ជាតិ
ក្រុងអង្គរធំ បុរាណស្ថានប្រជុំទៅដោយប្រាសាទធំៗ និងចម្លាក់ដ៏ល្អវិចិត្រ
10, Jul 2021 , 9:59 am        
រូបភាព
អង្គរធំ, ក្រុងអង្គរធំ, ប្រាសាទបាយ័ន, បាភួន, ប្រាសាទភិមានអាកាស
អង្គរធំ, ក្រុងអង្គរធំ, ប្រាសាទបាយ័ន, បាភួន, ប្រាសាទភិមានអាកាស
ដោយ៖ ឡុង តូន 
 
សៀមរាប៖ តាំងពីផ្លូវចូលប៉ែកខាងត្បូង ព្រមទាំងក្រុមប្រាសាទជាច្រើនក្នុងតំបន់អង្គរធំ សម្រាប់អ្នកដែលមកទស្សនាកម្សាន្ត លំហែ សិក្សាស្វែងយល់ និងប្រតិបត្តិនូវជំនឿសាសនាផ្សេងៗ អង្គរធំអាចចាត់ទុកជាទីតាំងអាទិភាពមួយផងដែរ។ ក្រៅពីប្រាសាទបាយ័ន បាភួន ដែលជាបុរាណស្ថានធំៗនិងពោរពេញដោយចម្លាក់ព្រមទាំងមានទិដ្ឋភាពដ៏ទាក់ទាញ ក៏មានប្រាសាទជាច្រើនទៀតដូចជាបាលិលេយ្យ ក្រុមប្រាសាទព្រះពិធូរ ប្រាសាទឃ្លាំង និងប្រាសាទតុបជាដើម ដែលជាកន្លែងសម្រាប់ទេសចរដែលត្រូវការភាពស្ងប់ស្ងាត់។
 
តាមដងផ្លូវឆ្ពោះទៅផ្ចិតនៃអតីតក្រុងនេះ មានដើមឈើធំៗដុះអមលម្អយ៉ាងត្រកាល។ បច្ចុប្បន្ន លើផ្ទៃដី៩គីឡូម៉ែត្រការ៉េ។ ទោះមើលយើងឃើញតែព្រៃដែលដុះយ៉ាងក្រាស់ឃ្មឹកក៏ដោយក្ដី តែបើយើងស្រមៃដល់អតីតកាល ពិតជាអាចភ្ញោចអារម្មណ៍ឲ្យនឹកដល់ភាពរុងរឿងនិងសកម្មភាពមនុស្សកំពុងរស់នៅយ៉ាងកុះករ។
 
ចំណែកអ្នកដែលចូលចិត្តកីឡា ការហាត់ប្រាណដោយដើរ និងជិះកង់ អាចប្រព្រឹត្តទៅនៅតាមកំពែងជុំវិញបាន។ ដោយសារមានការជួសជុលបានយ៉ាងល្អ ខ្លោងទ្វារខាងត្បូងក៏ជាទីតាំងសំខាន់ជាងគេ ក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ សម្រាប់ទេសចរដែលចូលចិត្តផ្ដិតយកភាពនៃចម្លាក់ដែលលម្អតាមផ្លូវចូល។ពេលបានមកដល់ផ្លូវចូល ខាងត្បូងនៃកំពែងក្រុងអង្គរធំ គេឃើញមានចម្លាក់ធំៗហាក់ដូចជាកំពុងឈរអមជារបងកិត្តិយស និងមានខ្លោងទ្វារដែលលម្អដោយចម្លាក់បែរមុខទៅរកទិសទាំងបួន។ ចម្លាក់ដែលអមតាមផ្លូវចូលនេះ ពាក្យហៅយ៉ាងសាមញ្ញរបស់ទេសចរមួយចំនួនថា «យក្សទាញព្រ័ត្រ» ដែលជារូបចម្លាក់ទាក់ទងនឹងទេវកថា «កូរសមុទ្រទឹកដោះ»។ ចម្លាក់នៅខាងស្ដាំដៃ ជារូបពពួកអសុរៈ និងខាងឆ្វេងដៃ ជាពពួកទេព។ រូបចម្លាក់ទាំងនេះស្ថិតក្នុងស្ថានភាពកំពុងឈរជ្រែងទប់កាន់នាគធ្វើជាខ្សែពេលកំពុងកូរសមុទ្រទឹកដោះដើម្បីយកទឹកអម្រិត។


