ជាតិ
ផ្សារចុងសប្ដាហ៍នៅសៀមរាប លក់ដាច់ជាងពេលមុន ក្រោយផ្សារធំ ក្នុងក្រុងបិទដោយសារកូវីដ-១៩
10, Jul 2021 , 7:59 pm        
រូបភាព
រូបថត៖ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប
រូបថត៖ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប
សៀមរាប៖ ផ្សារចុងសប្ដាហ៍ (សៅរ៍-អាទិត្យ) ដែលរៀបចំលក់តាមស្ដង់នៅបរិវេណសួនព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប ហាក់មានសន្ទុះលក់ដាច់ជាងពេលមុនៗ ខណៈដែលផ្សារធំនៅកណ្ដាលក្រុង បានបិទបណ្ដោះអាសន្ន ក្រោយផ្ទុះករណីឆ្លងជំងឺកូវីដ១៩។
 
ផ្សារលើធំថ្មី ដែលស្ថិតនៅសង្កាត់ស្លក្រាម ជាប់ផ្លូវជាតិលេខ៦ ត្រូវបានអាជ្ញាធរសម្រេចបិទបណ្ដោះអាសន្ន កាលពីចុងខែ មិថុនា កន្លងទៅ ក្រោយអាជីវករជាបន្តបន្ទាប់ រកឃើញវិជ្ជមានជំងឺកូវីដ១៩។ ក្រោយបិទផ្សារ ដែលធំជាងគេនៅកណ្ដាលក្រុងសៀមរាបនេះ ធ្វើឱ្យការលក់នៅផ្សារចុងសប្ដាហ៍ ក្លាយជាទីតាំងថ្មីសម្រាប់ប្រជាពលរដ្ឋ ខណៈទីតាំងលក់មានភាពទូលាយ មិនមានហានិភ័យខ្ពស់។
 
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប លោក ភឿន គឹមលី បានប្រាប់សារព័ត៌មានថ្មីៗថា នារយៈពេលចុងក្រោយនេះ ពិសេសក្រោយបិទផ្សារលើធំថ្មី ផ្សារចុងសប្ដាហ៍ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរផ្ទាល់ កាន់តែលក់ដាច់ជាងពេលមុន។ លោកបន្ត៖« ដោយសារអ្នកខ្លះ គាត់អត់ហ៊ានទៅផ្សារ (មនុស្សកកកុញ) គាត់ទៅទិញនៅហ្នឹងទៅ»។


  រូបថត៖ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប

កសិករនៅសង្កាត់ក្របីរៀល និងលក់នៅផ្សារចុងសប្ដាហ៍ លោកស្រី ណន ង៉ា បានឱ្យដឹងថា ការលក់ដូរអំឡុងពេលផ្ទុះជំងឺកូវីដ១៩ គឺនៅធម្មតា ហើយដាច់ជាងពេលមុន ដូចហេតុផលដែលប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានលើកឡើង។ លោកស្រីបន្ថែមថា តម្លៃបន្លែសម្រាប់ផលិតផលដាំដុះដោយសុវត្ថិភាពលក់នៅផ្សារ គឺហាក់មានតម្លៃល្អជាងពេលមុន ដូចជាសាឡាត់ខ្មែរតម្លៃ១ម៉ឺនរៀល តាសក់៤ពាន់រៀលជាដើម។ យ៉ាងណា កសិកររូបនេះអះអាងថា ដំណាំនៅរដូវនេះ ពិសេសពពួកសាឡាត់ និងបន្លែស្លឹក យ៉ាប់ដាំបន្ដិច ដោយសារអាកាសធាតុក្ដៅខ្លាំង និងមានភ្លៀងធ្លាក់ផង ធ្វើឱ្យដំណំាងាយខូច។
 
លោកស្រី ណន ង៉ា បានបង្ហាញអារម្មណ៍រីករាយ នៅពេលទីផ្សារដើរល្អ ហើយប្រជាពលរដ្ឋកាន់តែច្រើនឡើង ងាកមកគាំទ្របន្លែសុវត្ថិភាពនេះ ទោះតម្លៃខុសគ្នាបន្ដិចពីបន្លែនៅតាមទីផ្សារធម្មតា ឬបន្លែនាំចូលក្ដី។ លោកស្រីបន្ថែមទៀតថា ក្នុងនាមអ្នកដាំផ្ទាល់ និងជាអ្នកប្រមូលទិញខ្លះ លោកស្រីច្បាស់លាស់ក្នុងការយកបន្លែដែលសុវត្ថិភាព មកលក់នៅផ្សារចុងសប្ដាហ៍នេះ ដោយមានបន្លំអ្នកទិញឡើយ។
 
ក្រៅពីដាក់លក់រៀងរាល់ពេលព្រឹករហូតដល់ម៉ោង១១ ឬ១២ នៅថ្ងៃសៅរ៍អាទិត្យ មន្ទីរពាណិជ្ជកម្ម ក៏កំពុងព្យាយាមភ្ជាប់ការលក់នេះទៅរាជធានីភ្នំពេញផងដែរ។ យ៉ាងណា មានផលលំបាកខ្លះដែលមិនអាចធ្វើទៅរួចក្នុងកាលៈទេសៈនេះ ទី១ ដោយសារប្រជាជនមិនសូវហ៊ានចេញក្រៅ និងទី២កត្តាសេដ្ឋកិច្ច ប៉ះពាល់ជីវភាពប្រជាជន ដ្បិតថាពពួកបន្លែសុវត្ថិភាពមានតម្លៃបន្ដិច ធៀបនឹងបន្លែធម្មតា។


 រូបថត៖ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប
 
តាមការបញ្ជាក់ពីលោក ភឿន គឹមលី មន្ទីរក៏ធ្លាប់សាកល្បងដាក់លក់តាមប្រព័ន្ធអនឡាយផងដែរ តែសន្ទុះនៃការបញ្ជាទិញ ហាក់មិនមានច្រើនទេ ដោយសារពលរដ្ឋភាគច្រើន ចូលចិត្តទិញផ្ទាល់ៗ ហើយកត្តាមួយទៀត គឺការប្រមូលទិញ និងដឹកជញ្ជូនដល់អតិថិជន។ លោកបន្ថែម៖« យើងធ្លាប់ជជែកគ្នា២ដងដែរ តើយើងធ្វើម៉េចដើម្បីវាអាចលក់បានក្រៅពីសៅរ៍អាទិត្យក្នុងអនឡាញ តែដំណោះស្រាយមិនទាន់អាចស្រាយនៅឡើយ»។
 
សូមរំលឹកថា ផ្សារចុងសប្ដាហ៍បង្កើតឡើងដែលស្ថិតនៅក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេម (AIMS) នៅចុងឆ្នាំ២០១៨ ដែលពេលនោះមានចំនួន ៤ទៅ៥ស្ដង់ប៉ុណ្ណោះ។ បច្ចុប្បន្នផ្សារនេះ មានចំនួន២០ ស្ដង់ ដែលសុទ្ធសឹងជាប្រជាពលរដ្ឋទទួលបានការគាំទ្រពីមន្ទីរកសិកម្ម និងគម្រោងអង្គការដៃគូផ្សេងៗ និងមានការដាំដុះតាមបច្ចេកទេសត្រឹមត្រូវ និងសុវត្ថិភាព៕
 
 
 
 
 

Tag:
 ផ្សារចុងសប្ដាហ៍សៀមរាប
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com