ជាតិ
ខេត្តសៀមរាបនឹងចាប់ផ្តើមចាក់វ៉ាក់សាំងជូនពលរដ្ឋ ក្នុងក្រុងជាង២១ម៉ឺននាក់
09, Jul 2021 , 8:59 am        
រូបភាព
ការចាក់វ៉ាក់សាំងជូនពលរដ្ឋខេត្តសៀមរាបនាពេលកន្លងមក។ រូបភាព៖ ហ្វេសប៊ុកផេក អភិបាលខេត្ត លោក ទៀ សីហា
ការចាក់វ៉ាក់សាំងជូនពលរដ្ឋខេត្តសៀមរាបនាពេលកន្លងមក។ រូបភាព៖ ហ្វេសប៊ុកផេក អភិបាលខេត្ត លោក ទៀ សីហា
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី៨ កក្កដា បញ្ជាក់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងទីក្រុង ចាប់ពីថ្ងៃទី១០ កក្កដា តទៅ។ ប្រជាជនប្រមាណជាង ២១ម៉ឺននាក់ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងក្នុងផែនការលើកនេះ។
 
តាមរដ្ឋបាលបាលខេត្ត យុទ្ធនាការនេះនឹងធ្វើរយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី២៣ កក្កដា នៅតាមទីតាំងសរុបចំនួន ៣៨។ អាជ្ញាធរនឹងរៀបចំឱ្យចាក់វ៉ាក់សាំងនេះ តាមសាលាក្នុងសង្កាត់ទាំង១២ នៃក្រុងសៀមរាប។ ការចាក់វ៉ាក់សាំងនេះ ចាប់ផ្តើមពេលព្រឹក ពីម៉ោង៨ រហូតដល់ម៉ោង ១១កន្លះ និងពេលរសៀល ពីម៉ោង២ ដល់ម៉ោង៥។ ប្រជាពលរដ្ឋទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លងមួយចំនួន រួមមាន អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សំបុត្រកំណើត ឬលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។
 
អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ មានប្រសាសន៍ថា ក្នុងក្រុងសៀមរាប ប្រជាពលរដ្ឋដែលមានអាយុលើសពី១៨ឆ្នាំ និងអាចចាក់វ៉ាក់សាំងបាន សរុបប្រមាណជាង ២១ម៉ឺននាក់។ លោកអភិបាលរង សុំឱ្យប្រជាពលរដ្ឋ រួសរាន់ទៅចុះឈ្មោះនៅតាមសង្កាត់ដែលខ្លួនរស់នៅ ដើម្បីបានចាក់វ៉ាក់សាំងនេះ និងត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ ផង អំឡុងពេលចាក់វ៉ាក់សាំង។
 
អភិបាលខេត្តសៀមរាប លោក ទៀ សីហា ក៏បានសាទរចំពោះផែនការចាក់វ៉ាក់សាំងនៅពេលនេះផងដែរ។ លោកបានសរសេរក្នុងទំព័រផេកហ្វេកស៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖« ខ្ញុំបាទសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ពីកិច្ចការងារនេះ ដោយយើងនឹងទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ រហូតដល់ ការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា តាមផែន ដោយជំហានទី១ ប្រជាជនក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី១០ កក្កដា...ជំហានមទី២ គឺស្រុកទាំង១១ នឹងបញ្ជាក់ពេលវេលា នៅពេលដែលយើងនឹងទទួលវ៉ាក់សាំងមកដល់ខេត្តយើងបន្ទាប់ទៀត»។
 
សូមបញ្ជាក់ថា រយពេលចុងក្រោយនេះ ពិសេសពីដើមខែ កក្កដា មក ខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ពិសេសក្នុងក្រុងតែម្ដង។ ត្រឹមថ្ងៃទី៧ កក្កដា ខេត្តនេះមានអ្នកវិជ្ជមានកូវីដ១៩ សរុប ១៩៧១នាក់ បានព្យាបាលជាសះស្បើយចំនួន៦៨៦នាក់ ស្លាប់១៩នាក់ និង១២៦៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕
 
 
 

Tag:
 វ៉ាក់សាំងកូវីដ១៩
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com