 
ឯកសាររបស់អ្នកស្រាវជ្រាវដែលបោះពុម្ពផ្សាយកន្លងមក បានឲ្យដឹងថា ចម្លាក់មុខបួនដែលលម្អខ្លោងទ្វារចូលនេះ ជារូបព្រះពោធិសត្វអវលោកិតេស្វរៈនៃលទ្ធិពុទ្ធសាសនាមហាយាន។ បើឆ្លៀតពេលបន្តិចដើម្បីបន្តដំណើរដោយថ្មើរជើងឡើងគយគន់ទេសភាពពីលើកំពែង គឺអាចប្រទះនូវទេសភាពនៃលម្ហទឹកនៅក្នុងកសិណដែលអមដោយដើមឈើច្រូងច្រាង។ កំពែងប្រវែង៣គីឡូម៉ែត្របួនជ្រុងនេះ ជាកំពែងដែលសង់អំពីថ្មបាយក្រៀម កម្ពស់ប្រមាណ៧.៥ម៉ែត្រ និងមានដីទប់ពីផ្នែកខាងក្នុងជាជើងទេរយ៉ាងរឹងមាំ។ កំពែងថ្មដ៏ធំនេះ នៅតែបន្តព័ទ្ធអតីតទីក្រុងបុរាណនេះតាំងពីចុងសតវត្សរ៍ទី១២រហូតបច្ចុប្បន្ន។ ជាទូទៅ ទេសចរតែងហៅអតីតក្រុងបុរាណនេះថា «ក្រុងអង្គរធំ» ។ នៅតាមអនុទិសនៃកំពែងនេះក៏មានប្រាសាទតូចៗដែលគេហៅថាប្រាសាទជ្រុង។
 
ឯកសាររបស់អ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាជាច្រើនបានឲ្យដឹងដែរថា ប្រាសាទបាយ័នជាប្រាសាទរាជដ៏ស្កឹមស្កៃក្នុងចំណោមប្រាសាទជាច្រើនដែលកសាងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ រវាងឆ្នាំ១១៨១ដល់១២២០នៃគ្រិស្តសករាជ។ ប្រាង្គនីមួយៗនៃប្រាសាទបាយ័នលម្អដោយចម្លាក់លោកេស្វរបែរគ្រប់ទិសទាំងបួន។ ចំណែកតាមថែវខាងក្រៅ និងខាងក្នុង មានចម្លាក់ក្រឡោតទាបដែលរៀបរាប់អំពីសង្គ្រាមនិងជីវភាពប្រចាំថ្ងៃនៃសង្គមសម័យនោះ ព្រមទាំងទេវកថាផ្សេងៗផងដែរ។
  


ចេញផុតពីប្រាសាទបាយ័នឆ្ពោះទៅទិសពាយព្យបន្តិច ក៏មានវត្តមានប្រាសាទបាភួនដែលជាសំណង់សាសនាមួយនាសតវត្សរ៍ទី១១។ យោងតាមឯកសារ ប្រាសាទនេះកសាងនៅក្នុងរាជរបស់ព្រះបាទ ឧទយទិត្យវម៌្មទេវ(ទី២)។ ស្ថាបត្យកម្មសំណង់នេះក៏មានលក្ខណៈពិសេស ដោយសារមានស្ពានដែលប្រើប្រាស់ជាផ្លូវចូលមកកាន់ប្រាសាទ។ ទេសចរជាច្រើនតែងមានចម្ងល់ថា តើសំណង់នេះ ដើមឡើយ សង់កណ្ដាលលំហទឹក ឬយ៉ាងណា? ។
 
