ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា៖ ខ្ញុំ និងលោក កែម ឡី មានស្រុកកំណើតជាមួយគ្នា និងអាចដូចគ្នាច្រើនទៀត
10, Jul 2021 , 10:29 am        
រូបភាព
នៅចំខួប៥ឆ្នាំនៃមរណភាពរបស់លោក កែម ឡី អតីតប្រធានបក្សប្រឆាំង លោក កឹម សុខា បានផ្ញើសារមួយជូនអ្នកស្រី ប៊ូ រចនា ដើម្បីបន្តបង្ហាញពីការសោកស្តាយចំពោះអំពើឃាតកម្មដ៏សាហាវនេះ។ លោក កឹម សុខា បានរំលឹកប្រាប់ភរិយារបស់អ្នកវិភាគឯករាជ្យថា ពួកលោកមិនត្រឹមតែមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ដូចគ្នានោះទេ ប៉ុន្តែអាចមានចំណុចជាច្រើនផ្សេងទៀតដូចគ្នា។
 
«ខ្ញុំ និងលោកបណ្ឌិតកែម ឡី មិនមែនត្រឹមតែមានស្រុកកំណើតជាមួយគ្នា (ស្រុកត្រាំកក់ ខេត្តតាកែវ) ជាកូនចៅអ្នកជនបទដែលបានតស៊ូរៀនសូត្រ បានរស់នៅ បានស្គាល់ពីសង្គមពិត និង ជីវិតអ្នកក្រីក្រ អ្នករងគ្រោះដូចគ្នានោះទេ យើងអាចមានចក្ខុវិស័យ គោលបំណង និង គោលការណ៍ដូចគ្នាច្រើនទៀត»។ នេះជាការលើកឡើងរបស់លោក កឹម សុខា។
 
អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានគូសបញ្ជាក់ប្រាប់អ្នកស្រី ប៊ូ រចនា ថា ទោះបីជាលោក កែម ឡី ទទួលមរណភាពអស់រយៈពេល៥ឆ្នាំកន្លងផុតទៅក៏ដោយ ប៉ុន្តែលោកជឿថា ក្រុមគ្រួសារនៅតែនឹកអាឡោះអាល័យគ្មានថ្ងៃស្រាកស្រាន្ត។ «ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការសោកស្តាយក្រៃលែង និង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី និង កូនៗព្រមទាំងក្រុមគ្រួសាររបស់លោកបណ្ឌិតកែម ឡីទាំងអស់ជាអនេកកប្បការជានិច្ច»។
 


ទីតាំងឃាតកម្ម ត្រូវបានបិទ
នៅថ្ងៃនេះផងដែរ ទីតាំង Star Mart នៅកាល់តិចបូកគោ ដែលជាកន្លែងបាញ់ប្រហារលើលោក កែម ឡី បានបិទទ្វារ ហើយមានការពង្រាយកម្លាំងប៉ូលិសនៅជុំវិញ ប៉ុន្តែស្ថានីយ៍ប្រេងឥន្ធនៈដំណើរការធម្មតា។ «អ្នកណាឲ្យមកថត មកធ្វើអ្វី? គេអត់ឲ្យថតទេ»។ មន្ត្រីប៉ូលិសម្នាក់ បាននិយាយយ៉ាងដូច្នេះ បន្ទាប់ពីបានឃើញអ្នកសារព័ត៌មានថ្មីៗ លើកកាមេរ៉ា ផ្តិតយកទិដ្ឋភាពនៅទីតាំងកាល់តិចបូកគោ។
 
«ហេតុអ្វីបានជាខ្ញុំថតមិនបាន?»។ មន្ត្រីប៉ូលិសមិនបានផ្តល់ព័ត៌មានជាក់លាក់ឡើយ ប៉ុន្តែបានហាមអ្នកសារព័ត៌មានកុំឲ្យចូលទៅជិតហាង Star Mart របស់កាល់តិច ព្រោះទីនោះ ធ្លាប់មានអ្នកឆ្លងកូវីដ-១៩។ 
 
យោងតាមគណៈកម្មការស្រាវជ្រាវអ្នកជំងឺកូវីដ-១៩ ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចនោះ ពិតជាធ្លាប់មានបុគ្គលិកគិតលុយម្នាក់ កើតកូវីដ-១៩ផងដែរ ហើយបានអំពាវនាវឲ្យអ្នកដែលធ្លាប់ទៅកាន់ទីនោះ ពីថ្ងៃទី៥ ទៅ១០មិថុនា ឲ្យតាមដានសុខភាពខ្លួនឯង។
 
សូមរម្លឹកថា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី ដែលជាសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងជាអ្នកអត្ថាធិប្បាយដ៏ល្បីល្បាញពីរឿងនយោបាយ ត្រូវបានឃាតក បាញ់សម្លាប់ ក្នុងស្តារម៉ាត់នៃស្ថានីយ៍ប្រេងឥទ្ទនៈកាល់តិចស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈលោក កំពុងអង្គុយពិសាអ្វីនៅក្នុងស្តារម៉ាត់នោះ។ បុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានចាប់ខ្លួន និងត្រូវចោទថា ជាឃាតក ដែលបាញ់សម្លាប់លោកបណ្ឌិត។ 


 
ជួប សម្លាប់ បានសារភាពថា រូបគេ ពិតជាបានបាញ់សម្លាប់លោកបណ្ឌិតមែន ហើយលើកមូលហេតុថា ព្រោះខឹងនឹងលោកបណ្ឌិត ដែលជំពាក់លុយ៣ពាន់ដុល្លារ ហើយមិនសងវិញ។ រូបគេ ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត។ 
 
យ៉ាងណា មជ្ឈដ្ឋានមួយចំនួន ជាពិសេសអ្នកស្រី ប៊ូ រចនា ជាភរិយារបស់លោកបណ្ឌិត មិនជឿថា ជួប សម្លាប់ ជាឃាតកនោះទេ។ ពួកគេ រឹតតែមិនជឿថា លោកបណ្ឌិត ជំពាក់លុយជួប សម្លាប់។ មជ្ឈដ្ឋានទាំងនោះ រួមទាំងអ្នកស្រី ប៊ូ រចនា នៅតែចង់ឲ្យអាជ្ញាធរ ស្វែងរកឃាតកពិត ដែលបាញ់សម្លាប់លោកបណ្ឌិត យកទៅផ្តន្ទាទោស។ បច្ចុប្បន្ន អ្នកស្រី ប៊ូ រចនា និង កូនប្រុសទាំង៥នាក់ កំពុងរស់នៅប្រទេសអូស្ត្រាលី។
 
កាលពីថ្ងៃទី៩ ខែកក្កដា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៤៥ បន្តអំពាវនាវឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការពិសេសមួយដើម្បីស៊ើបអង្កេតឲ្យម៉ត់ចត់ និងមានប្រសិទ្ធភាព៕
 

Tag:
 កឹម សុខា
  កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com