COVID-19
កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន៖ វៀតណាមសម្រេចពន្យារពេលរៀបចំស៊ីហ្គេម ដោយសារកូវីដ-១៩
08, Jul 2021 , 3:16 pm        
រូបភាព
ទីបំផុត វៀតណាម និង​បណ្តា​ប្រទេសអាស៊ីអាគ្នេយ៍ បាន​ឯកភាពគ្នា​ពន្យារពេល​រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដោយសារ​តែ​ការវាយលុកកូវីដ-១៩ នៅក្នុងតំបន់។ លោក វ៉ាត់ ចំរើន បានអះអាងយ៉ាងដូច្នេះ ប្រាប់សារព័ត៌មាន​ថ្មីៗ ក្រោយបញ្ចប់​កិច្ចប្រជុំអនឡាញ​ជាមួយគណៈអចិន្ត្រៃយ៍​ក្រុម​ប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាថ្ងៃនេះ។


អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) បាន​បញ្ជាក់ថា កម្មវិធីដែលត្រៀមរៀបចំពីថ្ងៃទី​២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវលើកទៅធ្វើនាអំឡុង​ចុងខែមេសា និង​ដើម​ខែ​ឧសភា ឆ្នាំ​២០២២ វិញ។

លើកលែង​តែហ្វីលីពីន ដែលចំពេលបោះឆ្នោត​ថ្នាក់ជាតិ ខណៈ១០ប្រទេសទៀត (ម្ចាស់ផ្ទះវៀតណាម កម្ពុជា ឡាវ ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ព្រុយណេ មីយ៉ាន់ម៉ា និងទីម័រខាងកើត) បាន​ឯកភាពគ្នា​យក​ចុងខែមេសា និង​ដើម​ខែឧសភា សម្រាប់កាលបរិច្ចេទថ្មី ប៉ុន្តែ​ម្ចាស់ផ្ចះវៀតណាម ត្រូវ​រង់ចាំ​សម្រេច​ពីសំណាក់​រដ្ឋាភិបាល​របស់ខ្លួន​ជាមុន​សិន​លើការកំណត់ថ្ងៃជាក់លាក់។

«ការលើកពេលនេះ មិនប៉ះពាល់ដល់​ដំណើររៀបចំ​របស់កម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅ​ឆ្នាំ​២០២៣នោះឡើយ»។ នេះជាការបញ្ជាក់របស់​លោក វ៉ាត់ ចំរើន ដោយអះអាងថា សមាជិកទាំងអស់សុទ្ធតែសាទរចំពោះដំណើរ​ត្រៀមខ្លួន​របស់​កម្ពុជា ហើយពួកគេ​នឹងបន្តជួយគាំទ្រ៕

© រក្សាសិទ្ធិដោយ thmeythmey.com