បើប្រៀបធៀបជាមួយកម្រិតជណ្ដើរ និងថ្មដែលតម្រៀបដើម្បីលម្អស្រះទឹកខាងមុខប្រាសាទ គឺមិនមែនជាតំបន់ដែលលិចទឹកឡើយ។ នៅប្រាសាទនេះ ចម្លាក់ដែលរៀបរាប់អំពីទេវកថានានា សុទ្ធសឹងតែឆ្លាក់នៅក្នុងស៊ុមរាងបួនជ្រុងស្មើ ឬបួនជ្រុងទ្រវែងទៅតាមខ្សែរឿង។ ចំណែករូបព្រះពុទ្ធចូលនិព្វាននៅផ្នែកខាងលិច ត្រូវបានកសាងបន្ថែមនាសតវត្សរ៍ទី១៦។ ចាប់ពីឆ្នាំ១៩៤៣ ប្រាសាទនេះត្រូវបានចាប់ផ្ដើមជួសជុលជាបន្តបន្ទាប់។ ថ្ងៃទី៣ខែកក្កដា ឆ្នាំ២០១១ ជាកាលបរិច្ឆេទនៃការបិទការដ្ឋានចុងក្រោយនិងដាក់សម្ពោធជាផ្លូវការដើម្បីបើកឲ្យចូលទស្សនាឡើងវិញ។



បរិវេណដែលមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ មិនឆ្ងាយប៉ុន្មានពីខាងជើងនៃប្រាសាទបាភួន ជាអតីតព្រះបរមរាជវាំង។ ក្នុងបរិវេណនេះ ក្រៅពីគ្រឹះនៃសំណង់ផ្សេងៗ ប្រាសាទភិមានអាកាសនៅតែបង្ហាញខ្លួនជាទីគយគន់។ ចំណែក «ស្រះស្រី» ជាស្រះទឹកមួយដែលធំជាងគេក្នុងចំណោមស្រះដែលនៅក្នុងបរិវេណរាជវាំងនេះ និងមានចម្លាក់ស្អេកស្កះ ។ ពេលចាកចេញពីបរិវេណព្រះរាជវាំងដោយឆ្លងកាត់ខ្លោងទ្វារខាងកើត គេនឹងអាចមកដល់អតីតព្រះពន្លាជ័យ ដែលសព្វថ្ងៃគេហៅថា «លានជល់ដំរី»។
 
តាមរយៈអក្សរថ្ម(សិលាចារឹក K.292) ដែលចារនៅមេទ្វារ និងស៊ុមបង្អួចនៃខ្លោងទ្វារនេះ អ្នកជំនាញផ្នែកសិលាចារឹកបានឲ្យដឹងថា សំណេរទាំងនេះជាខ្លឹមសារនៃសម្បថរបស់កងទ័ពនាដើមសតវត្សរ៍ទី១១ ក្នុងរាជព្រះបាទសូរ្យវម៌្មទេវទី១។ ចំពីមុខអតីតព្រះពន្លាជ័យ ក៏មានផ្លូវមួយឆ្ពោះទៅខ្លោងទ្វារជ័យនៃកំពែងក្រុង។ ចំណែកទីធ្លានៅខាងមុខ ពីអតីតកាល ជាទីតាំងប្រជុំទ័ព មហាជន និងសម្រាប់រាជពិធីធំៗផ្សេងៗ៕




កូរសមុទ្រទឹកដោះក្រុមប្រាសាទព្រះពិធូរ
 

 ព្រះសិវនាដរាជក្រុមប្រាសាទព្រះពិធូរ
 
 

© រក្សាសិទ្ធិដោយ thmeythmey.com