីកណ្ដាល អាស៊ីខាងកើត និង​អាស៊ីអាគ្នេយ៍។ ដោយមើលឃើញថា តំបន់​អាស៊ីអាគ្នេយ៍ មិនអាចគ្រប់គ្រងជំងឺកូវីដ-១៩ និងពិបាករកទីតាំងប្រកួតសមស្របបាន AFC ក៏សម្រេចរំសាយការប្រកួតនៅតំបន់នេះតែម្តង ដោយទុកតែក្រុមក្នុង​តំបន់៤​ផ្សេង​ទៀត ​បន្ត​យុទ្ធនាការ​​ធម្មតា។
 
មកទល់ពេលនេះ មានតែក្រុមតំបន់​អាស៊ី​កណ្ដាល​​ប៉ុណ្ណោះ ដែលមិន​ទាន់បាន​​បញ្ចប់​វគ្គ​ជម្រុះ​ក្នុង​ពូល រី​ឯ​តំបន់​៣ផ្សេង​ទៀត​ប្រកួត​រួចរាល់អស់​ហើយ។
 
វិសាខា ម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ដែលគ្រោងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍តំបន់លើកដំបូងបំផុត ត្រូវខកខានវិញដោយសារតែបញ្ហាកូវីដ-១៩។ រីឯបឹងកេត ម្ចាស់ជើងឯកក្របខណ្ឌកំពូល ក៏អស់ការប្រកួតដូចគ្នា៕
 

Tag:
 AFC Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com