COVID-19
ជាតិ
ផ្សារបន្តបិទ អាជីវករផ្សារលើធំថ្មីនាំគ្នាលក់លើផ្លូវសាធារណៈ និងត្អូញពីបញ្ហាជីវភាព
10, Jul 2021 , 7:59 am        
រូបភាព
សៀមរាប៖ ជាង២សប្ដាហ៍មកហើយ ដែលអាជ្ញាធរបានបិទខ្ទប់ផ្សារលើធំថ្មី ជាផ្សារធំជាងគេនៅកណ្ដាលក្រុងសៀមរាប ក្រោយមានការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងផ្សារនេះ។ អំឡុងពេលការបិទនេះ ក្រុមអាជីវករបាននាំគ្នា ខ្លះលក់លើចិញ្ចើមផ្លូវមុខផ្សារ (ផ្លូវជាតិលេខ៦) ខ្លះលក់នៅផ្លូវ៦០ម៉ែត្រ និងផ្លូវនៅក្បែរៗនោះ។ សកម្មភាពនេះ ត្រូវបានអាជ្ញាធរបានរំខានជានិច្ច ដោយប៉ះពាល់សណ្ដាប់ធ្នាប់សាធារណ និងបារម្ភថានឹងអាចមានហានិភ័យបន្ថែម។
 
អាជីវករលក់បន្លែ អ្នកស្រី សុខចាន់មនាថ លើកឡើងថា អាជ្ញាធរក្រុងបានឱ្យអ្នកស្រី និងអ្នកឯទៀត ដែលលក់លើផ្លូវ៦០ម៉ែត្រ មកលក់នៅលើផ្លូវបេតុងថ្មី មុខសណ្ឋាគារ សុខា សៀមរាប។ អ្នកស្រីថា ការលក់ដូររៀងពិបាក និងពុំមានកន្លែងត្រឹមត្រូវ ពិសេសមិនមានការរៀបចំគម្លាតបានត្រឹមនោះទេ។ និយាយដោយក្ដីបារម្ភ អ្នកស្រីបន្តថា ដើម្បីជីវភាពគ្រួសារ ខ្លួនបង្ខំចិត្តមកលក់ទោះប្រឈមនឹងហានិភ័យការឆ្លងយ៉ាងណាក្ដី។ អ្នកស្រីរៀបរាប់ទៀតថា៖« ដើម្បីក្រពះ ចិញ្ចឹមកូន ខ្ញុំមេម៉ាយ បើអត់មក បានអីឱ្យកូនស៊ី ណាមួយត្រូវបង់ធនាគារ»។
 
អាជីវករមួយរូបទៀតដែលសុំមិនបញ្ចេញឈ្មោះ កំពុងបារម្ភពីការលក់មិនដាច់ នៅពេលផ្លាស់មកលក់កន្លែងឆ្ងាយពីប្រជុំជន។ អ្នកលក់នំបញ្ចុក និងគុយទាវឆា រូបនេះបានត្អូញថា រយៈកាលនៃការបិទផ្សារកន្លងមកនេះ ធ្វើឱ្យគ្រួសារដែលរស់នៅផ្ទះជួលក្រោយផ្សារលើនេះ ជួបការលំបាកជាខ្លាំង ពិសេសអ្នកស្រីបារម្ភគ្មានប្រាក់បង់ធនាគារ ដែលត្រូវបង់១៥០ដុល្លារប្រចាំខែ។ អ្នកស្រីរៀបរាប់យ៉ាងដូច្នេះថា៖« បារម្ភខ្លាំងដែរ តែសំខាន់ជីវភាពខ្វះខាត ហានិភ័យកើតឡើងពេលមកលក់ តែត្រូវតែមក»។


 
មកដល់ថ្ងៃទី៩ កក្កដា អាជ្ញាធរក្រុងមិនទាន់សម្របសម្រួលការលក់ដូរនៅកន្លែងថ្មីដល់អាជីវករបានរលូននៅឡើយទេ។ ខ្លះទៀតបន្តលក់លើចិញ្ចឹមផ្លូវធំ ដែលបង្កការកកស្ទះជារឿយៗដែរ។ 
បញ្ហានេះ អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា ពន្យល់ថា កន្លងមកអាជ្ញាធរពុំមានគោលការណ៍អនុញ្ញាតឱ្យអាជីវករផ្សារលើធំថ្មី លក់ដូរយ៉ាងដូច្នេះទេ។ លោកពន្យល់ថា៖‍« អាជ្ញាធរយល់ពីបញ្ហានេះ បិទវាប៉ះពាល់ជីវភាពគាត់ ហើយដោយសារកន្លងមកយើងហាមផ្សារទៀតមិនឱ្យគាត់ទៅលក់ទេ...ព្រោះយើងចង់បិទខ្ទប់ ឱ្យកាត់ផ្តាច់ ព្រោះក្នុងក្រុងកំពុងប្រឈម»។
 
យ៉ាងណា ចំពោះការមកលក់នៅលើទីតាំងថ្មីនេះ លោក នួន ពុទ្ធារ៉ា បញ្ជាក់ថា លោកបានឱ្យក្រុមការងាររៀបចំ ដោយមានចងខ្សែ ការរក្សាគម្លាតសុវត្ថិភាពពីកន្លែងលក់មួយទៅមួយ និងដាក់កម្លាំងពិនិត្យពីដើម ដល់ចុងផ្លូវ។
សូមបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរ បានសម្រេចបិទខ្ទប់ផ្សារចំនួន៣ ក្នុងក្រុងសៀមរាប រួមមាន ផ្សារលើធំថ្មី ផ្សារជ្រាវ និងផ្សារពោធិ៍បន្ទាយជ័យ។ គិតត្រឹមថ្ងៃទី៨ កក្កដា ខេត្តសៀមរាប មានអ្នកជំងឺកូវីដ១៩ សរុប ២,០៤៤នាក់ ស្លាប់២១នាក់ ជាសះស្បើយចំនួន៧០៦នាក់ និង១៣១៦នាក់ កំពុងសម្រាកព្យាបាល៕


 
 
 
 

Tag:
 ផ្សារលើធំថ្មី
  កូវីដ១៩
© រក្សាសិទ្ធិដោយ thmeythmey.com